Back

ⓘ កតិកាសញ្ញាវ៉ាសូរី




កតិកាសញ្ញាវ៉ាសូរី
                                     

ⓘ កតិកាសញ្ញាវ៉ាសូរី

អង្គការសន្ធិសញ្ញាវ៉ាសូរី, មានឈ្មោះជាផ្លូវការថា សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជនុបត្ថម្ភ ឬត្រូវបានគេស្គាល់ជាទូទៅថា កតិកាសញ្ញាវ៉ាសូរី គឺជាសន្ធិសញ្ញាការពារជាតិរួមមួយដែលបានចុះនៅទីក្រុងវ៉ាសូរី, ប្រទេសប៉ូឡូញ រវាងសហភាពសូវៀតនិងសាធារណរដ្ឋសង្គមនិយមទិសបូព៌ាចំនួន ៧ ទៀតនៅអឺរ៉ុបកណ្តាលនិងខាងកើតនៅខែឧសភា ឆ្នាំ១៩៥៥ ក្នុងអំឡុងសង្គ្រាមត្រជាក់។ កតិកាសញ្ញាវ៉ាសូរីគឺជាការបំពេញបន្ថែមផ្នែកយោធាដល់ក្រុមប្រឹក្សាសម្រាប់ជំនួយសេដ្ឋកិច្ចជនុបត្ថម្ភ ដែលជាអង្គការសេដ្ឋកិច្ចក្នុងតំបន់សម្រាប់រដ្ឋសង្គមនិយមនៅអឺរ៉ុបកណ្តាលនិងខាងកើត។ កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងបន្ទាប់ពីអាល្លឺម៉ង់ខាងលិចត្រូវបានរាប់បញ្ចូលទៅក្នុងអង្គការណាតូ ក្នុងឆ្នាំ១៩៥៥ ដែលជាផ្នែកមួយនៃសន្និសីទទីក្រុងប៉ារីសនិងទីក្រុងឡុងដ៍នាឆ្នាំ១៩៥៤ ប៉ុន្តែអ្នកខ្លះបានគិតថា កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងដោយសារតែសូវៀតចង់រក្សាការគ្រប់គ្រងកងកម្លាំងយោធានៅអឺរ៉ុបកណ្តាលនិងខាងកើត។

កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងដើម្បីរក្សាតុល្យភាពនៃអំណាច ឬប្រឆាំងនឹងអង្គការណាតូ។ អង្គការទាំងពីរគឺមិនដែលមានការប្រឈមមុខប្រយុទ្ធតតាំងគ្នាដោយផ្ទាល់ឡើយ ផ្ទុយទៅវិញការប្រយុទ្ធគ្នាគឺត្រូវផ្អែកលើមនោគមវិជ្ជានិងសង្គ្រាមមិនប្រយោល។ ទាំងអង្គការណាតូនិងសន្ធិសញ្ញាអង្គការវ៉ាសូរីបានធ្វើការពង្រីកផ្នែកយោធានិងធ្វើសមាហរណកម្មកម្លាំងពួកគេរៀងៗខ្លួន។ សកម្មភាពដ៏ធំនិងសំខាន់បំផុតរបស់អង្គការនេះគឺការចូលឈ្លានពានប្រទេសឆេកូស្លូវ៉ាគីនៅអំឡុងខែសីហា ឆ្នាំ១៩៦៨ ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកស្ទើរទាំងអស់លើកលែងតែអាល់បានី រ៉ូម៉ានី និងអាល្លឺម៉ង់ខាងកើត ហើយជាលទ្ធផលវាបានធ្វើឱ្យអាល់បានីដកខ្លួនចេញពីសន្ធិសញ្ញានេះ។ ការរីករាលដាលនៃបដិវត្តន៍ឆ្នាំ១៩៨៩ បានផ្តល់បញ្ហាជាច្រើនដល់កតិកាសញ្ញាវ៉ាសូរី ចាប់ផ្តើមជាមួយចលនាសាមគ្គីភាពនៅប្រទេសប៉ូឡូញ និងការបោះឆ្នោតដ៏មានប្រសឹទ្ធភាពមួយ។

នៅឆ្នាំ១៩៩០ អាល្លឺម៉ង់ខាងកើតបានដកខ្លួនចេញពីកតិកាសញ្ញាវ៉ាសូរីបន្ទាប់ពីបានបង្រួបបង្រួមជាប្រទេសតែមួយជាមួយអាល្លឺម៉ង់ខាងលិច។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩១ កិច្ចប្រជុំមួយបានប្រព្រឹត្តិទៅនៅប្រទេសហុងគ្រីដោយនៅក្នុងនោះ រដ្ឋមន្រ្តីការពារជាតិនិងមន្ត្រីការបរទេសនៃរដ្ឋសមាជិកចំនួន ៦ ដែលនៅសល់បានប្រកាសរំលាយសន្ធិសញ្ញាកតិកាសញ្ញាវ៉ាសូរីនេះចោល។ សហភាពសូវៀតបានរំលាយខ្លួនចោលជាផ្លូវការនៅខែធ្នូ ឆ្នាំ១៩៩១។ ក្នុងរយៈពេល ២០ ឆ្នាំបន្ទាប់ពីការរំលាយចោល អតីតសមាជិករដ្ឋទាំង ៧ នៃកតិកាសញ្ញាវ៉ាសូរីសុទ្ធតែបានចុះចូលជាមួយអង្គការណាតូ រដ្ឋបាល់ទិកដែលត្រូវជាអតីតសាធារណរដ្ឋសូវៀតក៏បានចូលរួមផងដែរ។