Back

ⓘ នភ ហង្សផលា




                                               

កាន់ដៃស្នេហ៍

ច្រៀងដោយ នភ ហង្សផលា និង នភ ផលាកល្យាណ និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ ១.​ ប កាន់ដៃបងមកណាកនិដ្ឋា ​​ឆ្លងមេឃស្នេហាសែនភក្តី ស្តាប់សៀងបេះដូងឆ្លើយសម្តី ក្នុងដួងហប្ញទ័យសែនសុខរមនា។ ២. ស កាន់ដៃអូនហើយកុំឡើយលែង ឲ្យស្រីនៅចំបែងរែងរងា សូមតែស្មោះពិតចំពោះគ្នា ក្នុងដួងទ័យាស្មោះលុះថ្ងៃសូន្យ។ បន្ទរ. ប ដៃបងទាំងទ្វេ មាសមេរៀមក្រសោបអោបមាសស្ងួន បេះដូងជូនអូន នឹមនួនជឿចិត្តបងណាវរលក្ខណ៍ ស ខ្នើយមេត្រីអូនសូមឆ្លាក់ ប ស ឈ្មោះយើងពីរនាក់ ជាក់ជាគូគាប់។ ៣. ប ស យើងកាន់ដៃគ្នាលុះអវសាន បេះដូងពីរប្រាណសូមចងភ្ជាប់ ស្នេហ៍ភក្តីជាផលភ័ព្វ មង្គលជាទ្រព្យ ស្មោះលុះថ្ងៃសូន្យ ផ្ទួន៕

                                               

សៀងចិន្តា

ច្រៀងដោយ នភ ហង្សផលា និងនភ ផលាកល្យាណ និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ គ្រហឹម ហ៊ឺៗ!!!!!​ហ៊ឺៗៗៗៗ!!!! ហ៊ឺៗៗៗៗៗៗ!!!!. ១. សព្ទសៀងចិន្តា ចរចាឆ្លើយឆ្លង សំនៀងបេះដូងលោមដួងចិត្តស្នេហ៍ ស្រទន់មានន័យ ពិរោះម៉្លេះទេ ភ្លឺថ្លាដូចខែរះពេ​ញបូរមី ។ ២. សៀងបេះដូងពីរ ជីវីតែមួយ ឧិរារញ្ជួយរំភើបណាស់ថ្លៃ ក្តីស្នេហ៍បរិសុទ្ធ ផុតក្នុងលោកីយ៍ ពណ្ណរាយរស្មីដូចសែងសុរិយា ។ បន្ទរ. ចម្រៀងមួយបទ យើងកត់ត្រាពីរនាក់ រាយទំនុកឆ្លាក់ហប្ញទ័យស្នេហា តន្ត្រីដួងចិត្ត និត្យពីរកាយា ចំណងវាសនាចិន្តាសែនស្មោះ ។ ៤. បេះដូងពីរពិត ចិត្តយើងដូចគ្នា​​ ជាគូរមនារីករាយសែនស្រស់ សៀងស្នេហ៍មង្គល ប្រគំពីរោះ លុះគ្រាយើងអស់សង្ខាររៀងអើយ ៕ គ្រហឹម ...

                                               

ឆ្នេរខ្សាច់ប្រលោមស្នេហ៍

ច្រៀងដោយ នភ ហង្សផលា និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ ១. ចន្ទ្រារះផូរផង់ រៀមនិងឆោមយង់ស្ម័គ្រមេត្រី តារាជាសាក្សី កត់ត្រាសម្តីភក្តីស្នេហ៍។ ២. រលកប្រដេញគ្នា រមនាដួងចិត្តម្លេះទេ ជំនោរក្រោមដួងខែ​ ​​​​​​​​​​​​​ហាក់សៀងបំពេរប្រលោមចិត្ត។ បន្ទរ. ឆ្នេរខ្សាច់អន្លាយ ពន្លឺផ្កាយល្អប្រណីត រាត្រីសែនអម្រិត ពីរកាយស្នេហ៍ស្និទ្ធ រួមចិត្តតែមួយ ផ្ទួន៕

                                               

សូមផ្ការីកម្ដងទៀត

ច្រៀងដោយ នភ ហង្សផលា និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ ១. បុប្ផាអើយ! រីកពេលព្រឹកព្រលឹម ផ្ដល់ក្ដីសង្ឃឹម សង្ឃឹម អោយខ្ញុំញញឹមជាថ្មី។ ២. ឱ! បុប្ផា សាយក្លិនក្រអូបក្រៃ រីកស្រស់ប្រិមប្រិយ ប្រិមប្រិយ អោយហឫទ័យរមនា។ R. បុប្ផារីកស្រស់ក្រពុំ ក្រពុំ ចោលលំអងស្នេហ៍គាប់ទ័យា ខ្ញុំសូមថ្នមថើប ស្រង់គន្ធា គ្រប់វេលា មិនអោយឃ្លាត។ ៣. ក្លិនផ្កាអើយ! ក្លិនពិដោរធម្មជាតិ ស្អែករីកម្ដងទៀត ម្ដងទៀត អោយខ្ញុំញញឹមជាថ្មី…

                                               

ស្មារតីកូនខ្មែរ

ចង្វាក់រាំក្បាច់ ច្រៀងដោយ នភ ហង្សផលា និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ 1/ យើងជាកូនខ្មែរ រក្សាធួនថែតម្លែជាតិ អរិយធម៌ថ្លៃថ្លាវរនាឋ ធនធានធម្មជាតិ ដែនដីសីមា ដំណែលដូនតា ពង្សអ្នកក្សេមក្សាន្ត។ 2/ យើងមិនប្រហែស កសាងចំណេះ ប្រសើរកល្យាណ ទូន្មានខ្លួនល្អ បន្តសន្តាន អំបូរថ្កើងថ្កាន សុខសាន្តសិរី ជាជាតិប្រពៃ ស្កឹមស្កៃបវរ។ 3/ យើងជាកូនខ្មែរ សច្ចាធួនថែ តរាប់តំណ សិល្បៈរចនា ប្រាសាទអង្គរ សម្បត្តិវប្បធម៌ អក្សរសាស្រ្តា ស្នាដៃអស្ចារ្យ ខេមរារុងរឿង ស្ទួន ចប់

                                               

សម្រស់វង់ភក្រ្ត

ច្រៀងដោយ នភ ហង្សផលា និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ ១. ភក្រ្តអូនញញឹម ផ្តល់ក្តីសង្ឃឹមក្នុងជីវិតបង ញញឹម ៗ ស្រស់បំព្រង រំភើបកន្លងក្នុងចិន្តា ហ៊ឺៗៗ!!!!. ២. ភក្ត្រាស្រទន់ អោយរៀមគយគន់គួចចិត្តស្នេហា ថ្ងៃយប់សុបិនតែកនិដ្ឋា ដួងចិត្តប្រាថ្នាជួបជាគូ។ បន្ទរ.កេសាស្រស់ស្រីខ្មៅរលោង នេត្រាថ្លាយង់ចិញ្ចើមខ្វង់ដូចឥន្ទនូ ភក្រ្តាញញឹមស្រស់ប៉ប្រឹមដូចគំនូរ​ ផែនថ្ពាល់ទាំងគូ គន់មើលយូរ រឹតតែស្នេហា ហ៊ឺៗៗ!!! ៣. ឧិ! ភក្រ្តសែនស្រស់ បងលង់សម្រស់ក្រពុំបុប្ផា ផ្សងបីត្រកងក្នុងវង់ហត្ថា ប្រលោមស្នេហារៀងរាល់រាត្រី ហ៊ឺៗៗ!!!

                                               

ឆោមស្រស់

ច្រៀងដោយ នភ ហង្សផលា និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ ១.​ ឆោមស្រស់កល្យាណសំណព្វដួងចិត្ត​​​ ក្នុងមួយជីវិតរៀមពិតស្នេហ៍ស្រី ប្រាថ្នាជាគូ រួមរស់មេត្រី គាប់ដួងហឬទ័យពេញក្នុងឧិរា។ ២.​ រៀមគ្មានទ្រព្យធនឬបុណ្យសក្តិយស មានតែចិត្តស្មោះជួនស្រស់កនិដ្ឋា ឧិ!ស្រស់នឹមនួនម្ចាស់ចិន្តា សូមពៅជីវារក្សាផង ។ បន្ទរ. ទោះមេឃរំលំភ្នំដួលរលាយ ចិត្តរៀមមិនណាយពីនួនល្អង ក្តីស្នេហ៍បរិសុទ្ធពន់ពេកកន្លង ថែជូនស្នេហ៍ស្នងបណ្តូលជីវិត ។ ៣. ឆោមឆើតមាសស្នេហ៍កែវបងអើយ មានតែអូនហើយជាម្ចាស់ដួងចិត្ត ជាតិនេះរៀមរ៉ាសច្ចានែបនិត្យ ​​​ ជាគូជីវិតរៀងដរាបអើយ ៕

                                               

មានតែអូន

ច្រៀងដោយ នភ ហង្សផលា និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ ១. ក្នុងលោកិយ៍ គ្មានអ្វីសំខាន់សម្រាប់បង មានតែនួនល្អង ដែលបងស្នេហ៍ស្មើសង្ខារ ស្នេហ៍ស្មោះពិត ចិត្តភក្តីលើជីវ៉ា សូមសច្ចា ផ្សងប្រាថ្នាជាគូរមនា។ ២. ក្នុងជីវិត បើពិតបានដូចបំណង ជួបជាគូគ្រង នួនល្អងគូគាប់ពំងា សូមប្រណី ពិសី ព្រមវាចា ថាចិន្តា ស្មោះស្នេហាលើរូបបង។ ៣. ញញឹម សង្ឃឹមចាំជួបស្រី រួមមេត្រីថ្នាក់ថ្នមបីមិនអោយហ្មង ដួចផ្ការីក ផ្ការីកស្រស់បំព្រង រីករហង់ ផូរផង់ជាប់ចេតនា។ ៤. ក្នុងដួងចិត្ត ស្នេហ៍ស្និទ្ធ កែវវលក្ខណ៍ រៀមពិតស្ម័គ្រ ជឿជាក់ ពេញក្នុងចិន្តា សូមស្បែស្បថ ស្នេហ៍ប្រាកដជួនកនិដ្ឋា ផ្ញើរសង្ខារ រួមវាសនា ជាគូអើយ៕

                                               

ឧិ!សំនៀង

ច្រៀងដោយ នភ ហង្សផលា និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ ១. ឧិ‌‌‌! សំនៀង ពៅតែងច្រៀងឮល្វើយៗ ហាក់ដង្ហោយ អោយរៀមព្រឺព្រួចអារម្មណ៍ ដូចទេពមន្តស្នេហ៍ បបោសអង្អែល សូររណ្តំ ក្នុងទ្រូងរងំ ពុំរសាយនឹកតែពំងា។ ២. ឧិ! ​ ម្លប់ត្រែង កន្លែងដែលយើងធ្លាប់ជ្រក រៀមស្កាត់រក ជួបពន្លកដួងទ័យា នួននាងទូលក្អម ខាបអារម្មណ៍អោយរៀមរងា បេះដូងទាមទារ សាសងគ្នាថ្នម ប្រលោមស្នេហ៍។ បន្ទរ. ឧិ‌! ម្ចាស់សំនៀង សូមច្រៀងបំពេរជាថ្មី រាល់រាត្រី អោយហប្ញទ័យរៀមបានល្ហែ ចិត្តជាប់ចំណង ប៉ងប្រាថ្នាក្រមុំស្រុកស្រែ ដែលរៀមគួចស្នេហ៍ ច្រើនឆ្នាំខែតាំងពីក្មេងវ័យ។ ៣. ឧិ‌! ខ្ទមស្បូវ នៅឈរចែងអនុស្សា ឆ្លាក់ចិន្តា អោយរៀមរ៉ាគេងនឹកអាល័យ សៀងស្រស់តូច ...

                                               

យើងសប្បាយ

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩ 1/ ព្រះសូរ្យរះភ្លឺថ្លា ឆាយាពណ្ណរាយ ចិន្តារីករាយ សប្បាយម៉្លេះណា។ 2/ ជំនោរផាយផាត់ទៅ ផាត់ទងស្មៅទងផ្កា រេរាំកាយា សាយគន្ធាក្រអូបក្រៃ។ បន្ទរ/ យើងសប្បាយ! យើងសប្បាយ! យើងសប្បាយ! យើងរីករាយ! យើងរីករាយ ឥតខ្វល់អ្វី! ហូ៎!ហូ៎!ហូ៎!ៗៗៗៗ 3/ មេអំបៅហើរេរា សែនសោភាប្រឹមប្រិយ ស្រស់ស្អាតគួរបេតី ហប្ញទ័យរមនា។ 4/ ទេសភាពដីខ្មែរ ស្រុកស្រែចំការ ក្សេមក្សាន្ដសុខា ចិន្តាភិសម័យ។ បន្ទរ/ យើងសប្បាយ! យើងសប្បាយ! យើងសប្បាយ! យើងរីករាយ! យើងរីករាយ ឥតខ្វល់អ្វី! ហូ៎! ហូ៎! ហូ៎! ៗៗៗៗ

                                               

ឧិសថប្រោសចិន្តា

ឧិសថប្រោសចិន្តា ទំនុកច្រៀងនិងបទភ្លេង ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍ សម្រួលបទភ្លេង ដោយលោក នភ ហង្សផលា ១/ ផ្កាឈូករីកស្រស់នៅលើផ្ទៃបឹង ភ្នែកគន់សម្លឹងឥតមានជិនណាយ សោភ័ណបុប្ផាល្អស្រស់ឆើតឆាយ នាំចិត្តសប្បាយស្បើយអស់ទុក្ខា។ ២/ ផ្កាអើយអើយផ្កាដុះចេញពីភក់ គួរធំអាក្រក់ដិតជាប់នាសា ប្រែជាឧិសថប្រោសដួងចិន្តា អោយអារម្មណ៍ថ្លារីករាយក្សេមក្សាន្ត។ បន្ទរ. ផ្កាឈូករហង់រីកលើគង្គា រេរាំកាយាបង្អួតរូបប្រាណ បានយល់បុប្ផាចិត្តព្រួយស្រាកស្រាន្ត ក្លែបក្លិនកល្យាណសណ្តំទ័យា។ ៣/ ផ្កាឈូកល្អដូចភក្រ្តញញឹមស្រស់ ថ្នមប្រណីប្រោស បេះដូងកំព្រា បានឈូកកំដរនែបនិត្យជាគ្នា ហឬទ័យកំព្រាស្បើយវិយោគស្នេហ៍។

                                               

ចិត្តស្នេហ៍មួយនិងមួយ

ចិត្តស្នេហ៍មួយនិងមួយ ទំនុកច្រៀងនិងបទភ្លេង ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍ សម្រួលបទភ្លេង ដោយលោក នភ ហង្សផលា 1/ ទឹកហូរ ហូរទៅ ទៅសែនឆ្ងាយ នាំចិត្តស្តាយ ស្តាយស្នេហ៍ ស្នេហ៍វរនាថ ទឹកហូរ ហូរនាំ ចិត្តចង្អៀត ថាបងឃ្លាត ឃ្លាតអូន ត្រឹមតែកាយ។ 2/ ទឹកភ្នែក ហូរជ្រែក រង្វង់ភក្រ្ត បញ្ជាក់ ចិត្តស្មគ្រ័ លើឆោមឆាយ ឃ្លាតតែខ្លួន តែចិត្ត មិនឃ្លាតឡើយ ឧិត្រាណត្រើយ បងស្នេហ៍ពិត ឥតថ្ងៃប្រែ។ បន្ទរ. ពៅបងអើយ! កុំឡើយសោកា ជឿបងណា ណាមាសមេ បងនឹងវិល វិលវិញ ជួបមាសស្នេហ៍ ថ្នមថែ ស្នេហ៍យើង ដូចសន្យា។ 3/ ទឹកចិត្ត ចិត្តស្មគ្រ័ ស្មគ្រ័និមល ប្រគល់ ជូនអូន ស្ងួនចិន្តា សូមប្រណម្យ បែបន់ ឥន្ទទេវតា សច្ចា ស្នេហា មួយនិងមួយ ស្ទួនបញ្ចប់។

                                               

ថ្ងៃណាក៏នឹកអូន

ថ្ងៃណាក៏នឹកអូន បទភ្លេងនិងទំនុកច្រៀង ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍ សម្រួលបទភ្លេង ដោយ​លោក នភ ហង្សផលា 1/ រាល់ថ្ងៃបងនឹកតែអូន នឹមនួននាងដឹងឬទេ? រៀមនឹកតែម្ចាស់ចិត្តស្នេហ៍ ពុំល្ហែល្ហើយស្រាកស្រាន្ត។ 2/ ដឹងទេ ឧិពៅបងអើយ ត្រាណត្រើយមុំមាសកល្យាណ រលឹកតែកែវភុំផាន គ្មានស្រាន្តវេលាណា។ បន្ទរ. ឧិព្រលឹង! អូនដឹងទេ? ដឹងទេថាបងនឹក ព្រលប់! យប់ព្រឹក! បងរលឹក បងនឹក នឹកជីវ៉ា នឹកណាស់! នឹកណាស់! នឹកស្នេហា! នឹកធិតា ម្ចាស់ចិន្តាគ្មានល្ហើយល្ហែ។ 1/ រាល់ថ្ងៃបងនឹកតែអូន នឹមនួននាងដឹងឬទេ? រៀមនឹកតែម្ចាស់ចិត្តស្នេហ៍ ពុំល្ហែល្ហើយស្រាកស្រាន្ត។ 2/ ដឹងទេ ឧិពៅបងអើយ ត្រាណត្រើយមុំមាសកល្យាណ រលឹកតែកែវភុំផាន គ្មានស្រាន្តវេលាណា។

នភ ហង្សផលា
                                     

ⓘ នភ ហង្សផលា

ប្រវត្តិសង្ខេប និង ស្នាដៃរបស់លោក នភ ហង្សផលា ដែលជាកវីខ្មែរមួយរូប កំពុងទទួលការកត់សំគាល់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់សង្គមសិក្សាខ្មែរ។ ជំនាញរបស់លោក គឺនៅក្នុងការនិពន្ធកំរងកែវ និពន្ធបទភ្លេង និង ចម្រៀងអប់រំ ជាតិនិយម។

ស្នាដៃរបស់លោក មាននៅទំព័រ SmaradeyKhmer.org​ | ស្មារតីខ្មែរ

                                     

1. កំណាព្យផ្សេងៗ

ងើយស្កកឱនដាក់គ្រាប់

កួរងើយរេរាំចំណាំច្បាស់ ភោគផលស្រលះស្កកអង្ករ

ច្រូតអស់មួយស្រែបែរមិនល្អ អង្កាមមួយគរផលមិនគាប់ ។

ស្រូវស្រែផ្លែល្អកួរពេញធ្ងន់ ឱនកបន្ទន់ពន្យោលគ្រាប់

តែងផ្ដល់ផលច្រើនបង្កើនទ្រព្យ ញាតិឆីរស់គាប់រាប់ប្រសើរ ។

រីមនុស្សក្អេងក្អានចាងអំនួត ដូចកួរស្រូវស្ងួតឥតអំពើ

មានតែសំបកស្កកសើវើ ផលវិញបែរស្ទើរប្រយោជន៍ខ្សោះ ។

ឯមនុស្សលំទោនទន់កិរិយា ឱនអង្គអាត្មាគំនិតខ្ពស់

តម្រិះពេញកាយចាយមិនអស់ ដូចស្រូវឱនព្រោះអង្ករពេញ ។

ប្រុសស្អាតស្រីស្អាត

ប្រុសស្អាត ស្អាតព្រោះមានគំនិត ​​ ចរិយាសុក្រិតដោយវិន័យ

មាយាទថ្លៃថ្នូរសមប្រពៃ វាចាស្រដីមានខ្លឹមសារ ។

ប្រុសស្អាត ស្អាតព្រោះចរិតល្អ ​ គំនិតបវរភ្លឺថ្លៃថ្លា

មានភក្តីភាព កតញ្ញូតា សតិប្រាជ្ញា ការ‌មិនបង់ ។ ការពារ

ប្រុសស្អាត ស្អាតព្រោះមានអំណត់ ព្យាយាមហ្មត់ចត់ផលផូរផង់

ពុះពារទៅមុខមិនបង្អង់ ខុស កែតម្រង់លែងពានពារ ។

រីស្រីស្អាតល្អសគំនិត គិតគូរល្អន់ល្អិតក្នុងផ្លូវជា

មានសុខសិរីដ៏រមនា ដួងចិត្តសោភាឆ្ពោះញាតិផង ។

ស្រីស្អាត ស្អាតព្រោះរសសម្តី សមសួនឥតបី ឥតឆ្គាំឆ្គង

ធ្វើសព្វការងារ មិនរំលង ថែថួនគ្រប់គ្រងទ្រព្យក្នុងក្រៅ ។

ស្រីស្អាត ស្អាតចរផ្លូវសុចរិត ប្រមើលគំនិត គិតរាក់ជ្រៅ

សាងបុណ្យកុសលទុកជាផ្លូវ ផលភ័ព្វសល់នៅ តាមរក្សា ។

នេះហើយប្រុសស្អាត និងស្រីស្អាត យើងគួរសង្វាតរាល់កាយា

ប្រៀនខ្លួនអោយស្អាតគ្រប់អាត្មា នឹងបានសុខា រស់សិរី ៕

កំណាព្យ មិត្តល្អ

មិត្តល្អ ល្អព្រោះមានសមានចិត្ត គ្រាភ័យវិបរិតមិនចោលគ្នា

សម្រាលធុរៈរាល់វេលា រក្សាការពារផុតភ័យផុង។

មិត្តល្អនាំកើនប្រយោជន៍ពិត ពូតផ្តុំគំនិតភ្លឺថ្លាយង់

ប្រយោជន៍ប្រសើរមិនអោយបង់ ព្យាយាមតម្រង់ឆ្ពោះប្រពៃ។

មិត្តល្អជួយខាំងរាំងបញ្ចៀស ចាកនូវវិនាសឆ្ងាយគ្រោះភ័យ

គេចអស់អន្តរាយមិនគប្បី ដោយអធ្យាស្រ័យអនុគ្រោះ។

មិត្តល្អតស៊ូមិនរួញរា យកខ្លួនជួយការរងកតិ្តយស

មិនអោយមិត្តខ្លួនអាប់អោនឈ្មោះ ថែនាមពិរោះខ្ពស់ចេរកាល។

កំណាព្យ រពឹសដៃផ្ទៃឆ្អែត

បុរាណបានពោលកូនអើយចាំ រពឹសដៃនាំផ្ទៃបានឆ្អែត

ព្យាយាមឧស្សាហ៍មិនបណ្តែត ឆ្លៀតធ្វើប្រយោជន៍សែនបវរ។

ធ្វើនេះចាប់នោះរៀបចំទុក ប្រឹងប្រែងតត្រុកទើបមិនក្រ

រពឹសដៃក្នុងសេចក្តីល្អ ញាតិមិត្តសាទរអោយពរជ័យ។

រពឹសកាប់គាស់កាយធរណី ដាំស្លឹកគ្រៃជីររំដេងខ្ញី

ដងទឹកស្រោចថែត្រសក់ស្ពៃ ដំណាំលាស់ខ្ចីឆីពេញស្រុក។

រពឹសកាំបិតដឹងពូថៅ ពុសកាប់ច្រៀកផ្តៅហាលគរទុក

ត្រាយផ្លូវរបងឆ្ការព្រៃស្តុក រពឹសនាំសុខសាន្តរមនា។

                                     

2. រៀមច្បង និង សហការីនិពន្ធក៍

លោក ស៊ីន ស៊ីសាមុត, អ្នកស្រី រស់ សេរីសុទ្ធា, លោក គង្គ ប៊ុនឈឿន, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន, លោក ម៉ា ឡៅពី, លោក អ៊ុំ​ តារា, អ្នកស្រី ហួយ មាស, លោក មាស គក, អ្នកស្រី យក់ កែម, លោកគ្រូ ឡមឡាច ម្ចាស់វិបសៃ ចំប៉ាបាត់ដំបង, អ្នកស្រី កែវ ច័ន្ទបូរណ៍, សាស្រ្តាចារ្យ មៀច សុខារី, សាស្រ្តាចារ្យ យី ឆេងអ៊ួ, លោក សួង អរុណ ដេវិដ, សេន ម៉ារីយ៉ា, ខឹមច័ន្ទសុអហំ, កែវ ពិសី, ខូ តារាឬទ្ធិ, ខេង ពិទូកិត្យា, សុខគិមហេង, ប្រាង្គ អង្គារ៉ា, ស៊ឺម ចាន់ឌី, ម៉ា ច័ន្ទបញ្ញា, សួង មករា, ហេង ឧត្តម, ម៉េង សេរីរចនា, ខាន់ ច័ន្ទវិរៈ, ទិល ចាន់លីន, នៅមានត.