Back

ⓘ ជ័យវរ្ម័នទី៧




ជ័យវរ្ម័នទី៧
                                     

ⓘ ជ័យវរ្ម័នទី៧

ជ័យវរ្ម័នទី៧ រជ្ជកាលគ្រងរាជ ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស ចាម ដែលមកពីភាគកើតកម្ពុជា គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង​មិនមានកំណត់ត្រា ។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៣ត្រង់ ប្រាសាទបាយ័ន ហើយព្រះអង្គក៏បាននាំយក ពុទ្ធសាសនា មហាយាន មកគោរពបូជាផងដែរ ។

                                     

1. ការរំដោះប្រទេសពីពួកចាម្ប៉ា

ក្នុងឆ្នាំ ១១៧៧ នៃគ.ស កងទ័ពចម្ប៉ាបានលើកទ័ពយ៉ាងធំ តាមផ្លូវទឹកនៃទន្លេមេគង្គក្រោម ដោយបរសំពៅចម្បាំងមកាត់តាមផ្លូវទឹក ទៅបឹងទន្លេសាប រួចវាយចូលដុតបំផ្លាញក្រុងអង្គរ ដើម្បីកាន់កាប់ក្រុងអង្គរ នៅទីបំផុតកងទ័ពចម្ប៉ាក៏ទទួលបានជ័យជំនះ និងបានសម្លាប់ស្ដេច "ត្រីភូវនាទិត្យវរ្ម័ន" និងបានប្រមូលយកមាសប្រាក់ជាច្រើនក្នុងក្រុងអង្គរ រួចដឹកជញ្ជូនទៅកាន់ ប្រទេសចាម្ប៉ា ហើយការគ្រប់គ្រងរបស់ពួកចាម មកលើក្រុងអង្គរមានរយៈពេលពេញ ៤ឆ្នាំ ។ នៅក្នុងអំឡុងពេលនោះមាន រាជវង្សខ្មែរមួយអង្គព្រះនាម "ជ័យវរធន់" ដែលគង់នៅ រាជធានី ខេត្តតាកែវ ដែលព្រះអង្គបានកសាង បាសាទតាព្រហ្ម ឬ ហៅថា ប្រាសាទព្រហ្មមនៈ ក្នុងតំបន់ទន្លេបាទី សព្វថ្ងៃនេះ ។ ក្នុងឆ្នាំ ១១៨១ នៃគ.ស "ជ័យវរធន់" បានបើកការប្រយុទ្ធនៅស្រមោលភូមិអង្គរយ៉ាងខ្លាំងក្លានៃចម្បាំងលើបឹងទន្លេសាប នៅទីបំផុតទ្រង់ក៏យកជ័យជំនះពីពួកចាម្ប៉ាបាន និងបានប្រកាសគ្រងរាជក្នុងឆ្នាំ ១១៨២ នៃគ.ស ដែលមានព្រះនាមក្នុងរាជ្យថា "ជ័យវរ្ម័ន អវតារ លោកកេរ្ត៍ស្វារៈ" ។

                                     

2. ការកសាងក្រុងអង្គរធំ

ទីក្រុងអង្គរធំនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ ដែលរាជធានីនេះគ្របដណ្តប់លើផ្ទៃដីដែលមានទំហំ ៩ គម² មានបូជនីយដ្ឋាន ប្រាសាទបុរាណជាច្រើនបន្សល់ទុកនៅទីនេះ ដូចជា៖ ប្រាសាទបាយ័ន ជាប្រាសាទ ឧទ្ទិសរួមបញ្ចូលគ្នា នៃព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា មហាយ៉ានៈ ដែលមានគូបរៈចំនួន ៥៤ ដោយស្មើ និង ព្រះភ័ក្ត្រព្រះបាទ ជ័យវរ្ម័នទី៧ ចំនួន ២១៦ តំំណាងឲ្យ អវតារ លោកកេរ្ត៍ស្វារៈ ។

អង្គរធំ មានក្លោងទ្វារចូលចំនួន៥ទិស ទិសនិមួយៗ៖ ទ្វារខ្មោច នៅទិសខាងកើត ទ្វារដីឆ្នាំង នៅទិសខាងជើង ទ្វារតាកៅ នៅទិសខាងលិច ទ្វារទន្លេអ៊ុំ នៅទិសខាងត្បូង និងទ្វារជ័យ នៅទិសខាងកើតចំពីមុខព្រះបរមរាជវាំងក្នុងខេត្តសៀមរាប គូបរៈនៃទ្វារនិមួយៗមានព្រហ្មមុខបួន តំណាងឲ្យភ្នំមន្ទ្រៈ នៃខ្សែររឿងកូរសមុទ្រទឹកដោះ ។ ទ្វារនៅទិសខាងត្បូងក្រុងអង្គរធំស្ថិតនៅចំងាយ ៧,២គីឡូម៉ែត្រពីខាងជើងក្រុងសៀមរាប និង ១,៧គីឡូម៉ែត្រពីខាងជើងច្រកចូលប្រាសាទអង្គរវត្ត។ កំពែងព័ទ្ធជុំវិញនីមួយៗមានប្រវែង៣គីឡូម៉ែត្របួនជ្រុង និងមានកំពស់៨ម៉ែត្រព័ទ្ធជុំវិញដោយគូទឹក ហ៊ុំព័ទ្ធលើផ្ទៃដី ៩ គម²។ ដើម្បីការពារក្រុងពីការវាយប្រហារពីគូសត្រូវ ជ័យវរ្ម័នទី៧ បាន​កសាង​កំផែង​ថ្ម​ព័ទ្ធ​ជុំវិញ​ក្រុង​ដែល​មាន​ប្រវែង​១២​គីឡូម៉ែត្រ ។ ក្នុង​វិស័យ​សំណង់ នៃសត្ថបត្យកម្ម របស់ព្រះអង្គត្រូវបានគេស្គាល់ថាជារចនាបទ បាយ័ន ដែលរាជវាំងទាំងមូល និងទីស្នាក់នៅសាងសង់ដោយសំណង់ឈើ ដែលប្រើប្រាសកម្លាំងពលកម្មប្រមាណជា ២មុឺននាក់ ជាមួយនិង ប្រព័ន្ធធារាសាស្ត្រឆ្លងកាត់នៃការរំដោះទឹក ដែលមានបួនទិសដែលចាក់បង្ហូរ ទៅកាន់គូទឹកដែលព័ទ្ធជុំវិញ ។ ព្រអង្គក៏បានកសាងដំណាក់ឃ្លាំងចំនួន២ គឺខាងត្បូង និង ខាងជើង ដែលដំណាក់ឃ្លាំងខាងត្បូងដាក់នៅជង្រុកស្រូវ ដែលប៉ានស្មានប្រមាណជា ១១.១៩២ តោន និង ដំណាក់ឃ្លាំងខាងជើងដាក់នៅក្រណាត់សូត្រសម្លៀកបំពាក់ ប្រមាណជា ៥១២កី ជាមួយនិងឆ័ត្រក្លោះ ៥២៣ ។ នៅតាមប្រាសាទ នីមួយ​ៗមានរន្ធសម្រាប់ដាក់លម្អនូវគ្រឿងត្បូងចំរុះដែលត្រូវបានគេប៉ាន់ស្មានសរុបប្រម៉ាណជា ​៤៨០០០​គ្រាប់ ។ ក្រៅពីនេះ ព្រះអង្គបានក៏សាងរាជដំណាក់ស្រីរបាំប្រចាំក្រុងអង្គរធំផងដែរ ត្រង់ប្រាសាទ សួរព្រ័ត្យ ត្រូវបានគេប៉ានស្មានថាមានអ្នករបាំប្រហែលជា ១៦០០នាក់ ។

                                     

3. ការទទួលយកពុទ្ធសាសនា មហាយាន

ក្នុងឆ្នាំ ១១៨៥ ព្រះបាទជ័យវរ្ម័ន៧ បានទទួលយកយកនូវ ពុទ្ធសាសនាមហាយាន តាមរយៈទំនាក់ទំនងខ្មែរ-ចិន ទៅលើមុខជំនួញជួយដូរ ក្រណាត់សូត្រដែលមានកត់ត្រាក្នុងសិលាចឹក នៃប្រាសាទភិមានអាកាស ។ ដោយសារតែព្រះបាទជ័យវរ្ម័ន៧ ទទួលយកពុទ្ធសាសនា មាហាយាន ក៏បានធ្វើឲ្យកើតមានសង្គ្រាមសាសនា នាថ្ងៃអនាគតផងដែរ នៅពេលដែលទ្រង់ចូលទីវង្គត ។ ពុទ្ធសាសនា មហាយាន ត្រូវបានចាត់ទុកជាសាសនា របស់ព្រះរាជា ប៉ុន្តែទោះជាយ៉ាងណាក៏ព្រះអង្គមិនបោះបង់ចោល ព្រហ្មញ្ញសាសនាឡើយដោយរក្សានូវ រឿងព្រេងទេវកថា ហិណ្ឌូជាច្រើននូវតាមចម្លាក់នៃជញ្ជាំងប្រាសាទជាប់ជានិច្ច ដែលទុកជាមរតករបស់ដូនតា ហើយទ្រង់ក៏បានសាងប្រាសាទឧទ្ទិសជូនមាតាបិតារបស់ព្រះអង្គផងដែរគឺ ប្រាសាទតាព្រហ្ម ។

                                     

3.1. ការទទួលយកពុទ្ធសាសនា មហាយាន ការកសាង ប្រាសាទតាព្រហ្ម

ប្រាសាទតាព្រហ្ម កងសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៨៦ នៃគ.ស ទ្រង់បានកសាងដើម្បីឧទ្ទិសជូន មាតាបិតា របស់ព្រះអង្គ ដែលប្រាសាទនេះមានឈ្មោះដើមហៅថា ប្រាសាទ "រាជវិហារ" ។ ប្រសាទតាព្រហ្មមានកំពែងព័ទ្ធពីក្រៅទំហំ ១០០០មx៦០០ម ដោយស្មើនិង ៦០០,០០០ ម៉ែតការ៉េ ។ ប្រាសាទនេះផងដែរ មានភូមិប្រជាជនរស់នៅជុំវិញប្រមាណជា ១២,៦៦០ នាក់ ក្នុងនោះរួមបញ្ចូលទាំងមន្ត្រីធំៗ ចំនួន ៤១៨ នាក់និងមានអ្នកបម្រើកាងារប្រចាំរាជដំណាក់ចំនួន ២៧៤០ នាក់ ក្នុងនោះមានជំនួយការបង្ហាត់របាំចំនួន ២៣២ នាក់ និង មានស្រីរបាំប្រចាំរាជដំណាក់ចំនួន ៦១៥នាក់ ។ រួមទាំងរតនៈវត្ថុក្នុងនោះមួយចំនួនផង ដូជា៖ មាន​ចាន​មាស​សរុប ដែល​មាន​ទម្ងន់​ជាង​ប្រាំ​រយ​គីឡូក្រាម ចាន​ប្រាក់​ចំនួន​៣៥ គ្រាប់​គជ់​ខ្យងចំនួន ៤០៦២០​គ្រាប់ ត្បូង​ចំរុះចំនួន ​៤៥៤០​គ្រាប់ រនាំងដាក់ការពារ ដែលជាតង្វាយពីប្រទេស​ចិន​ ក្នុងរាជវង្សសុង អង់គ្លេស: Song dynasty ចំនួន ៨៧៦ ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រី ឥន្ទ្រទេវី ។

                                     

3.2. ការទទួលយកពុទ្ធសាសនា មហាយាន ការកសាង ប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័ន កងសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៩១ នៃគ.ស ។ ដើម្បីឧទ្ទិសថ្វាយ ព្រះពិស្ណុការអាវតារលោកកេរ្ត៍ស្វារៈ ប្រាសាទនេះមានទំហំ ៥៦ ហិចតា និងមានបរិមាត្រ ៨០០មx៧០០ម ប្រាសាទព្រះខ័ន បានឱ្យដឹងថា បដិមានៃរូបព្រះពុទ្ធ ព្រះឥសូរ និងព្រះវិស្ណុ ដែលត្រូវបានតម្កល់នៅក្នុងប្រាសាទនេះមានចំនួនដល់ទៅ ២០,៤០០ ដែលធ្វើអំពីមាស ប្រាក់ សំរិទ្ធ និងថ្ម ចំណែកឯ បដិមាទេវៈផ្សេងៗទៀយមានចំនួន ៤៣០ និងប្រជាជនក្នុងភូមិចំនួន ១៣,៥០០ ដែលមានតួនាទីថែរក្សាផ្គត់ផ្គង់មូលនិធិសាសនាឱ្យមានដំណើរការល្អនៅប្រាសាទនេះ និងស្បៀងអាហារជាច្រើនផ្តល់ដោយឃ្លាំងព្រះរាជទ្រព្យ ឬដោយប្រជាជនក្នុងភូមិចំនួន ៥៣២៥ ដែលមានមនុស្សសរុបចំនួន៨៧,៨៤០នាក់ ។ មានបដិមាចំនួន ២៨៣ ត្រូវបានតម្កល់ជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យដួងវិញាណខ័ន្ឌព្រះបិតារបស់ព្រះរាជា ។ មានសំណង់ប៉មចំនួន ៨៥សម្រាប់តម្កល់ព្រះបដិមាដល់ទៅ ៥២៥អង្គជាចំណុះប្រាសាទដ៏ធំនេះ។ សិលាចារឹកបានបន្តទៀតថា ប្រាសាទនេះសូមឧទ្ទិសកុសលទៅកាន់អតីតព្រះរាជាព្រះនាម ធរណិន្ទ្រវរ្ម័ន ដែលជាព្រះបិតា របស់ព្រះបាទជ័យវរ្ម័នទី៧ និងបួងសួងឱ្យព្រះមហាក្សត្រជំនាន់ក្រោយ ដែលបានជួយថែរក្សាសំណង់ព្រះពុទ្ធសានា ដែលមានទាសាទាសីចំនួន ៣០៦,៣៧២នាក់ សូមឱ្យទទួលផលបុណ្យគ្រប់ៗគ្នា ។ សិលាចារឹកនៃប្រាសាទព្រះខ័នមានការរៀបរាប់ពីទីក្រុងដ៏រីចម្រើនដ៏ជឿនលឿនមួយ ដែលផ្តោតទៅលើសកម្មភាពសាសនា និងសេចក្តិត្រូវការនៃប្រាសាទនេះ ដង្វាយត្រូវបានរៀបចំសម្រាប់អាទិទេពហើយកម្រងផ្កាត្រូវបានលម្អសម្រាប់អាទិទេពទាំងនេះទៀតផង ។ ម្ហូបអាហារត្រូវបានផ្គតផ្គង់ហើយនៅតាមខ្លោងទ្វារតែងមានអ្នកយាម និងមានក្រុមរបាំរាប់ពាន់នាក់សម្រាប់ រាំសម្តែងសម្រាប់ប្រាសាទនេះក្នុងកិច្ចពិធីសាសនាធំៗផងដែង។



                                     

4. ការវាយដណ្ដើមយកចាម្ប៉ា

នៅក្នុងឆ្នាំ ១១៩០ នៃ គ.ស ស្ដេចចាមព្រះនាម ជ័យឥន្ត្រវរ្ម័នទី៤ បានលើកទ័ពមកវាយអាណាចក្រខ្មែរម្ដងទៀត ការលុកលុយអាណាចក្រខ្មែរមានរយៈពេលពេញ១ឆ្នាំ រហូតដល់ព្រះបាទ ជ័យវរ្ម័នទី៧ បង្ក្រាបការលុកលុយរបស់ពួកចាមបានទាំងស្រុង ក្នុងឆ្នាំ ១១៩១ នៃ គ.ស ។ យោងតាមសិលាចរឹកនៅប៉ោនគរ ញ៉ាត្រាង បានសរសេរទុកថា ព្រះបាទ ជ័យវរ្ម័នទី៧ វាយយកបានរាជធានីនៃប្រទេសចាម្ប៉ា ដោយទ្រង់បញ្ជាឱ្យវិទ្យានន្តៈ វាយចូលរាជធានី "វិជ័យ" បិញឌិញ ហើយចាប់បានស្ដេចចាម ជាឈ្លើយសឹកនិងបានយកស្ដេចអង្គនេះ មកថ្វាយ ព្រះបាទ ជ័យវរ្ម័នទី៧ ។ ហើយព្រះអង្គបានលើកព្រះអនុជថ្លៃ របស់ព្រះអង្គ ព្រះនាម "អុិន" ដែលត្រូវជាប្អូនប្រុសព្រះនាង "ជ័យរាជទេវី" ឱ្យឡើងសោយរាជនៅវិជ័យ ដោយមានព្រះនាមក្នុងរាជថា "សូរ្យវរ្ម័នទេវរាជ" មិនយូរបុ៉ន្មាន ពួកចាមដែលមានមេដឹកនាំឈ្មោះ "រៈសុបតិ" ក៏ងើបលើកបះបោរបណ្ដេញព្រះបាទ សូរ្យវរ្ម័នទេវរាជ ចេញពីរាជធានីវិជ័យ ហើយមាននាមក្នុងរាជថា "ជ័យឥន្ត្រវរ្ម័នទី៥" ។ ពេលនោះ "វិទ្យានន្តៈ" ក៏លើកទ័ពវាយរាជធានីវិជ័យម្ដងទៀត ហើយបានធ្វើឃាតស្ដេចចាម "ជ័យឥន្ត្រវរ្ម័នទី៥" និងបានបង្រួបបង្រួមប្រទេសចម្ប៉ាឱ្យមានឯកភាពឡើងវិញ និងបានប្រកាសសោយរាជនាពេលនោះក្នងឆ្នាំ ១១៩២ នៃគ.ស រហូតដល់ឆ្នាំ ១២០៣ នៃគ.ស ទើបព្រះបាទជ័យវរ្ម័នទី៧ លើកទ័ពធំមកកំចាត់ចាម និងបានវាយយកចាម្ប៉ាមកគ្រប់គ្រងទាំងស្រុងក្នុងឆ្នាំ ១២០៣ នៃគ.ស ។



                                     

5. កណត់ត្រា

កំណត់ត្រាប្រវត្តិវិទូ

  • Georges Coedès: Un grand roi de Cambodge - Jayavaraman VII., Phnom Penh 1935.
  • Georges Coedès: Journal asiatique, Volumes 226-227, Société asiatique Paris, France, Centre national de la recherche scientifique 1935.
  • André Migot: Les Khmers, des origines dAngkor au Cambodge daujourdhui 1960.
  • Jean Boiselier: Refléxions sur lart du Jayavarman VII., BSEI Paris, 27 1952 3: 261-273. Cambridge University Press: 07 January 2009