Back

ⓘ រាជាធិរាជ




រាជាធិរាជ
                                     

ⓘ រាជាធិរាជ

រាជាធិរាជ គឺជាព្រះមហាក្សត្រទីប្រាំបួននៃនគរហង្សាវត្តីពគោនៅភូមាចាប់ពីឆ្នាំ១៣៨៤ ដល់ ១៤២១។ ទ្រង់ត្រូវបានចាត់ទុកថាជាក្សត្រមួយអង្គក្នុងចំណោមក្សត្រមហស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រភូមា ព្រះអង្គបានបង្រួបបង្រួមតំបន់និយាយភាសាមនទាំងបីនៅភូមា ខាងត្បូង និងបានបង្ក្រាបការរំលោភបំពានធំៗពីសំណាក់នគរអវៈ ដែលនៅភាគខាងជើងជានគរនិយាយភាសាភូមាក្នុងសម័យកាលសង្គ្រាមសែសិបឆ្នាំ ។

នៅពេលដែលរាជាធិរាជបានក្លាយជាអ្នកគ្រងរាជ្យនគរហង្សាវត្តីនៅឆ្នាំ១៣៨៤ ក្សត្រក្មេងវ័យព្រះជន្ម ១៦ ព្រះវស្សាអង្គនេះបានកាន់កាប់បានតែខេត្តពគោ បាហ្គោ ស្របពេលដែលតំបន់និយាយភាសាមនសំខាន់ពីរផ្សេងទៀតគឺ ដីសណ្ដឥរាវត្តី និង មុំហ៍ មោត្តមៈ ស្ថិតនៅក្នុងការបះបោរយ៉ាងបើកចំហ។ ដោយសារតែឆន្ទៈមោះមុត និងសមត្ថភាពដឹកនាំកងទ័ពរបស់ទ្រង់ ព្រះអង្គបានបង្ក្រាបរលកនៃការលុកលុយលើកទីមួយរបស់អវៈនៅទសវត្សឆ្នាំ១៣៨០ ហើយជិតដល់ឆ្នាំ១៣៩០ ទ្រង់ក៏អាចឯកភាពតំបន់មនទាំងបីបានសាជាថ្មីឡើងវិញ។ កំឡុងពាក់កណ្ដាលទីពីរនៃរយៈកាលសង្គ្រាមសែសិបឆ្នាំ ព្រះអង្គបានប្រឈមមុខនឹងព្រះបាទមិនហ្កោនទី១នៃនគរអវៈ និងបុត្រារបស់ទ្រង់ មិនយ៉ឺទ្ជ៏ហ្ស្វាក្នុងការប៉ះទង្គិចគ្នានៅភូមាក្រោម ភូមាលើ និងនៅរក្ខៈ។

រាជាធិរាជ គេបានចងចាំព្រះអង្គទុកថាជាតួអង្គដែលមានបុគ្គលិកលក្ខណៈពិបាកយល់: ទ្រង់ជាមេបញ្ជាការកងទ័ពដ៏អង់អាចក្លាហានមួយរូប ដែលបានបង្ក្រាបព្រះបាទមិនហ្កោនទី១នៅក្នុងការប្រយុទ្ធមួយទល់នឹងមួយ និងបានថែរក្សាគាំពារព្រះនគរនេះឱ្យនៅតែជានគរឯករាជ្យ ជាអ្នករដ្ឋបាលមួយរូបប្រកបដោយសមត្ថភាពរៀបចំចាត់ចែងព្រះនគរ ហើយក៏មានបុគ្គលិកលក្ខណៈជាមនុស្សសង្ស័យផ្ដេសផ្ដាសច្រើន ឥតធម៌មេត្តា ដែលបណ្ដាលឱ្យស្នេហាគ្រាដំបូងរបស់ព្រះអង្គ ព្រះនាងតឹឡាមេឌ៏សំរេចព្រះទ័យធ្វើអត្តឃាត ហើយទ្រង់ក៏ជាអ្នកចេញរាជបញ្ជាប្រហារជីវិតព្រះរាជបុត្ររបស់ទ្រង់ដែលជាមនុស្សគ្មានទោសពៃរ៍អ្វីទាល់តែសោះ គឺព្រះអង្គម្ចាស់ប៊ល៏ត្ឆាន់ធ៏។ ស្ដេចអង្គនេះបានសោយទិវង្គតដោយសារមានរបួសក្នុងការប្រមាញ់ដំរីព្រៃមួយក្បាលនៅឆ្នាំ ១៤២១ ក្នុងព្រះជន្ម ៥៣ វស្សា។ ព្រះអង្គបានបន្សល់ទុកនូវនគរឯករាជ្យដ៏ខ្លាំងក្លាមួយឱ្យបណ្ដាជនមនដែលជានគរនៅគង់វង្សរុងរឿងថ្កុំថ្កើងក្នុងកំឡុងរយៈកាល ១១៨ ឆ្នាំ។ បច្ឆាញាតិបីអង្គរបស់ព្រះអង្គបានក្លាយជាស្ដេចគ្រងរាជ្យនៃនគរហង្សាវត្តីជាបន្តបន្ទាប់។ បុត្រីព្រះអង្គឝ៊ិនចៅពុគឺជារាជានុសិទ្ធិដំបូងគេ និងថែមទាំងជារាជានុសិទ្ធិស្រីតែមួយគត់ ហើយក៏ជាក្សត្រមួយអង្គផងដែរក្នុងចំណោមក្សត្រគ្រងរាជ្យប្រកបដោយបញ្ញាញាណបំផុតក្នុងប្រវត្តិសាស្ត្រភូមា។

រឿងរ៉ាវក្នុងរជ្ជកាលរបស់ព្រះបាទរាជាធិរាជត្រូវបានគេកត់ត្រាទុកក្នុងវីរកថាបុរាណដែលមានទំរង់ជាភាសាមន ភូមា និង សៀម។ ការតស៊ូរបស់ព្រះរាជាធិរាជទល់នឹង ព្រះបាទមិនហ្កោនទី១ និង អង្គមិនយ៉ឺទ្ជ៏ហ្ស្វាត្រូវបានគេនិទានជារឿងព្រេងក្នុងវប្បធម៌ប្រជាប្រិយរបស់ភូមា។

                                     

1. ការឡើងសោយរាជ្យ

នៅដើមឆ្នាំ ១៣៨៣ ពញាន្វេ មិនទាន់បានព្រះជន្ម ១៦ វស្សាផង ទ្រង់ក៏បានពង្រត់អភិសេកជាមួយព្រះភគិនីរួមបិតាតឹឡាមេឌ៏ ហើយបានភៀសព្រះកាយទៅកាន់ដាហ្កុន យ៉ាងហ្កន។ ព្រះមហាក្សត្រ ដែលទ្រង់ជិតសោយទិវង្គតទៅហើយនោះ បានលើកលែងទោសឱ្យបុត្រាបុត្រីទាំងពីររបស់ទ្រង់។ ប៉ុន្តែពួកអ្នកមានសិទ្ធិឡើងសោយរាជ្យដែលជាគូប្រជែង មានព្រះអគ្គមហេសី មហាទេវី/ស្មេនម្យូ និងលោកពញា អ្នកទាំងអស់នេះចង់កំចាត់ពញាន្វេ ហើយបានបញ្ជូនកងទ័ពទាំងបីកងទៅដាហ្កុន។ នៅឯដាហ្កុន ព្រះអង្គម្ចាស់វ័យក្មេងអង្គនេះ ត្រូវបានយកអសារដោយកងទ័ពស្មោះស្ម័គ្រ និង ពួកទាហានស៊ីឈ្នួលឥស្លាមដ៏ស្ដួចស្ដើង ដែលបានប្រុងជើងការការពារក្រុងនេះយ៉ាងរឹងមាំរួចជាស្រេចទៅហើយ។ ក្នុងរយៈកាលពីរបីថ្ងៃនៃការឡោមព័ទ្ធ កងទ័ពពីរកងដែលបានដឹកនាំដោយលោកពញា និង ប្យាត្តាបា ចៅហ្វាយស្រុកបះបោរនៃខេត្តមុំហ៍ បានដកថយ ហើយមានតែកងទ័ពដឹកនាំដោយស្មេនម្យូដែលបាននៅសេសសល់។ នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ១៣៨៣ ថ្ងៃទី ១០ កើត ខែណាយ៉ុន មី.ស. ៧៤៥ កងទ័ពរបស់ពញាន្វេបានបង្ក្រាបកងទ័ពរបស់ស្មេនម្យូ។ ស្មេនម្យូត្រូវបានចាប់ខ្លួន ហើយប្រហារជីវិតចោល។

នៅថ្ងៃទី ១០ ធ្នូ ១៣៨៣ ព្រះអង្គម្ចាស់វ័យក្មេងអង្គនេះ ខណៈនោះបានបរពលទៅកាន់បារគូ។ មិនយូរប៉ុន្មានបន្ទាប់ពីពួកគេបានទៅដល់បារគូ ពញាឧទ្រង់ក៏បានសោយទិវង្គត ហើយព្រះអង្គម្ចាស់វ័យក្មេងអង្គនេះភ្លាមៗក៏បានប្រកាសជាក្សត្រដោយពួកមន្ត្រីក្នុងរាជវាំងនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ១៣៨៤ ថ្ងៃ ១០ កើត ខែតាប៊ដ្វេ មី.ស. ៧៤៥។ ព្រះអង្គបានឡើងសោយរាជ្យដោយយកព្រះនាមសំរាប់រាជ្យថា រាជាធិរាជ ភាសាបាលី មានន័យថា ស្ដេចលើស្ដេច ក្នុងថ្ងៃទី ៤ មករា ឆ្នាំ ១៣៨៤ ថ្ងៃចន្ទ ១២ កើត ខែ តាប៊ដ្វេ មី.ស. ៧៤៥។

នៅពេលដែលទ្រង់បានសោយរាជ្យ រាជាធិរាជបានគ្រប់គ្រងត្រឹមតែខេត្តបារគូដែលស្ថិតនៅខាងក្រៅនៃតំបន់មនធំៗទាំងបីនៅឯភូមាក្រោម។ តំបន់មុំហ៍ត្រូវបានគ្រប់គ្រងដោយប្យាត្តាបា ហើយតំបន់ដីសណ្ដឥរាវត្តីស្ថិតនៅក្រោមការគ្រប់គ្រងនៃលោកពញានៃម្ចោងម្ចា។ រាជាធិរាជបានលើកលែងទោសដល់ព្រះមាតុច្ឆារបស់ទ្រង់មហាទេវី និងបានប្រគល់ដាហ្កុនឱ្យព្រះនាងជាសក្ដិភូមិ ប៉ុន្តែព្រះអង្គមិនអាចទិញទឹកព្រះទ័យរបស់ព្រះបិតុលាលោកពញារបស់ទ្រង់បានឡើយ។ លោកពញា ជារៀងដរាបមក ទ្រង់គ្រប់គ្រងសក្ដិភូមិរបស់ព្រះអង្គហាក់បីដូចជាក្សត្រទ្រង់រាជ្យមួយអង្គក្រោមរជ្ជកាលនៃព្រះភាតារបស់ទ្រង់ពញាឧ ទ្រង់មិនមានព្រះទ័យចុះចូលក្រោមព្រះភាគិនេយ្យវ័យស្របាលដប់វស្សាប្លាយរបស់ទ្រង់ឡើយ។ នៅឆ្នាំ ១៣៨៥ ខណៈពេលដែលព្រះរាជាធិរាជហៀបនឹងបរពលទៅកាន់ដីសណ្ដនោះទៅហើយ លោកពញាក៏ស្វះស្វែងជំនួយពីព្រះបាទស្វេស៊កឺនៃអវៈដែលបានសន្យាថានឹងចុះចូលនគរអវៈ។ ការទទួលការអញ្ជើញរបស់លោកពញាដោយព្រះបាទស្វេស៊កឺបានបង្កជាសង្គ្រាមសែសិបឆ្នាំរវាងអវៈ និង បារគូ។

                                     

2.1. សង្គ្រាមសែសិបឆ្នាំ ការបង្រួបបង្រួមភូមាក្រោម ១៣៨៥-១៣៩១

នៅឆ្នាំ ១៣៨៦ ស្វេស៊កឺបានផ្ដួចផ្ដើមឱ្យមានអរិភាពដែលបន្តអស់រយៈពេល ៤០ ឆ្នាំរវាងអវៈដែលនៅភាគខាងជើង និង ក្រុមនគររបស់ហង្សាវត្តីនៅភាគខាងត្បូង។ ស្វេស៊កឺបានផ្ដើមការលុកលុយហង្សាវត្តីជាពីរផ្លូវចុះទៅតាមដងទន្លេឥរាវត្តី និង ស៊ីត្តោង ហើយលោកពញាបានបញ្ជូនកងទ័ពរបស់ទ្រង់ចេញពីដីសណ្ដមក។ ក្សត្រវ័យក្មេងអង្គនេះមិនបានបាត់បង់សតិស្មារតីឡើយ ហើយបានបញ្ចៀសការលុកលុយទាំងនេះយ៉ាងជោគជ័យទៀតផង។ នៅឆ្នាំ ១៣៨៧ រាជាធិរាជបានបញ្ឈប់ការលុកលុយផ្សេងមួយទៀតរបស់ព្រះបាទស្វេស៊កឺ។

ទោះបីជាទទួលបានជោគជ័យពីការលុកលុយនេះមែន ក៏រាជាធិរាជឈ្វេងយល់ថាព្រះអង្គត្រូវតែ​ឯកភាពតំបន់ភូមាក្រោមទាំងបីឡើងវិញ បើសិនជាទ្រង់ចង់តតាំងនឹងអវៈដោយស្មើភាពគ្នានៅក្នុងរយៈកាលយូរ។ នៅឆ្នាំ ១៣៨៨/៨៩ រាជាធិរាជ និង មេទ័ពកំពូលរបស់ទ្រង់ ល្គុនអេនក្នុងយុទ្ធនាការយោធាជាបន្តបន្ទាប់ក៏ចាប់អនុវត្តទៅតាមព្រះរាជតំរិះរបស់ទ្រង់។ ពួកទ្រង់បានជ្រើសរើសយកការវាយប្រហារមុំហ៍មុនដំបូងគេ ដែលជាទឹកដីទទួលបានឯករាជ្យតាំងពីឆ្នាំ ១៣៦៣ ខណៈពេល វាជាក្រុងរបស់បច្ចាមិត្រដែលមានភាពទន់ខ្សោយជាងម្ចោងម្ចានៅក្នុងតំបន់ដីសណ្ដនោះ។ នៅឆ្នាំ ១៣៨៨ កងទ័ពបារគូបានកាន់កាប់មុំហ៍ បើទោះបីមានភាពលំបាកលំបិនខ្លាំងយ៉ាងណាក៏ដោយ។ កាលណោះរួមជាមួយមូលដ្ឋានទ័ពផ្នែកខាងក្រោយដ៏រឹងមាំ រាជាធិរាជបានរំកិលខ្លួនយ៉ាងលឿនដើម្បីយកជ័យជំនះលើតំបន់ដីសណ្ដ។ ដើមឡើយ ព្រះអង្គទទួលបរាជ័យ។ កងទ័ពព្រះអង្គមិនអាចដណ្ដើមយកបានម្ចោងម្ចាដែលមានការការពារយ៉ាងរឹងមាំបានឡើយ ហើយទ្រង់ក៏បានបរាជ័យ នៅកុសិមៈដែលមានការការពារដោយព្រះរាជបុត្រ និង ព្រះរាជសុណិសាទាំងពីរអង្គរបស់លោកពញា។ ក្រោយមកលោកពញាចេញក្រៅខ្សែត្រៀមរបស់ទ្រង់ ហើយទីនោះត្រូវបានកាន់កាប់បានដោយកងទ័ពរបស់រាជាធិរាជយ៉ាងឆាប់រហ័សដូចផ្លេកបន្ទោរ។ ម្ចោនម្ចាក៏បានចុះចាញ់។ ដីសណ្ដទាំងមូលក៏បានចុះចាញ់ជាបន្តបន្ទាប់។ បុត្រ និង បុត្រសុណិសាទាំងពីររបស់លោកពញាបានភៀសព្រះកាយទៅកាន់អវៈ។

ដោយរាតត្បាតលុកលុយតំបន់ទាំងបីនៃភូមាក្រោមទាំងអស់រួចហើយ រាជាធិរាជរកពង្រីកការគ្រប់គ្រងរបស់ខ្លួនទៅកានទិសខាងជើងទៀត។ នៅឆ្នាំ១៣៩០ ព្រះអង្គបានវាយប្រហារ និង សញ្ជ័យបានម្ចោងម្ចា ក្រុងទិសខាងជើងបំផុតក្នុងតំបន់ដីសណ្ដដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អវៈនៅឡើយ។ ព្រះអង្គបានបន្តដាក់ការឡោមព័ទ្ធប្រំម៍ ផ្យ៉ាយ ដែលនៅឆ្ងាយខាងលើឥរាវត្តី។ ប៉ុន្តែស្វេស៊កឺបានបញ្ជូនទាំងកងទ័ពជើងគោកនិងជើងទឹករួមគ្នា ហើយក៏បានបង្អាក់ការរុលទៅមុខរបស់ព្រះរាជាធិរាជ។ នៅឆ្នាំ ១៣៩១ រាជាធិរាជ និង ស្វេស៊កឺបានឈានដល់ការធ្វើយុទ្ធវិស្រម ផ្អាកសង្គ្រាម ដែលប្រគល់ការគ្រប់គ្រងឱ្យហង្សាវត្តីនូវការត្រួតត្រាម្ចោងម្ចា។ ហង្សាវត្តីកាលណោះបានគ្រប់គ្រងភូមាក្រោមទាំងមូល នៅភាគខាងត្បូងនៃប្រំម៍។ ឆ្នេរតនាវស្រីទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។ ការគ្រប់គ្រងរបស់រាជាធិរាជមិនបានពង្រីកខ្លាំងទៅដល់ឯនាយខាងត្បូងនៃម្ចោងម្ចាឡើយ។

                                     

2.2. សង្គ្រាមសែសិបឆ្នាំ ការប្រហារជីវិតប៊ល៏ត្ឆាន់ធ៏

រាជាធិរាជបានណាយព្រះទ័យនឹងម្ចាស់ស្នេហ៍គ្រាដំបូងរបស់ទ្រង់ ព្រះនាងតឹឡាមេឌ៏ ហើយបានទុកព្រះនាងចោល រួចក៏យករតនវត្ថុដែលជាព្រះរាជទានរបស់ព្រះបិតាព្រះនាង ព្រះបាទពញាឧទៅទាំងអស់។ ដោយគ្រាំគ្រាព្រះរាជហឫទ័យខ្លាំងពេក ព្រះនាងតឹឡាមេឌ៏ក៏បានធ្វើអត្តឃាតសំលាប់ខ្លួនទៅ។ ដោយទ្រង់សណ្ដាប់លឺថា បុត្រព្រះអង្គនិងព្រះនាង ព្រះអង្គម្ចាស់ប៊ល៏ត្ឆាន់ធ៏ ដែលប្រហែលត្រូវជាព្រះជន្ម ៧ វស្សា កំពុងតែរៀនជិះសេះ និងសំលៀងភ្លុកដំរី រាជាធិរាជក៏មានក្ដីវិតក្កថា ព្រះរាជបុត្រច្បងរបស់ទ្រង់នឹងក្បត់ នៅក្នុងកាលអនាគត ពីព្រោះព្រះអង្គ អង្គឯងមានបទពិសោធន៍បានបះបោរប្រឆាំងនឹងព្រះបិតារបស់ទ្រង់នៅក្នុងព្រះជន្មវ័យក្មេងដែរ។ ព្រះមហាក្សត្រអង្គនេះបានបញ្ជូនពេជឃាតទៅសំលាប់ព្រះបុត្រាវ័យក្មេងរបស់ទ្រង់។ តាមរយៈពង្សាវតារមន និងភូមាមួយចំនួន ព្រះអង្គម្ចាស់វ័យក្មេងនេះបានស្បថនូវពាក្យសម្បថគួរឱ្យភ័យខ្លាចមួយនៅចំពោះមុខពួកពេជឃាតមុនពេលសោយព្រះឱសថពុល:

ទូលព្រះបង្គំមិនបានរៀបចំឧបាយប្រឆាំងនឹងព្រះបិតារបស់ទូលព្រះបង្គំឡើយ។ មិនមានកំហុសមួយណាចោទប្រកាន់ទូលព្រះបង្គំបានឡើយ។ ព្រះបិតា និង មាតាទូលបង្គំក៏ធ្លាប់ជាបុត្រាបុត្រីមួយអង្គដែរ។ នៅពេលព្រះមាតាបានចំរើនវ័យក្លាយជាស្ត្រីពេញវ័យ ព្រះបិតាបានស្រវាយកសំរស់របស់ទ្រង់ ហើយក្រោយមកក៏បោះបង់ទ្រង់ចោល។ ទ្រង់ធ្លាប់ជាបុត្រីរបស់ព្រះមហាក្សត្រមួយអង្គ ក៏ប៉ុន្តែព្រះបិតាបានបណ្ដេញទ្រង់ចាកចេញដូចជាទាសី និង ធ្វើឱ្យទ្រង់ដល់នូវក្ដីមរណៈដ៏អកុសល។ បើសិនជាទូលបង្គំមានកំហុសដោយសារអំពើក្បត់ដោយការគិត ពាក្យសំដី រឺ ទង្វើ សូមឱ្យទូលបង្គំរងទុក្ខវេទនាក្នុងភ្លើងនរករាប់ពាន់ដង។ បើសិនជាទូលបង្គំគ្មានទោសពៃទេ សូមឱ្យទូលបង្គំបានកើតក្នុងព្រះរាជវង្សនៃព្រះមហាក្សត្រអវៈ ហើយសូមទូលបង្គំក្លាយជាក្ដីវិនាសនៃបណ្ដាជនមនទាំងឡាយ។

រាជាធិរាជកាន់តែមិនស្ងប់ព្រះទ័យ នៅពេលព្រះអង្គសណ្ដាប់លឺនូវពាក្យសម្បថយ៉ាងអស្ចារ្យនេះ។ ក្នុងពិភពជំនឿឆ្វេងនៃនយោបាយភូមា ព្រះអង្គត្រូវបានពញ្ញាក់អារម្មណ៍នៅពេលព្រះអគ្គមហេសីនៃព្រះអង្គម្ចាស់មិនហ្កោននៃអវៈបានចាញ់ព្រះគភ៌សោយតែព្រះស្ងោយផ្សេងៗដែលយកពីភូមាភាគខាងក្រោមមុនពេលព្រះនាងមានព្រះគភ៌។ ព្រះនាងបានផ្ដល់កំណើតឱ្យមិនយ៉ឺទ្ជ៏ហ្ស្វា មួយឆ្នាំបន្ទាប់ពីការចូលទិវង្គតនៃព្រះប៊ល៏ត្ឆាន់ធ៏។ ជាការពិត មិនយ៉ឺទ្ជ៏ហ្ស្វាក្រោយមកមានវ័យវឌ្ឍនាការធំឡើងក្លាយជាហាយនកររបស់ព្រះបាទរាជាធិរាជ។



                                     

2.3. សង្គ្រាមសែសិបឆ្នាំ ការវាយលុកចូលភូមាលើ ១៤០៤-១៤០៦

នៅខែ ឧសភា ឆ្នាំគ.ស. ១៤០០ ព្រះបាទស្វេស៊កឺនៃអវៈបានសោយទិវង្គត។ បន្ទាប់ពីវិបត្តិរាជបល្លង្កអស់រយៈពេល ៧ ខែមក ព្រះបាទតារាពញាត្រូវបានគេទំលាក់ចេញពីរាជសម្បត្តិ រាជបល្លង្កអវៈក៏ត្រូវបានធ្លាក់ក្នុងកណ្ដាប់ដៃនៃព្រះអង្គម្ចាស់មិនហ្កោនទី១វិញ ដែលទ្រង់ត្រូវបានស្វាគមន៍ភ្លាមៗដោយការបះបោរដ៏ធំមួយដោយលោកម្ចាស់នៃយ៉ាមេធិន។ ដោយឆ្លៀតឱកាសក្នុងភាពច្របូកច្របល់នេះ រាជាធិរាជបានបំពានល្មើសយុទ្ធវិស្រមនៅ ខែ វិច្ឆិកា ឆ្នាំគ.ស ១៤០៤ ខែនាតឌ៏ មី.ស. ៧៥៦ ហើយបានលុកលុយឡើងទៅភាគខាងលើប្រទេសជាមួយកងទ័ពទូកដ៏ច្រើនសន្ធឹក ទូក ៤០០០ ក្នុងចំណោមរាល់ការរៀបរាប់ រួមមានផ្ទុកដំរី និងសេះ។ រាជាធិរាជបានទុកឱ្យព្រះរាជបុត្រសុណិសាដាក់ទ័ពឡោមព័ទ្ធប្រំម៍ ខណៈពេលដែលព្រះរាជាធិរាជក៏ដាក់ទ័ពឡោមព័ទ្ធអវៈដែរ។ ព្រះបាទមិនហ្កោនគ្មានកងទ័ពទូកដើម្បីតទល់នឹងរាជាធិរាជឡើយ ហើយក៏បានចេញរាជបញ្ជាឱ្យការពារពីក្រោយកំពែងដ៏មាំមួននៃនគរអវៈ និងប្រំម៍។ ទីក្រុងបុរីដ៏រឹងមាំទាំងពីរនេះមិនងាយវាយដណ្ដើមយកបានដោយកងទ័ពហង្សាវត្តីឡើយ។ ចៅហ្វាយស្រុកខែត្រប្រំម៍ លេត្យាផ្យានឈី ព្រះរាជសុណិសានៃលោកពញា បានបំបែកការឡោមព័ទ្ធដោយព្រះរាជសុណិសារបស់រាជាធិរាជ ហើយបានចាប់យកបុត្រីរបស់ព្រះបាទរាជាធិរាជទៅ។ នៅអវៈដែរ រាជាធិរាជមិនបានត្រៀមសំរាប់ការឡោមព័ទ្ធរយៈពេលយូរឡើយ ទ្រង់ក៏បានដកទ័ពថយបន្ទាប់ពីព្រះសណ្ដាប់ធម្មទេសនារបស់ព្រះភិក្ខុមួយអង្គនិយាយអំពីភាពឃោរឃៅនៃសង្គ្រាម។ ព្រះអង្គបានប្រហារជីវិតព្រះរាជសុណិសារបស់ទ្រង់ ដែលបរាជ័យក្នុងការការពារព្រះរាជបុត្រីរបស់ទ្រង់ពីការចាប់ព្រះកាយនៅប្រំម៍។

ព្រះបាទមិនហ្កោនបានលើកបុត្រីរបស់រាជាធិរាជជាព្រះមហេសីមួយអង្គ។ ដោយខកព្រះទ័យ រាជាធិរាជត្រូវរង់ចាំរហូតដល់ចុងរដូវវស្សាឆ្នាំក្រោយ មុនពេលព្រះអង្គត្រៀមខ្លួនវាយលុកអវៈម្ដងទៀត។ នៅចុងឆ្នាំ ១៤០៥ ព្រះអង្គបានចេញសំពៅឡើងទៅតាមទន្លេឥរាវត្តីដុតជង្រុកស្បៀង និងទូកជាច្រើនតាមផ្លូវ។ ប្រំម៍ត្រូវបានឡោមព័ទ្ធម្ដងទៀត។ យ៉ាងណាមិញ ព្រះរាជាធិរាជត្រូវព្រលែងការឡោមព័ទ្ធនៅគ្រាណាមួយ, នៅខែ មករា ឆ្នាំ ១៤០៦ កងទ័ពរបស់មិនហ្កោនក៏បានមកដល់ចុះពីប្រទេសដែលនៅខាងលើ។ ប៉ុន្តែកងទ័ពទូករបស់រាជាធិរាជបានបន្តគ្រប់គ្រងពីត្រើយម្ខាងទៅម្ខាងនៃទន្លេឥរាវត្តីទាំងមូល ហើយបន្តប្រើប្រាស់កលយុទ្ធដីខ្លោចតាមដងទន្លេ ដែលរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ស្បៀង និងធនធានភោគទ្រព្យរបស់មិនហ្កោន។

                                     

2.4. សង្គ្រាមសែសិបឆ្នាំ យុទ្ធវិស្រមលើកទីពីរ ១៤០៦

ក្នុងឆ្នាំ ១៤០៦ មិនហ្កោនបានស្វះស្វែងរកសន្តិភាព។ ក្សត្រទាំងពីរអង្គបានជួបគ្នានៅវត្តឝ្វេសានឌ៏នៅប្រំម៍។ មិនហ្កោនបានថ្វាយព្រះភគិនីទៅឱ្យព្រះរាជាធិរាជអភិសេក ដែលដោះដូរមកវិញនូវពន្ធគយនៅកំពង់ផែកុសិមៈ។ នេះបង្ហាញថាវាជាហេតុមួយក្នុងចំណោមហេតុផលនៃសង្គ្រាមសែសិបឆ្នាំ ដែលវាគឺជាភាពចាំបាច់របស់អវៈដើម្បីមានច្រកចេញចូលទៅកាន់កំពង់ផែសមុទ្រ។ កិច្ចសំរុះសំរួលនេះក្នុងការអនុវត្តបានក្លាយជាអសារបង់រហូតដល់បរាជ័យ ខណៈពេលកុសិមៈត្រូវស្ថិតក្រោមចៅហ្វាយពីរ។ ព្រំសីមានៃនគរទាំងពីរបានប្រែប្រួលតិចតួចនៅខាងត្បូងប្រំម៍។

                                     

2.5. សង្គ្រាមសែសិបឆ្នាំ ការលុកលុយរក្ខៈ និង ការបន្តអរិភាព ១៤០៦-១៤០៩

យុទ្ធវិស្រមលើកទីពីរមិនបានបន្តលើសពីមួយឆ្នាំឡើយ ខណៈពេលដែលគ្មានក្សត្រអង្គណាទុកព្រះទ័យលើគ្នា។ មិនហ្កោនបានប្រកាន់ខ្ញាល់នៅពេលដែលយោធភូមិរបស់ហង្សាវត្តីបានតាំងនៅលើព្រំប្រទល់ក្បែរប្រំម៍។ ភ្លាមៗរួចពីយុទ្ធវិស្រមជាមួយរាជាធិរាជមក មិនហ្កោនបានបញ្ជូនកងទ័ពមួយកងទៅកាន់កាប់រក្ខៈ ដែលកំពុងវាយឆ្មក់ទឹកដីរបស់ទ្រង់។ ដើម្បីកាត់បន្ថយភវនីយភាពនៃការវាយលុកឆ្លៀតឱកាសរបស់រាជាធិរាជពីខាងត្បូង មិនហ្កោនក៏បានបញ្ជូនព្រះរាជសារចងសម្ព័ន្ធមួយទៅកាន់ព្រះចៅលាននា ជើងថ្មី ឬ ឈៀងម៉ៃ ដោយទូលសុំជាចុងក្រោយឱ្យឈ្លានពានហង្សាវត្តីពីខាងត្បូង។ ប៉ុន្តែព្រះរាជាសារត្រូវបានលួចស្ទាក់បានដោយពួករាជបំរើរបស់រាជាធិរាជ។ លើសពីនោះ មិនហ្កោនបានតែងតាំងព្រះរាជបុត្រធំរបស់ទ្រង់ មិនយ៉ឺទ្ជ៏ហ្ស្វា ជាព្រះរជ្ជទាយាទ។ មិនយ៉ឺទ្ជ៏ហ្ស្វា ត្រូវនគរទាំងពីរជឿយ៉ាងមុតមាំថាជាជាតិថ្មីនៃព្រះអង្គម្ចាស់មនដែលត្រូវបានគេប្រហារជីវិតដោយគ្មានកំហុស។ ដោយហេតុ កាលណោះព្រះភាតារបស់មិនហ្កោន ព្រះសេដ៏ ទ្រង់យល់ថាព្រះអង្គគួរតែទទួលតំណែងជារជ្ជទាយាទ ទ្រង់ក៏បានភៀសព្រះកាយពីអវៈ ហើយថ្វាយខ្លួនទៅបំរើរាជាធិរាជ ចំណែករាជាធិរាជបានត្រៀមទទួលការថ្វាយខ្លួនរួចជាស្រេច និងបានប្រគល់ព្រះភគិនីរបស់ទ្រង់ទៅអោយសេដ៏រៀបអភិសេក ដោយដឹងយ៉ាងពិតប្រាកដថាវាជាការប្រកាសសង្គ្រាម។

រាជាធិរាជមិនអាចអោយរក្ខៈធ្លាក់ក្រោមដៃអវៈឡើយ ហើយទ្រង់ក៏បានបញ្ជូនកងទ័ពទ្រង់ពីកុសិមៈដើម្បីបណ្ដេញកងទ័ពអវៈចេញ ដែលកាលណោះកងទ័ពអវៈកំពុងកាន់កាប់រក្ខៈ។ នៅឯរាជធានីរក្ខៈ ឡោនក្យ៉ឺម្ជ កងទ័ពហង្សាវត្តីបានទទួលជ័យជំនះ។ ចំណោមអ្នកដែលត្រូវបានគេចាប់ខ្លួនបានគឺ អនិរុទ្ធ ចៅហ្វាយស្រុកអវៈថ្មីនៅរក្ខៈ និងភរិយាចៅផ្យ៉េចន្ទ ជាបុត្រីរបស់ព្រះបាទមិនហ្កោន និងត្រូវជាព្រះភគិនីរបស់មិនយ៉ឺទ្ជ៏ហ្ស្វា រួមគ្នាជាមួយកងទ័ពអវៈ ៣០០០ នាក់។ រាជាធិរាជបានលើកបន្តុបព្រះអង្គម្ចាស់រក្ខៈមួយអង្គជាក្សត្រនៃរក្ខៈ។ រាជាធិរាជបានប្រហារជីវិតបុត្រប្រសារបស់ស្ដេចមិនហ្កោនចោល ហើយយកបុត្រីរបស់ទ្រង់ធ្វើជាមហេសី។ ដោយមានព្រះទ័យខឹងក្រោធ ព្រះបានមិនហ្កោនបានលុកលុយប្រទេសហង្សាវត្តីក្នុង ខែ ឧសភា ១៤០៧ នៅដើមរដូវវស្សាប្រឆាំងនឹងយោបល់ពួកមន្ត្រីរបស់ព្រះអង្គ។ កងទ័ពអវៈបានជាប់ផុងក្នុងវាលភក់នៅភូមាក្រោម ហើយក៏ទទួលបរាជ័យយ៉ាងដំណំ។

នៅឆ្នាំ ១៤០៨ មិនហ្កោនត្រូវការពារទល់នឹងពួកឈ្លានពានឝានពីខាងជើង និងមិនអាចលុកលុយទៅភាគខាងត្បូងបានឡើយ។ នៅឆ្នាំ ១៤០៩ មិនហ្កោនបានលុកលុយភាគខាងត្បូងម្ដងទៀត ហើយបានរុលទៅដល់ជាយនៃក្រុងបារគូ។ កងទ័ពមិនហ្កោនបានឡោមព័ទ្ធជារបងក្បែរភែនក្យ។ រាជាធិរាជព្យាយាមបំបែកការឡោមព័ទ្ធដោយបញ្ជូនកងទ័ពពិសេសទៅធ្វើគតមិនហ្កោន។ ដោយមានជំនួយពីសេដ៏ កងឯកភាពទ័ពហង្សាវត្តីស្ទើរតែពួនស្ទាក់ចាប់ស្ដេចមិនហ្កោន និងអង្គរក្សបានទៅហើយ ក៏ប៉ុន្តែនៅក្នុងខណៈពេលសំខាន់នោះ សេដ៏ក៏បានប្រាប់ព្រះភាតារបស់ទ្រង់ឱ្យដឹងជាមុន ហើយមិនហ្កោន​ និង រាជបរិពាររបស់ទ្រង់ក៏បានភៀសព្រះកាយគេចខ្លួចបាត់ទៅ។ រាជាធិរាជបានប្រហារជីវិតសេដ៏។ រាជាធិរាជបានបញ្ជូនកងទ័ពមួយកងតូចទៀតដែលដឹកនាំដោយមេទ័ពរបស់ព្រះអង្គល្គុនអេនលបចូលក្នុងជំរំសត្រូវ ហើយធ្វើគតមិនហ្កោន។ ល្គុនអេនបានចូលទៅដល់ព្រះពន្លារបស់មិនហ្កោន ប៉ុន្តែដោយលោកជាមេទ័ពប្រកបដោយគុណធម៌ លោកបានបញ្ឈប់ការធ្វើគតក្សត្រជាសត្រូវដែលកំពុងតែផ្ទំលក់។ នៅដើមវស្សានរដូវ ខ្សែទំនាក់ទំនង និងខ្សែផ្គត់ផ្គង់ស្បៀងរបស់មិនហ្កោនត្រូវបានកាត់ផ្ដាច់។ រាជាធិរាជបានចេញពីបារគូ ហើយវាយប្រហារកងទ័ពមិនហ្កោន។ ក្សត្រទាំងពីរអង្គបានចូលប្រឡូកក្នុងសមរភូមិដ៏អស្ចារ្យមួយនៅក្យាតផ៏ត៏ក្បែរបារគូ។ រាជាធិរាជក៏បានបញ្ជាដំរីព្រះអង្គដោយផ្ទាល់តំរង់ទៅមិនហ្កោន ដែលបន្ទាប់មកជល់គ្នាយ៉ាងស្វិតស្វាញ ប៉ុន្តែមិនអាចស៊ូបាន ដូច្នេះព្រះអង្គមិនហ្កោនក៏ត្រូវបញ្ជាដំរីចេញទៅឆ្ងាយវិញ។ ប្រហែលពីរភាគបីនៃកងទ័ពរបស់អវៈឈ្លានពានរួមមានដំរីសឹក និង កងទ័ពសេះត្រូវកៀរបានទាំងអស់។ រាជាធិរាជក៏បានដណ្ដើមបានអគ្គមហេសីមិនហ្កោន ឝ៊ីនមីណោ។ ព្រះអង្គក្នុងគ្រានោះមានទាំងមាតានិងបុត្រជាមហេសីឃុំទុកក្នុងដំណាក់ស្រីស្នំរបស់ទ្រង់។



                                     

2.6. សង្គ្រាមសែសិបឆ្នាំ ប៉ុន្មានឆ្នាំនៃមិនយ៉ឺទ្ជ៏ហ្ស្វា ១៤១០-១៤១៧

បន្ទាប់ពីការបរាជ័យយ៉ាងដំណំមក មិនយ៉ឺទ្ជ៏ហ្ស្វាបានទទួលនាទីជំនួសព្រះបិតារបស់ទ្រង់ជាមេដឹកនាំបេសនកម្មយោធារបស់អវៈតទល់នឹងកងទ័ពភាគខាងត្បូង។ មិនយ៉ឺទ្ជ៏ហ្ស្វាប្រឹងប្រែងយ៉ាងខ្លាំងដើម្បីវាយបង្ក្រាបរាជាធិរាជដោយហេតុថាព្រះមាតា និងព្រះភគិនីរបស់ទ្រង់ជាឈ្លើសឃុំនៅក្នុងដំណាក់ស្រីស្នំរបស់រាជាធិរាជ។ នៅឆ្នាំ ១៤១០ មិនយ៉ឺទ្ជ៏ហ្ស្វាបានលុកលុយតំបន់ដីសណ្ដ ប៉ុន្តែត្រូវបានរុញច្រានត្រឡប់ទៅវិញ។ នៅដើមឆ្នាំ ១៤១២ មិនយ៉ឺទ្ជ៏ហ្ស្វាបានលុកលុយរក្ខៈ និងបានបណ្ដេញស្ដេចបន្តុបដោយហង្សាវត្តីចុះចេញពីរាជសម្បត្តិ។ នៅខែ ធ្នូ ឆ្នាំ ១៤១២ ខណៈពេលដែល មិនយ៉ឺទ្ជ៏ហ្ស្វាកំពុងប្រយុទ្ធតទល់នឹងរដ្ឋសេន្នីរបស់ឝាននៅភាគខាងជើង រាជាធិរាជក៏បានដឹកនាំកងសំពៅតូចរបស់ទ្រង់ឡើងទៅទន្លេឥរាវត្តី។ ប៉ុន្តែ ព្រះអង្គក៏បានដកថយមួយរំពេច នៅពេលមុំហ៍បានស្ថិតនៅក្រោមការវាយប្រហាររបស់កងទ័ពសៀម។ តែទ្រង់ក៏បានបញ្ជូនកងទ័ពមួយកងពលទៅកាន់រក្ខៈ ហើយដកក្សត្រដែលបន្តុបដោយអវៈចេញនៅឆ្នាំ ១៤១៣។

ក្នុងប៉ុន្មានឆ្នាំចាប់ពី ១៤១៤-១៤១៦ បានបង្ហាញឱ្យឃើញថាជាកំឡុងប៉ុន្មានឆ្នាំដ៏សែនអាក្រក់បំផុតក្នុងរជ្ជកាលរបស់រាជាធិរាជ។ ដោយបង្ក្រាបរដ្ឋសេន្នីរបស់ឝាននៅភាគខាងជើងបានហើយ មិនយ៉ឺទ្ជ៏ហ្ស្វាកាលណោះក៏បានឈ្លានពានតំបន់ដីសណ្ដដោយកងរេហ៍ពលមីរដេរដាសនៅខែ វិច្ឆិកា ឆ្នាំ ១៤១៤។ ជិតដល់ឆ្នាំ ១៤១៦ ព្រះអង្គម្ចាស់ដ៏អង់អាចក្លាហានរបស់អវៈអង្គនេះបានសង្គ្រប់បានដីសណ្ដទាំងមូលនៅភាគខាងលិច និងបានកាន់កាប់បានរហូតដល់ជាយនៃក្រុងបារគូនៅភាគខាងកើត។ ក្នុងស្ថានការណ៍បន្តបន្ទាប់នៃការវាយប្រយុទ្ធនេះ រាជាធិរាជបានភៀសព្រះកាយទៅកាន់មុំហ៍។ ក្សត្រអង្គនេះបាននឹកក្នុងព្រះទ័យដោយលុតព្រះជានុដោយអស់សង្ឃឹមថា:

"ហេតុអ្វី កាលអញមានវ័យដប់ប្រាំមួយវស្សាមានត្រឹមតែមនុស្សតែសែសិបនាក់ អញអាចយកបានមួយចំហៀងនគរទៅហើយ។ មិនហ្កោនមានតែបុត្រាមួយអង្គគត់តែជាបុត្រាបានការ ខុសស្រឡះពីអញដែលមកដល់ពេលនេះមានបុត្រាច្រើនតែគ្មានមួយណាបានការទាល់តែសោះ។"

ជាភ័ព្វព្រេងរបស់រាជាធិរាជវិញ មិនយ៉ឺទ្ជ៏ហ្ស្វាត្រូវរបួសដល់សុគតក្នុងសមរភូមិនៅដាឡា ហើយត្រូវបានចាប់ព្រះកាយបានដោយកងទ័ពហង្សាវត្តីក្នុងខែ មីនា ឆ្នាំ ១៤១៧។ រាជពង្សាវតារមនមួយចំនួននិយាយថា មិនយ៉ឺទ្ជ៏ហ្ស្វាបានសុគតដោយសាររបួសរបស់ទ្រង់ ប៉ុន្តែពង្សាវតារភូមាខ្លះបានពោលថា ទ្រង់ត្រូវបានគេប្រហារជីវិត។ ពង្សាវតារមនខ្លះពោលថា រាជាធិរាជបានចេញរាជបញ្ជាឱ្យយកព្រះសពមិនយ៉ឺទ្ជ៏ហ្ស្វាបញ្ចុះទៅតាមព្រះរាជកិត្តិយសជាខត្តិយវង្ស។

                                     

2.7. សង្គ្រាមសែសិបឆ្នាំ ប៉ុន្មានឆ្នាំចុងក្រោយ ១៤១៧–១៤២១

ការសុគតរបស់មិនយ៉ឺទ្ជ៏ហ្ស្វាគឺជាចំណុចផ្ដើមនៃទីបញ្ចប់នៃសង្គ្រាមដែលបានអូសបន្លាយជាច្រើនទសវត្ស។ ដោយគ្មានមេដឹកនាំខ្លាំងពូកែ កងទ័ពអវៈក៏បានប្រែក្លាយជាវឹកវរ ហើយត្រូវបង្ខំឱ្យដកទ័ពថយទៅភាគខាងជើងដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ឝានសាជាថ្មីទៀត។ មិនហ្កោនបានចេញយុទ្ធនាការសាជាថ្មី ដោយបរពលទៅកុសិមៈ និងម្ចោងម្ចា។ ហង្សាវត្តីក៏បានបរពលទៅភាគខាងជើងតោនងុក្នុងឆ្នាំ ១៤១៧ និង អវៈបានបរពលទៅភាគខាងត្បូងបារគូក្នុងឆ្នាំ ១៤១៨ ប៉ុន្តែការប្រយុទ្ធគ្នារវាងអវៈ និង បារគូបានបញ្ចប់មួយរយៈកាល។

                                     

2.8. សង្គ្រាមសែសិបឆ្នាំ ការសោយទិវង្គត

មិនហ្កោនបានសោយទិវង្គតនៅដើមឆ្នាំ ១៤២២។ តាមរយៈពង្សាវតារភូមាខ្លះ នៅពេលដំណឹងនេះបានទៅដល់រាជាធិរាជ ព្រះអង្គបានសោកស្ដាយថា: ព្រះភាតាអញ រាជសត្រូវអញ គូប្រជែងអញ គូកនអញ ជីវិតអញនឹងសូន្យសុងបើគ្មានព្រះអង្គ។ តាមរយៈពង្សាវតារភូមាដដែល រាជាធិរាជព្រះអង្គឯងក៏មានរបួសដល់សោយទិវង្គតដោយសារតែការប្រមាញ់ដំរីព្រៃមួយក្បាលក្បែរតំបន់ភ្នំបារគូយមភាគខាងជើងបារគូដែរ ដោយព្រះអង្គចូលទិវង្គត នៅរ.ខែ កុម្ភៈ/មីនា ឆ្នាំ ១៤២២។ ការរៀបរាប់ដែលបានផ្ដល់ឱ្យក្នុងកំណត់ត្រាមនខុសពីនេះ។ ការនិទានរបស់មនក៏និយាយថារាជាធិរាជក៏បានសុគតដោយសារតែឧប្បត្តិវហេតុប្រមាញ់សត្វដែរ ក៏ប៉ុន្តែទ្រង់បានសោយទិវង្គតរង្វង់ខែ កុម្ភៈ ១៤២១ វិញ។ ព្រះអង្គត្រូវបានគេបញ្ចុះនៅក្បែរកាម៉ាថាមេនផែក ភាគខាងជើងបារគូ។ សង្គ្រាមបានអូសបន្លាយរហូតរវាងអ្នកស្នងរាជ្យបន្តបន្ទាប់ពីរាជាធិរាជ និង មិនហ្កោនអស់រយៈពេលជាច្រើនឆ្នាំទៀត ប៉ុន្តែសង្គ្រាមនេះជាយថាហេតុបានផ្ដល់ជាវិថីទៅកាន់សម័យកាលសន្តិភាពយូរអង្វែងមួយនៅភាគខាងត្បូងទៅវិញ។

                                     

3. រដ្ឋបាល

ជិតដល់ឆ្នាំ ១៣៩០ រាជាធិរាជបានឯកភាពខេត្តសំខាន់ទាំងបីឡើងវិញ បារគូ, មុំហ៍ និងកុសិមៈ/ដីសណ្ដឥរាវត្តី ឱ្យស្ថិតក្រោមការដឹកនាំរបស់ទ្រង់។ តាមរយៈពង្សាវតារមនមួយចំនួន ពោលថា ស្ដេចអង្គនេះតាមដែលដឹងបានរៀបចំចាត់តាំងខេត្តទាំងបីនេះឱ្យទៅជាក្រុង/ស្រុក ៣២ "ម្យ៉ុស" ជាការពិត ទ្រង់មិនមែនជាអ្នកទីមួយទេដែលធ្វើដូច្នេះ។ ស្របពេល ដែលការស្រាវជ្រាវចុងក្រោយក៏គ្មានភស្តុតាងបញ្ជាក់ផងដែរ ថារាជាធិរាជជាអ្នកដំបូងដែលរៀបចំចាត់ចែងខេត្តនេះឱ្យទៅជា ៣២ ចំណែកដូចគ្នា។

                                     

4. រាជាធិរាជក្នុងវប្បធម៌ប្រជាប្រិយ

រឿងរ៉ាវក្នុងរជ្ជកាលរបស់រាជាធិរាជត្រូវបានកត់ត្រាទុកក្នុងវីរកថាបុរាណ ហៅថា រាជាធិរាជអរិយទេវង្ស ដែលបន្សល់ទុកជាទំរង់ភាសាមន និង ភាសាភូមា។ វីរកថានេះត្រូវបានបកប្រែទៅជាភាសាសៀមដោយព្រះឃ្លាំងកំឡុងរជ្ជកាលនៃព្រះបាទពុទ្ធយ៉តហ្វាចុល្លលោក ១៧៨២-១៨០៩ ហើយក៏ល្បីល្បាញក្នុងប្រទេសថៃ។ សព្វថ្ងៃ ទ្វន្ទយធរបស់មិនយ៉ឺទ្ជ៏ហ្ស្វា និងរាជាធិរាជបានលេចធ្លោក្នុងសៀវភៅពុម្ពភូមា។ វីរកថារបស់រាជាធិរាជតតាំងនឹងមិនហ្កោនទី១ និង មិនយ៉ឺទ្ជ៏ហ្ស្វានៃអវៈគឺជាផ្នែកនៃរឿងរ៉ាវនៃរឿងនិទានបុរាណក្នុងវប្បធម៌ប្រជាប្រិយរបស់ភូមានាពេលបច្ចុប្បន្ន។

                                     

5. គន្ថនិទ្ទេសន៍

  • Phayre, Major Gen. Sir Arthur P. 1873 "The History of Pegu" Journal of Asiatic Society of Bengal Oxford University 42
  • Htin Aung, Maung 1967 A History of Burma New York and London: Cambridge University Press
  • Jon Fernquest Spring 2006 "Rajadhirats Mask of Command: Military Leadership in Burma c. 1384–1421" PDF SBBR 4 1
  • Phayre, Lt. Gen. Sir Arthur P. 1883 History of Burma 1967 ed. London: Susil Gupta
  • Harvey, G. E. 1925 History of Burma: From the Earliest Times to 10 March 1824 London: Frank Cass & Co. Ltd
  • Royal Historical Commission of Burma 1832 Hmannan Yazawin Burmese 1–3 2003 ed. Yangon: Ministry of Information, Myanmar CS1 maint: Unrecognized language link
  • Pan Hla, Nai 1968 Razadarit Ayedawbon Burmese 8th printing, 2005 ed. Yangon: Armanthit Sarpay CS1 maint: Unrecognized language link
  • Shorto, H.L. 1963 "The 32 "Myos" in the Medieval Mon Kingdom" Bulletin of the School of Oriental and African Studies, University of London Cambridge University Press 26 3 doi:10.1017/s0041977x00070336 JSTOR 611567

ទំព័រគំរូ:Burmese monarchs