Back

ⓘ រាជវង្សឈិន




រាជវង្សឈិន
                                     

ⓘ រាជវង្សឈិន

រាជវង្សឈិន​

រាជវង្សឈិនអ្នកបង្រួបបង្រួមផែនដីចិននិងទទួលពានការសាងសង់អច្ឆរិយវត្ថុក្នុងពិភពលោក ត្រូវបានរលត់ភ្លឹបទៅវិញក្នុងវេលាមួយដ៏ខ្លី ដោយសារការប្រើអំណាចកណ្ដាប់ដៃដែកដ៏សែនសាហាវឃោរឃៅ។ តែឥទ្ធិពលឈិនក៏នៅតែចាក់ឬសគ្របដណ្ដប់ប្រទេសចិនក្នុងច្រើនផ្នែកជារហូតមក ក្នុងប្រវត្ដិសាស្ដ្រជាង ២ ពាន់ឆ្នាំ រួមទាំងគុណូបក្ការៈដ៏មហាសាលក្នុងការជួយរក្សាឯកភាពជាតិចិនជារហូតមកតាមរយៈមាត្រដ្ឋានវប្បធម៌ដែលជិនស៊ីហង់តេបានបង្កើតឡើង” ។

បដិវត្ដន៍សាងយ៉ាងជម្រុញឲ្យការរីកចម្រើនរបស់នគរឈិន ដែលជានគរមួយក្នុងចំណោមនគរធំៗ ទាំង ៧ នៃសម័យចាន់កួឬសម័យសង្គ្រាម វិវត្ដន៍ឈានឡើងយ៉ាងលឿន។​ ថាមពលដ៏ខ្លាំងក្លាយរបស់ទាហាននិងភាពរុងរឿងផ្នែកសេដ្ឋកិច្ច ធ្វើឲ្យនគរឈិនវាយឈ្នះនគរធំៗ ទាំង ៦ បានយ៉ាងងាយ។ រយៈពេល ២៦ ឆ្នាំ គិតចាប់ពីកំឡុងពេលដែលឈិនវ៉ាងចឺងគ្រងរាជបល្ល័ង្ក ក្នុងឆ្នាំដែលទ្រង់ស្ថាបនាខ្លួនឯងធ្វើជាស្ដេចចក្រព័ត្ដិអង្គដំបូងរបស់ចិនដែលគេនាំគ្នាហៅថាឈិនស៊ឺហួងទិឬក្នុងភាសាតេជីវដែលយើងធ្លាប់លឺគេនិយាយគឺ ជិនស៊ីហង់តេ។ ព្រះអង្គដណ្ដើមជ័យជម្នះក្នុងសង្គ្រាមដ៏ស្មុគស្មាញរវាងបណ្ដានគរផ្សេងៗ ក្នុងសម័យនោះ ដូចជា នគរហាន នគរចាវ នគរវ៉ើយ នគរឈូ នគរយៀន និងនគរឈី នៅទីបំផុត នគរឈិនក៏បានបង្រួបបង្រួមនគរផ្សេងៗ ក្នុងផែនដីដ៏ធំរបស់ចិនឲ្យស្ថិតនៅក្រោមអំណាចគ្រប់គ្រងតែមួយរបស់ព្រះអង្គ។

ឈិនស៊ឺហួងទីបានកំណត់ច្បាប់ច្រើនប្រការដើម្បីពង្រឹងអំណាចកណ្ដាល និងឯកភាពជាតិចិន។ អំណាចខ្ពស់បំផុតស្ថិតក្នុងដៃរបស់ស្ដេចចក្រព័ត្ដិ ខណៈដែលបណ្ដាមន្ដ្រីធំៗ មានសិទ្ធិត្រឹមតែជជែកនិងផ្ដល់ការប្រឹក្សាទាក់ទងនឹងកិច្ចការប្រទេស ដោយពុំមានសិទ្ធិក្នុងសម្រេចចិត្ដអ្វីទាំងអស់។ ចំពោះរដ្ឋបាលកណ្ដាលរួមមានមន្ដ្រី ៣ រូបធំគឺ ឆឺងសៀង អគ្គសេនាបតី ជាជំនួយការមានអំណាចបន្ទាប់ពីស្ដេចចក្រព័ត្ដិជួយគ្រប់គ្រងប្រទេស យ្វីស៊ឺតាហ្វូ ទីប្រឹក្សាអង្គចក្រព័ត្ដិ កាន់កាប់និងមើលការខុសត្រូវលើរាជបរិវារគ្រប់ជាន់ថ្នាក់ និងថៃវ៉ើយ អគ្គមេបញ្ជាការកងទ័ព ទទួលខុសត្រូវលើកិច្ចការកងទ័ព។ ដែនដីទាំងអស់ត្រូវបែងចែកចេញជាតំបន់គ្រប់គ្រងចំនួន ៣៦ តំបន់ ដែលបែងបន្ដទៀតទៅជាស្រុក ឃុំ និងភូមិ។ រដ្ឋអនុញ្ញាតឲ្យប្រជាជនមានសិទ្ធិជាម្ចាស់ដីធ្លី មានប្រព័ន្ធបញ្ជីជំរឿនប្រជាជនដែលដូចគ្នានិងជាក់លាក់ បញ្ជាឲ្យប្រើទូទាំងប្រទេស មានការបង្កើតមាត្រដ្ឋានប្រព័ន្ធតួអក្សរ ប្រព័ន្ធបា្រក់ចាយ រង្វាស់ទម្ងន់ រង្វាស់ចំណុះ រង្វាស់ប្រវែង ដែលជាស្នូលនៃឯកភាពជាតិចិនអស់រយៈពេលជាង ២ ០០០ ឆ្នាំ រួមទាំងមានការសាងសង់ផ្លូវ និងព្រែកជីកធំៗ។

ក្រៅពីនេះ ក្រុមពួកអ្នកមានត្រូវស្ដេចតម្រូវឲ្យផ្លាស់ទីលំនៅមកនៅរាជធានីសៀនយ៉ាង ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងប្រទេស។ ចំណែកឯប្រជាជនទូទៅត្រូវបញ្ជូនឲ្យទៅនៅតំបន់ដាច់ស្រយាលដើម្បីធ្វើស្រែចំការ។ ចំណែកពួកអ្នកទោសត្រូវបណ្ដេញឲ្យទៅប្រយុទ្ធការពារប្រទេសតាមតំបន់ជាយដែន។ ស៊ឺហួងទីនេះហើយ ជាអ្នកផ្ដើមគំនិតភ្ជាប់មហាកំពែងនៃនគរផ្សេងៗ នៅសម័យចាន់កួ រហូតក្លាយជាមហាកំពែងដ៏អស្ចារ្យនិងវែងបំផុតក្នុងលោក ដើម្បីរារាំងការរុករានពីសំណាក់កុលសម្ព័ន្ធសុងនូ។

ស៊ឺហួងទីប្រើអំណាចកណ្ដាប់ដៃដែកដ៏សាហាវ មានជាអាទិ ការប្រហារអ្នកទស្សនវិជ្ជាអ្នកប្រាជ្ញចំនួនជាច្រើននាក់ដោយកប់ទាំងរស់ ដូចជា ក្រុមលទ្ធិខុងជឺជាង ៤០០ នាក់ ដុតសៀវភៅគម្ពីរដែលមានទស្សនៈផ្ទុយ កេណ្ឌកម្លាំងទាសករទៅសង់មហាកំពែង ព្រះរាជវាំង សួន និងផ្នូរខ្មោចរហូតបណ្ដាលឲ្យមនុស្សដួលស្លាប់គរជើងលើគ្នារាប់លាននាក់។ ខណៈដែលប្រជាជនរងការកៀបសង្កត់ទារភាស៊ីយ៉ាងធ្ងន់ធ្ងរ ស៊ឺហួងទីបែរជាចាយវាយខ្ជះខ្ជាយដូចចាយក្រដាសក្នុងការដើរកម្សាន្ដទៅទូទាំងប្រទេស។

ការបង្គាប់ឲ្យប្រើកម្លាំងទាសករយ៉ាងទារុណគ្មានថ្ងៃបញ្ចប់ កាតព្វកិច្ចបង់ភាស៊ីដ៏សែនធ្ងន់ធ្ងររបស់ប្រជាជននិងការដាក់ទោសអជ្ញាដ៏សែនសាហាវ បានក្លាយជាកម្លាំងប្រមូលផ្ដុំនៃការស្អប់ខ្ពើមនិងការមិនពេញចិត្ដដែលចាប់ផ្ដើមងើបឡើងនិងផ្ទុះនៅចុងរជ្ជកាលរបស់ស្ដេចស៊ឺហួងទី។

ស៊ឺហួងទីសុគតនៅក្នុងឆ្នាំ ២១០ មុនគ.ស ដែលជាឆ្នាំទី ៣៧ នៃការគ្រងរាជលើនគរឈិន ក្នុងកំឡុងពេលធ្វើដំណើរពីការត្រួតត្រារាជការពីដែនដីភាគខាងត្បូង។ អគ្គសេនាបតីលីស៊ឺ និងចាង កាវ មន្ដ្រីដ៏មានឥទ្ធិពល បានរៀបគម្រោងធ្វើគត់អង្គរាជទាយាទហ្វូស៊ូ និងប្រកាសតែងតាំងហ៊ូហាយព្រះអនុជរបស់ហ្វូស៊ូ ជាអង្គរជ្ជទាយាទ ដែលទ្រង់ឈានចូលមកគ្រប់គ្រងរាជបល្ល័ង្កជាស្ដេចចក្រព័ត្ដិអង្គទីពីរ។

ហ៊ូហាយជាអាយ៉ងរបស់ចាវ កាវ ហើយទ្រង់ប្រើអំណាចកណ្ដាប់ដៃដែកដ៏សាហាវជាស្ដេចចក្រព័ត្ដិអង្គទីមួយ។​ រហូតដល់ឆ្នាំ ២០៩ មុនគ.ស ដែលជាឆ្នាំទី ២ នៃការគ្រងរាជ្យរបស់ព្រះអង្គ ការក្រោកងើបបះបោររបស់អ្នកស្រែដែលមានឆឺន សឺន និងអ៊ូ ក្វាង ជាមេដឹកនាំ ក៏បានផ្ទុះឡើង។ ក្រោយមក រលកមហាជនទូទាំងអាណាចក្របានរួមកម្លាំងគ្នាប្រយុទ្ធវាយរំលំមហាអំណាចឈិនមានដូចជា ប្រជារាស្ដ្រតាមតំបន់ជនបទ កងកម្លាំងដែលនៅសេសសល់របស់អតីតស្ដេចនគរធំទាំងប្រាំមួយ ក្រុមមន្ដ្រីរាជការថ្នាក់ក្រោមក្នុងរដ្ឋបាលឈិន រួមទាំងក្រុមទាហារប្រដាប់អាវុធក្នុងតំបន់ខ្លះ ហើយកងកម្លាំងឈិនក៏ត្រូវវិនាសខ្ចាត់ខ្ចាយអស់ទៅ។

សៀងវីទាយាទមន្ដ្រីនៃអតីតនគរធំទាំងប្រាំមួយ និងលិវប៉ាំងមន្ដ្រីរាជការថ្នាក់ក្រោមក្នុងរដ្ឋបាលឈិនអ្នកមានគំនិតជួយរាស្ដ្រទន់ខ្សោយ បាននាំទ័ពរបស់ខ្លួនវាយទម្លុះព្រំដែនវាយរំលំឈិន។ ក្នុងពេលជាមួយគ្នាដែរ ចាវ កាវបានផ្ដាច់ជីវិតទាំងលីស៊ឺ និងហ្វូស៊ូចក្រព័ត្ដិអង្គទីពីរ ក្រោយមក ក៏លើកជឺអ៊ិងក្មួយចក្រព័ត្ដិអង្គទីមួយគ្រងរាជបល្ល័ង្ក។ ក្នុងឆ្នាំង ២០៧ មុនគ.ស កងកម្លាំងសៀងវីវាយទ័ពឈិនបែកខ្ចាត់ខ្ចាយ។ ក្រៅពីនេះ ទ័ពឈិនបានចាញ់សង្គ្រាមនៅសមរភូមិជូលូយ៉ាងធ្ងន់ធ្ងរ។ ក្នុងឆ្នាំជាមួយគ្នាដែរ ជឺអ៊ិងប្រហារចាវ កាវ។ នៅឆ្នាំបន្ទាប់ លិវប៉ាំងក៏វាយទម្លុះទៅដល់ជាក្រុងប៉ាសាងដណ្ដើមបានសៀនយ៉ាង។ នៅទីបំផុត ជឺអ៊ិងបានរត់ចោលរាជធានីនិងព្រមលើកទង់ស ជាការបិទវាំងនងសម័យរាជវង្សឈិនដ៏មានអំណាច។ ក្រោយមក សៀនវីដែលតាំងខ្លួនជា" ស្ដេចនៃនគរឈូ” និងលិវប៉ាំង ជា" ស្ដេចនៃនគរហាន”​ ។ ក្នុងឆ្នាំ ២០២​ មុនគ.ស សៀងវីធ្វើអត្ដឃាតគេចចេញពីភាពអាម៉ាសបរាជ័យ ហើយលិវប៉ាំងក៏ស្ទុះឡើងគ្រងបល្ល័ង្កចក្រព័ត្ដិនៃរាជវង្សហាន។

ថ្វីបើរាជវង្សគ្រប់គ្រងផែនដីត្រឹមពេលវេលាដ៏សែនខ្លី ១៥ ឆ្នាំ តែឥទ្ធិពលរបស់ឈិនអ្នកបង្រួបបង្រួមដែនដីចិន បានបន្សល់ឥទ្ធិពលរបស់ខ្លួនរាប់ពាន់ឆ្នាំ ដែនដីឈិនគឺប្រទេសចិនបច្ចុប្បន្ន លើកលែងព្រំដែនខាងកើត ខាងលិចឆៀងខាងត្បូង និងខាងកើតឆៀងខាងជើង។ ប្រព័ន្ធការបង្រួមអំណាចមកមជ្ឈមណ្ឌលកណ្ដាលយ៉ាងដាច់ស្រឡះរបស់ឈិន ជាគំរូរបស់រាជវង្សក្រោយៗ មកទៀត។​ មហាកំពែងចិននៅឈរបង្អួតខ្លួនដ៏សង្ហាររហូតមកដល់បច្ចុប្បន្ននេះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ពុំមានអំណាចផ្ដាច់ការរបស់រាជវង្សណា សាហាវសើ្មនឹងរាជវង្សឈិនដែរ ដោយហេតុនេះហើយ ទើបធ្វើឲ្យរាជវង្សឈិនងើបឡើងក្នុងតែមួយរយៈពេលដ៏សែនខ្លី។