Back

ⓘ រាជវង្សមិង




រាជវង្សមិង
                                     

ⓘ រាជវង្សមិង

ចុងសម័យរាជវង្សមិងដែលមានតែភាពទ្រុឌទ្រោម តែជនជាតិនីចឺនភាគខាងលិចឆៀងខាងជើងនៃផែនដីតាមិងរឹងមាំឡើងជាលំដាប់។ នូរហាឈី មេដឹកនាំដែលពូកែទាំងធ្វើសង្គ្រាម គ្រប់គ្រង និងចេះភាសាហានយ៉ាងស្ទាត់ជំនាញ បានចាប់ផ្ដើមបង្រួបបង្រួមជនជាតិនីចឺនឲ្យមានឯកភាព និងបង្កើតកងទ័ព ៨ កងពលឡើង។ ទាំង ៨ កងពលនេះមានតួនាទីទាំងជាអង្គការគ្រប់គ្រងនិងអង្គការយោធា។ តែពេលនោះ ដើម្បីកុំឲ្យរាជសំណាក់មិងសង្ស័យ នូរហាឈីជ្រើសរើសយកឋានៈខ្លួនជាមន្ដ្រីរាជសំណាក់មិង និងបញ្ជូនសួយសាអាករឲ្យរហូតធ្វើឲ្យរាជសំណក់មិងទុកចិត្ដថាជាមិត្ដ ដល់ថ្នាក់រាជសំណាក់ប្រទានតំណែងឡើងជាមេទ័ពឡុងហ៊ូ នាគខ្លា។

រហូតដល់ឆ្នាំគ.ស ១៦១៦ ពេលនូរហាឈីឃើញស្ថានការណ៍សមស្របហើយ ក្រោមការគាំទ្ររបស់មេដឹកនាំកងទ័ពទាំង ៨ កងពល បានស្ថាបនាខ្លួនឯងឡើងជាខាន់ឬបឋមក្សត្រនៃរាជវង្សហូវជិន ជិនសម័យក្រោយ។ ការហៅថាហូវជិននេះគឺដើម្បីងាយស្រួលបែងចែកអាណាចក្រជិនដែលស្ថាបនាឡើងក្នុងកំឡុងចុងសម័យរាជវង្សសុង។

នៅដើមរជ្ជកាលស្ដេចមិងស៊ីចុង ខាន់ធីវ៉ើយចុងសៀន មន្ដ្រីជំនិតរបស់ហង់តេក្ដោបក្ដាប់អំណាចតុងឆាំង បានបញ្ជូនមនុស្សវាយអែបស៊ីអបរបស់ខ្លួនទៅគ្រប់គ្រងតំណែងសំខាន់ៗ។ ក្រោយមកមន្ដ្រីប្រថុយស្លាប់ម្នាក់ឈ្មោះយ៉ាងលៀនបានផ្ញើសារទូលស្ដេច បកអាក្រាតកំហុសរបស់វ៉ើយចុងដល់ទៅ ២៤ ប្រការ តែបំណងល្អខាងលើ បានធ្វើឲ្យវ៉ើយចុងសៀនដែលក្ដោបអំណាចទាំងស្រុងឆ្លៀតឱកាសបោសសម្អាតមន្ដ្រីដែលជាសត្រូវរបស់ខ្លួន ដោយយ៉ាងយៀននិងមន្ដ្រីជាង ៧០០ នាក់ទៀតត្រូវចាប់ខ្លួននិងធ្វើទារុណកម្មរហូតដល់ស្លាប់ក្នុងគុក។​ ក្នុងពេលដែលវ៉ើយចុងសៀនមានអំណាចខ្លាំង ហង់តេមិងស៊ីចុងស្លាប់យ៉ាងទាន់ហន់។ មិងស៊ឺចុងអនុជព្រះជន្ម ១៧ វស្សាឡើងគ្រងរាជ្យបន្ដ ដាក់ឈ្មោះរជ្ជកាលខ្លួនឯងថាឆុងឆឺន ជាស្ដេចចុងក្រោយនៃរាជវង្សមិង។

ភារកិច្ចទីមួយដែលមិងស៊ឺចុងត្រូវធ្វើក្រោយពេលឡើងគ្រងរាជ្យនោះគឺកម្ចាត់ខាន់ធីវ៉ើយចុងសៀនតាមរយៈការដកតំណែងរាជការ បង្ខំឲ្យវ៉ើយចុងសៀនត្រឡប់ទៅនៅស្រុកកំណើត។ ក្រោយមកបានអាក្រាតកំហុសវ៉ើយចុងសៀនដោយប្រកាសថាជាជនក្បត់ជាតិ រមិលគុណស្ដេចអង្គមុន ប្រើអំណាចតាមចិត្ដចង់ ប្រកាន់បក្សពួក យោងតាមរបាយការណ៍មន្ដ្រីសុច្ចរិត។ វ៉ើយចុងសៀនដឹងកំហុសរបស់ខ្លួនក៏ធ្វើអត្ដឃាត ឯបក្សពួកដែលសេសសល់ត្រូវបោសសម្អាតនឹងដាក់ទោសជាបន្ដបន្ទាប់។

ក្រោយពេលស្ថាបនារាជវង្សហូវជិនហើយ នូរហាឈីបានធ្វើសង្គ្រាមឈ្នះទាហានតាមិងជាច្រើនលើក។ មន្ដ្រីរាជវង្សមិងខ្លាចរអារតែរៀងៗ ខ្លួន ពុំមាននរណាអាសាទៅច្បាំងទៀត តែពេលនោះមន្ដ្រីឈ្មោះយួនឆុងហួនបានអាសាដឹកនាំទ័ពវាយពួកហូវជិនដល់ស្រុកនិងយួនខេត្ដលៀវតុង។

ឆ្នាំគ.ស ១៦២៦ នូរហាឈីបរទ័ព ១៣០ ០០០ នាក់ឆ្លងទន្លេលៀវវាយយកនិងយួន។ យួនឆុងទទួលសឹកយ៉ាងពេញទំហឹង។ ទាហានហូវជិនស្លាប់យ៉ាងច្រើន។ នូរហាឈីរបួសធ្ងន់ចេញបញ្ជាដកទ័ពទៅសឺនយ៉ាង ហើយស្លាប់នៅទីនោះ។

ក្រោយជ័យជម្នះយួនឆុងត្រូវបានតែងតាំងជាមេទ័ពការពារខេត្ដលៀវតុង។ យួនឆុងប្រមូលកម្លាំងទ័ពបន្ថែម ជួសជុលកំពែងទីក្រុងនិងគូទឹកត្រៀមប្រយុទ្ធនឹងកងទ័ពហូវជិនបន្ដទៀត។

កងទ័ពហូវជិនក្រោយពេលនូរហាឈីអស់ព្រះជន្ម ហួងថៃជីអនុជអង្គទី ៨ ឡើងជាខាន់នៃរាជវង្សហូវជិនបន្ដ។ ក្រោយពេលឡើងជាខាន់ បាននាំទ័ពបែងជា ៣ ផ្លូវវាយចិនម្ដងទៀត។ យួនឆុងហួនត្រូវហង់តេមិងស៊ឺចុងកោះហៅ តែងតាំងជាមេបញ្ជាការកងទ័ពការពារតំបន់ហឺប៉ិយ និងលៀវតុងទាំងអស់។

ពេលកងទ័ពហួងថៃជីពុំអាចវាយយកស្រុកសំខាន់តាមជាដែនដូចជានិងយួនបាន បានប្ដូរយុទ្ធសាស្ដ្រថ្មីដោយក្នុងឆ្នាំគ.ស ១៦២៩ ហួងថៃជីបរទ័ពរាប់សែននាក់ឆ្លងកាត់ច្រកឡុងជិង តាអាន់ខូវ អមទៅហឺប៉ិយសំដៅទៅរាជធានីប៉េកាំងជំនួសវិញ។ ផែនការនេះហួសពីការស្មានរបស់យួនឆុងហួន។ ពេលទទួលបានដំណឹង ទើបយួនឆុងហួនប្រញាប់ធ្វើដំណើរទាំងយប់ទាំងថ្ងៃ ប្រើពេល ២ ថ្ងៃ ២ យប់ទើបមកដល់ប៉េកាំង បើកការប្រយុទ្ធជាមួយកងទ័ពហូវជិនយ៉ាងសាហាវដោយពុំបានសម្រាក ធ្វើឲ្យទ័ពហូវជិនត្រូវដកថយទៅវិញម្ដងទៀត។

ហង់តេឆុងចឺនឬមិងស៊ឺចុងដើមឡើងគិតចង់កោះហៅយួនឆុងហួនមកដើម្បីប្រទានរង្វាន់ តែពេលនោះហួងថៃជីបានប្រើល្បិចចាក់រុក ដោយនាំស្ម័គ្របក្សពួករបស់ខាន់ធីវ៉ើចុងសៀនដែលនៅសេសសល់ ឲ្យដើរទៅផ្សាយដំណឹងថាការដែលកងទ័ពហូវជិនអាចដើរវាងមកដល់ប៉េកាំងបាននោះដោយសារយួនឆុងហួនផ្សំគំនិតជាមួយហួងថៃជី ស្របនឹងពេលនោះមានឈ្លើយសឹកដែលត្រូវហូវជិនចាប់បានហើយគេចគេចខ្លួនមកបានមកទូលរាយការណ៍ថា យួនឆុងហួនបានធ្វើសន្ធិសញ្ញាសម្ងាត់ជាមួយហួងថៃជីហើយ។ ហង់តេឆុងចឺនបានលឺហើយក៏លង់ជឿដំណឹងចចាមអារាមនេះ បញ្ជាសម្លាប់មន្ដ្រីភក្ដីភាពយួនឆុងហួនដោយការព្រលះសាច់ទំាងរស់ ដោយពុំព្រមស្ដាប់យោបល់មន្ដ្រីណាមួយឡើងយ។

ពេលអស់យួនឆុងហួនជាឆ្អឹងទទឹងកហើយ មិនយូរប៉ុន្មានកងទ័ពហូវជិនចូលមកគ្រប់គ្រងតំបន់ភាគខាងជើងរបស់ចិនដោយសន្សឹមៗ ។ ក្នុងឆ្នាំគ.ស ១៦៣៥ ហួងថៃជីបានប្ដូរឈ្មោះហៅជនជាតិរបស់ខ្លួនពីនីចឺនមកជាម៉ាន់ចូវ ម៉ាន់ជូ និងឆ្នាំបន្ទាប់មកតែងតាំងខ្លួនឡើងជាហង់តេ និងស្ថាបនារាជវង្ស" ឈិង” ដោយមានព្រះនាមថាឈិងថៃចុង។

តាមពិតទៅ ក្រៅពីការច្បាំងជាមួយកងទ័ពហូវជិនឬម៉ាន់ជូហើយ ពេញមួយរយៈពេលចុងក្រោយនៃសម័យរាជវង្សមិងក៏មានកងទ័ពប្រជាជនដែលងើបបះបោរប្រឆាំងនឹងរាជសំណាក់មិនដាច់រយៈដែរ ជាពិសេសក្រោយកើតហេតុទុរ្ភឹកនៅខេត្ដសានស៊ី ដែលធ្វើឲ្យមិនអាចប្រមូលផលកសិកម្មបាន តែអាជ្ញាធរនៅតែកៀបភាស៊ីយ៉ាងខ្លាំង កងទ័ពប្រជាជនក៏កើនឡើងចំនួនទ្វេដង។

ក្នុងក្រុមកងទ័ពប្រជាជនមានកងទ័ពធំៗ ២ ក្រុមដូចជាកងទ័ពរបស់លីជឺឆឺងនិងចាងសៀនចុង។ ក្នុងពេលធ្វើសង្គ្រាមចាងសៀនចុងផ្លាស់គ្នាឈ្នះចាញ់ជាមួយកងទ័ពរាជសំណាក់មិង។ ចំណែកលីជឺឆឺងវិញ ក្នុងពេលធ្វើសង្គ្រាម តែងតែយកទ្រព្យសម្បត្ដិនិងអាហារដែលរឹបអូសបានទៅចែកចាយប្រជាជនក្រីក្រ ថែមទាំងប្រកាសឲ្យប្រើដីធ្លីកសិកម្មដោយមិនយកភាស៊ី ធ្វើឲ្យមានមនុស្សជាច្រើនមកចូលរួមក្នុងជួរកងទ័ពរបស់ខ្លួន។

ឆ្នាំគ.ស ១៦៤៣ លីជឺឆឺងវាយយកក្រុងសៀងយ៉ាង និងតាំងខ្លួនជាស៊ីនស៊ុនវ៉ាំង និងពេលវាយបានខេត្ដសានស៊ីទាំងមូលក៏តែងតាំងខ្លួនជាអងតេ ដោយហៅឈ្មោះអាណាចក្ររបស់ខ្លួនថាតាស៊ុន។ ក្រោយមកបានធ្វើតាមផែនការសឹករបស់ទីប្រឹក្សាឈ្មោះគូវ៉ើនអឺន ឲ្យយកខេត្ដសានស៊ីជាមូលដ្ឋានទ័ព វាយយកស៊ីអាន់ រួចវាយចូលប៉េកាំងដែលជាបេះដូងសំខាន់របស់រាជសំណាក់មិង។

លីជឺឆឺងនាំទ័ពឆ្លងទន្លេហួងហូវាយយកថៃយួន តាថុង ស្វៀនហ្វូ ឆ្ពោះទៅច្រកយ៉ុងកួនទទួលបានជ័យជម្នះគ្រប់សមរភូមិ។ រហូតដល់ខែ ៣ ឆ្នាំគ.ស ១៦៤៤ បាននាំទ័ពឡោមព័ទ្ធក្រុងប៉េកាំង ស្ដេចមិងស៊ឺចុងរត់លែងរួចក៏សម្លាប់នៅលើភ្នំម៉ឺយសាន។

ថ្វីបើលីជឺឆឺងអាចវាយយកក្រុងបាន តែកម្លាំងសម្ពាធពីកងទ័ពផ្សេងៗ នៅតែមានជាបន្ដបន្ទាប់ ដូចជាកងកម្លាំងបរាជ័យរបស់រាជវង្សមិង កងកម្លាំងអ៊ូសានគុយនៅសាន់ហៃកួន និងកងទ័ពម៉ាន់ជូពីភូមិភាគខាងកើតឆៀងខាងលិច។

លីជឺឆឺងបានផ្ញើសារឲ្យអ៊ូសានគុយព្រមស្វាមីភក្ដិ។ ក្រោយមកបានឲ្យអ៊ូសៀង បិតាអ៊ូសានគុយដែលនៅឯរាជធានីសសេរសំបុត្រទៅបញ្ចុះបញ្ចូលបន្ថែមទៀត និងបានបញ្ជូនគណទូតយកមាសប្រាក់ជាច្រើន ព្រមទាំងក្រឹត្យតែងតាំងឲ្យអ៊ូសានគុយឡើងកាន់តំណែងជាពញ្ញា តែក្នុងខណៈដែលអ៊ូសានគុយធ្វើដំណើរមកដើម្បីស្វាមីភក្ដិចំពោះលីជឺឆឺង បែរជាជួបនឹងអ្នកបម្រើដែលគេចចេញពីរាជធានីមកប្រាប់ដំណឹងថាពេលនេះអ៊ូសៀងត្រូវចាប់ធ្វើជាឈ្លើយនិងរឹមអូសទ្រព្យសម្បតិ្ដ ក្រៅពីនោះឆឺនយួនយួនប្រពន្ធទីពីររបស់អ៊ូសានគុយត្រូវមេទ័ពលិវចុងមិនដណ្ដើមយកទៅបាត់។ ដោយហេតុនេះ ធ្វើឲ្យអ៊ូសានគុយសម្រេចចិត្ដងាកទៅចាប់ដៃជាមួយលោកមេទ័ពតួអឺគុនរបស់ម៉ាន់ជូវិញ។ ក្រោយមកបញ្ជូនមនុស្សក្លែងសារស្វាមីភក្ដិចំពោះលីជឺឆឺងដើម្បីពន្យាពេល។ តែក្រោយមកពេលលីជឺឆឺងដឹងដំណឹងថាអ៊ូសានគុយចុះចូលជាមួយពួកម៉ាន់ជូហើយ ក៏លើកទ័ព ៦ ម៉ឺននាក់ទៅបង្ក្រាប តែក្នុងពេលនោះអ៊ូសានគុយបានលួចបើកច្រកព្រំដែនឲ្យកងទ័ពម៉ាន់ជូចូលមកវាយកងទ័ពលីជឺឆឺង។ កងទ័ពលីជឺឆឺងដកថយទៅប៉េកាំងដោយមានកងទ័ពអ៊ូសានគុយតាមពីក្រោយ។ លីជឺឆឺងសងសឹកដោយការកាត់ក្បាលបិតារបស់អ៊ូសានគុយដោតនៅកំពែងក្រុងប៉េកាំង។ ពេលសត្រូវវាយដណ្ដើមបានក្រុងប៉េកាំងហើយ លីជឺឆឺងបរាជ័យដកថយត្រូវចាប់ខ្លួនបាននិងប្រហារជីវិតចោល ជាទីអវសាននៃរាជវង្សដែលគ្រប់គ្រងដោយជនជាតិហាន។