Back

ⓘ កែវ ច័ន្ទបូរណ៍




                                               

ចិត្តស្នេហ៍ផ្ញើច័ន្ទ

ចិត្តស្នេហ៍ផ្ញើច័ន្ទ និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយ អ៊ែល ប៊ុណ្ណា ច្រៀងដោយ ឈឿន ឧត្តម ហូ៎!!!ៗៗៗ ហូ៎!!!ៗៗៗ ១/ ច័ន្ទរះបវរព្ធដ៏នភា មានហ្វូងតារាភ្លឺថ្លាពណ្ណរាយ តែច័ន្ទរះខ្ពស់ឆ្ងាយ សែនស្តាយហត្ថាមិនដល់។ ២/ រាត្រីរះដប់កើតច័ន្ទអើតលឹមៗ ចិត្តលួចញញឹមស្នេហ៍ច័ន្ទនិមល ស្តាយដៃឈោងមិនដល់ ខ្វាយខ្វល់ម្នាក់ឯងសោកា។ បន្ទរ. ជាតិជាទន្សាយ បានត្រឹមគេងនឿយណាយ ស្តាយដួងច័ន្ទភ្លឺថ្លា តើធ្វើម្តេចទៅ នឹងបាន ច័ន្ទរួមវាសនា ជាគូទ្វេហា នែបនិត្យជិតកាយ។ ៣/ បានត្រឹមសម្លឹងលួចស្នេហ៍ក្នុងចិត្ត បេតីវរមិត្តដួងច័ន្ទចរណៃ ទោះជីវិតបងក្ស័យ ហឬទ័យផ្ញើច័ន្ទរួចហើយ។

                                               

សូមពិចារណ៍.

មុនគ្រលាស់ពាក្យអសុរោះ សូមនឹកដល់អស់ផងមនុស្សគ មុននឹងទ្រាន់ម្ហូបគ្មានរសល្អ នឹកអ្នកក្រីក្រអត់អាហារ។ មុននឹងរអ៊ូធុញអ្នកផ្ទះ សូមគិតអ្នកខ្លះខ្វះគ្រួសារ មុននឹងចង់ស្លាប់ផ្តាច់សង្ខារ នឹកអ្នកមរណាទាំងក្មេងវ័យ។ មុននឹងត្អូញត្អែររឿងកូនចៅ នឹកអ្នកឥតផៅកូនប្រុសស្រី មុនស្អប់ផ្ទះខ្ទមគ្រែឬស្សី នឹកអ្នកដេកដីគ្មានលំនៅ។ មុនធុញបើកបរចរផ្ទះឆ្ងាយ នឹកអ្នកទាំងឡាយដើរហាលក្តៅ ជើងទទេជាន់បន្លាស្មៅ ទំរាំគោលដៅយ៉ាកយ៉ាងណា។ មុនចង្អុលចាប់ទោសផន់គេ មានគិតផងទេទោសអាត្មា មុនស្អប់ជីវិតសូមពិចារណ៍ តម្លៃសង្ខារដោយសតិ។ ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍

                                               

កុសលបួន

សាស្តាចារចែងថ្លែងកុសល បួនយ៉ាងនិមលគួរពិចារណ៍ មួយគឺសណ្តោសមានមេត្តា លើញាតិការគ្រប់សន្តាន។ លើសខ្វះនោះយើងអធ្យាស្រ័យ បន្ទូរថយដៃដោយលំអាន អនុគ្រោះផៅគ្រប់អង្គប្រាណ រំសាយសាមាន្យពីចិន្តា។ ពីរគឺករុណាមានសណ្តោស អស់ញាតិស្រីប្រុសចាកទុក្ខា ជួយស្រាយធុរៈរាល់វេលា សន្តានគ្រប់គ្នាគង់សោមនស្ស។ បីគឺណែនាំលើកទឹកចិត្ត ពេលកើតវិបរិតមានកំហុស បំភ្លឺផ្លូវល្អរួចផុតទោស នោះសមហៅឈ្មោះកុសលធម៌។ បួនមាននាមជាឧបេក្ខា គឺយើងរក្សាយុត្តិធម៌ នៅជាកណ្តាលគ្មានកករ ដើរតែផ្លូវល្អមិនលំអៀង។ អ្នកស្រី កែវ ច័ន្ទបូរណ៍

                                               

ដើរអោយមានបី

ចាស់ផ្តាំថាដើរអោយមានបី តើមានអត្ថន័យបែបណាខ្លះ បើសិនពិចារណ៍អោយយល់ច្បាស់ ប្រយោជនក្រៃក្រាស់យ៉ាងប្រត្យ័ក្ស។ ទីមួយពេលដើរជួបអស់ញាតិ រក្សាមារយាទថ្លៃសមសក្តិ ប្រព្រឹត្តសុចរិតយ៉ាងសច្ចៈ មិនអោយផុងធ្លាក់ចាកតម្រា។ ទីពីររក្សានូវខន្តី មានអធ្យាស្រ័យក្តីមេត្តា គ្មានចិត្តប្រទុស្តនឹងញាតិណា សង្គមសុខាត្បិតខន្តី។ ទីបីប្រព្រឹត្តកតញ្ញូ ដៃទ្វេទាំងគូស្នងគុណស្រ័យ សាងនូវកុសលប្រសើរក្រៃ ជូនលោកប្រពៃដែលមានគុណ។ បើសិនរក្សាបានទាំងបី ថ្កុំថ្កើងរាសីថ្លៃពេកពន់ ជីវិតក្សេមក្សាន្តស្នងជាទុន មង្គលជាបុណ្យរៀងនិរន្តន៍។ ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍

                                               

អនុភាពផ្កាយព្រះច័ន្ទ

អនុភាពផ្កាយព្រះច័ន្ទ និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយ អ៊ែលប៊ុណ្ណា ១. ព្រះច័ន្ទរះហើយស្រស់ប្លែកធម្មតា​ សែនសោភាចែងចាំងរស្មីពណ្ណរាយ គូគាប់ទ្វេហាចរចាសំនៀងឆ្លងឆ្លើយ បានយល់ច័ន្ទហើយ ចិត្តស្បើយណាយអស់កង្វល់។ ២. ផ្កាយរះត្រចះអមដួងចន្ទ្រា ឯនភាបញ្ចេញរង្សីនិមល ភ្លឺផ្លេកហាក់ប្រស់នូវជ័យមង្គល ដល់គូនិមល អោយយល់នូវម្លប់សុខា។ បន្ទរ. ឧិ! ផ្កាយព្រះច័ន្ទដ៏ស្រស់ពណ្ណរាយ ភ្លឺថ្លាឆើតឆាយរះរាយ ពេញផ្ទៃមេឃា អរគុណអ្នកណាស់ ចំពោះរស្មីសោភា ចិន្តារងាប្រែជាក្សេមក្សាន្តភិរម្យ។ ៣. សូមផ្កាយព្រះច័ន្ទរឿងរះគ្រប់កាល យើងត្រអាលរស្មីដ៏សែនមនោរម្យ ពេលបានយល់អ្នក ចិត្តយើងពិតសែនសុខុម ស្រើបស្រាលអារម្មណ៍​ ហាក់ឋិតនាឋានសួគ៌ា។

                                               

ភិរម្យស្នេហា(ចម្រៀងស្រី)

ភិរម្យស្នេហា និពន្ធដោយ កែវ ច័ន្ទបូរណ៍ ១. ត្រជាក់ភិរម្យនៅក្នុងហឬទ័យ ក្រោមស្បៃរាត្រី រៀមនឹងពិសីថ្នមស្នេហ៍បរិសុទ្ធ សៀងបេះដូងញាប់ញ័ររន្ធត់ ស្នេហាធំធេងប្រាកដ សមុទ្ទក៏ប្រៀបពុំបាន។ ២. ក្រោមដើមកោងកាងស្នេហ៍ត្រអាលត្រេក សន្សើមពីមេឃ រោយចុះត្រជាក់អង្អែលថ្នមប្រាណ បងច្រៀងលោមបំពេរកល្យាណ ក្រោមពន្លឺរស្មីច័ន្ទ អោយភុំផានក្សេមក្សាន្តកាយ។ បន្ទរ. រលកសមុទ្ទ បក់បោកឈូឆរ ហាក់ជួយត្រេកអរសប្បាយ ជំនោរផាយផាត់ពីជើងមេឃឆ្ងាយ ប្រៀបហាក់ជាចំណងដៃ ពរជ័យថ្ងៃបាច់ផ្កាស្លា។ ៣. សូមអោយវេលាឈប់នឹងនៅ ដីឈប់វិលទៅ អោយមុំបាននៅ គេងកើយហត្ថា សម្រាប់សំនៀងបេះដូងទ្វេហា រណ្តំឆ្លើយឆ្លងចរចា ពាក្យពេចន៍ស្នេហាអមតៈ។

                                               

ភិរម្យស្នេហា(ចម្រៀងប្រុស)

ភិរម្យស្នេហា និពន្ធដោយ កែវ ច័ន្ទបូរណ៍ ១. ត្រជាក់ភិរម្យនៅក្នុងហឬទ័យ ក្រោមស្បៃរាត្រី រៀមនឹងពិសីថ្នមស្នេហ៍បរិសុទ្ធ សៀងបេះដូងញាប់ញ័ររន្ធត់ ស្នេហាធំធេងប្រាកដ សមុទ្ទក៏ប្រៀបពុំបាន។ ២. ក្រោមដើមកោងកាងស្នេហ៍ត្រអាលត្រេក សន្សើមពីមេឃ រោយចុះត្រជាក់អង្អែលថ្នមប្រាណ បងច្រៀងលោមបំពេរកល្យាណ ក្រោមពន្លឺរស្មីច័ន្ទ អោយភុំផានក្សេមក្សាន្តកាយ។ បន្ទរ. រលកសមុទ្ទ បក់បោកឈូឆរ ហាក់ជួយត្រេកអរសប្បាយ ជំនោរផាយផាត់ពីជើងមេឃឆ្ងាយ ប្រៀបហាក់ជាចំណងដៃ ពរជ័យថ្ងៃបាច់ផ្កាស្លា។ ៣. សូមអោយវេលាឈប់នឹងនៅ ដីឈប់វិលទៅ អោយបងបាននៅនែបនិត្យកន្និដ្ឋា យប់អោយកុំឆ្លងនាំសុរិយា​ អោយខ្ញុំបានថ្នាក់ថ្នមផ្កា ស្នេហាផ្អែមដូចទឹកឃ្មុំ។

                                               

ជុំជើងផឹកតែ

កាលពីបុរាណអស់អ្នកស្រែ.ជុំជើងផឹកតែគិតពិគ្រោះ កិច្ចស្រែចំការវត្តវ៉ាអស់.ពិចារណ៍ស្រាយដោះរឿងស្រុកជាតិ។ សម័យកណ្តាលខ្មែរប្តូរផ្លាស់.ចោលគំនិតចាស់ចាប់យកស្នៀត ផឹកទឹកត្នោតជូរជុំមិត្តញាតិ.ក្លែមសាច់គោងៀតភ្លេចគ្រួសារ។ ចូលសម័យថ្មីខ្មែរជឿនលឿន.ចរគ្រឿនរហ័សជុំផឹកស្រា កៀកកស្រីក្មេងច្រៀងការា.ខុសចិត្តពេលណាត្រាកំាំភ្លើង។ ឯមួយក្រុមទៀតឆ្លៀតបែបប្លែក.មិនខ្លាចទ្រុងដែកពេលជុំជើង លើកថ្នាំញៀនសេពទះទ្រូងពើង.ដៃកេះកាំភ្លើងចាំប៉ូលីស។ ម្តេចក៏នាំគ្នាបែរវង្វេង.សេពសោយបែកផ្សែងគ្រឿងវិនាស ស្រីស្រាអាភៀនច្រើនពោរពាស.លែងហើយត្រិះរិះជុំផឹកតែ។ សង្ឃឹមថ្ងៃថ្មីខ្មែរដូរចិត្ត.លែងវិលប្រព្រឹត្តអាវាសែ ប្រជុំគ្នាវិញផឹកទឹកតែ.ពិគ្រោះអ៊ូអែសាងជាតិយើង។ ...

                                               

សុំត្រឹមសុបិនឃើញបង

សុំត្រឹមសុបិនឃើញបង ច្រៀងដោយ សួន ចន្ថា និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយ អ៊ែល ប៊ុណ្ណា ១/ មិនបាននៅនែបនិត្យ ក៏ស្រីវរមិត្ត​ សូមត្រឹមសុបិន ស្រមៃអាល័យ តែប្រុសមាសឆ្អិន ទេវបុត្រភូមិរិន្ទ ម្ចាស់ដួងចិន្តា។ ២/ ស្នេហ៍គេមិនដឹងខ្លួន ខំគេចវេះពួន វិយោគអាត្មា លួចគេងសុបិន នឹកដល់រៀមរ៉ា រាល់ពេលសន្ធិយា និន្ទា្រទឹកភ្នែក។ បន្ទរ. សង្ឃឹមថ្ងៃស្អែក​ បន្ទរស្ទួន ជួបប្រុសល្អឯក ចូលមករំលែក បន្ទរស្ទួន ទុក្ខព្រួយសង្វេគ រំពឹងថ្ងៃស្អែក ក្រែងជួបប្រាថ្នា។

                                               

គុណ

គុណ និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ សួស សងវាចា ១. នឹកអនុស្សាពីកុមារវ័យ ធំឡើងដឹងក្តីបានចូលទៅរៀន កំណើតអ្នកស្រែក្រីក្រអត់ឃ្លាន ចូលរៀនបានត្រឹមតែសាលាវត្ត។ ២. ដំបូលប្រក់ស្បូវ ច្រូតមកពីព្រៃ សសរឬស្សីជញ្ជាំងក៏អត់ ក្តារខៀនដីសព្រោះតែក្រខ្សត់ យកធ្យូងអង្កត់ចារជាអក្សរ។ បន្ទរ. ព្រះសង្ឃជាគ្រូទូន្មានប្រដៅ ណែនាំសិស្សទៅ ដើរក្នុងផ្លូវល្អ វាចាកាយចិត្ត គំនិតបវរ ជាគម្រូល្អ ដល់អស់ញាតិផៅ។ ៣. ពេលនេះបានថ្កើងចូលក្រុងនឹងគេ មិនភ្លេចគុណទេ ពាក្យលោកប្រដៅ ច្បាប់វិន័យគ្រូ សូមថែគង់នៅ ត្រាយនាំជាផ្លូវជីវិតរុងរឿង។

                                               

ព្រះបាទជ័យជេដ្ឋាទី១

ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ១១ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម៦ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀមលើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ១៥៩៤។

                                               

សំដី

សំដីកំណត់បទវែងខ្លី បង្កប់អត្ថន័យប្រស្រ័យគ្នា អាចក្លាយអាវុធមុតអង្គា ប្រទុស្តគ្នីគ្នាអោយឈឺឆ្អល់។ សំដីពិរោះខ្ពស់តម្រា អាចផ្សះចិន្តាផុតអំពល់ ពាក្យពេចន៍ទន់ភ្លន់មានមង្គល អ្នកស្តាប់ស្តាប់យល់និមលចិត្ត។ សំដីគ្រោតគ្រាតត្បៀតដើមទ្រូង អាចក្លាយអន្លូងទូងវិបរិត ផៅឃ្លាតញាតិគេចមិនហ៊ាននិត្យ ត្បិតភាពឧក្រិដ្ឋនៃភាសា។ ច្នេះមុនស្តីហារគប្បីគិត ជ្រើសពាក្យអម្រិតក្រិតតម្រា សំដីប្រសើរនាំសុខា មង្គលមហាគ្រប់ទិសទី។ អ្នកស្រី កែវ ច័ន្ទបូរណ៍

                                               

ម្រាមដប់សាមគ្គី

មេដៃកូនដៃចង្អុលដៃ រួមទាំងនាងដៃចង្អុលខ្មោច សុទ្ធសឹងជាម្រាមមានប្រយោជន៍ បាត់មួយក្លាយខើចខកអាសារ។ ម្រាមដៃណាមួយក៏សំខាន់ បាត់មួយព្រួយប្រាណខានកិច្ចការ ម្រាមប្រាំតូចធំខុសពីគ្នា តែមានមុខងារសំខាន់ស្មើ។ ដូចមនុស្សគ្រប់រូបក្នុងសង្គម សំខាន់មុតមាំល្អប្រសើរ គ្មានមួយណាខ្ពស់មួយណាស្ទើរ ថ្វីបើឋានៈមិនដូចគ្នា។ មេកោយខ្សោយឬទ្ធិ បើឥតពល ខ្លែងហើរត្បិតខ្យល់ជួយគាំពារ ពលរដ្ឋពឹងមេដឹកនាំជា នាំជាតិរមនាព្រោះសាមគ្គី។ អ្នកស្រី កែវ ច័ន្ទបូរណ៍

                                               

ជីវិតស្រុកស្រែ

ជីវិតអ្នកស្រែ និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ នាង មិត្ត វណ្ណា ១. មាន់រងាវខ្វើយៗ​ ព្រហាមហើយណា៎បងណា៎ ក្រោកឡើងមករៀបចំខ្លួន ទឹមគោចុះស្រែចំការ អូននៅផ្ទះដាំបាយ ថ្ងៃត្រង់ទូលផ្ញើជីវ៉ា ដាក់ព្យួរពិសាអាហារ ស្ទួន ឆ្ងាញ់អស្ចារ្យ ក្រោមម្លប់ក្រសាំង ស្ទួន ។ ២. ខ្យល់ជំនោរប៉ីៗ ថ្នមប្តីអោយមានកម្លាំង រសជាតិអាហារឈ្ងុយឆ្ងាញ់ ជ្រក់ស្ពៃជាមួយត្រីអាំង ត្រកួនម្ជូរគ្រឿង ដាក់អំពិលជាមួយត្រីឆ្លាំង បាយហើយពិតមានកម្លាំង ស្ទួន ចុះតតាំងការងារជាថ្មី ស្ទួន។

                                               

ចិត្តម៉ែ

ម៉ែព ម៉ែអោប ក្រសោបកូន ម៉ែស្រឡាញ់ស្ងួនថ្នមបមបី ម៉ែថែធួនកូនកក់ក្តៅក្រៃ ម៉ែរក្សាថ្លៃ ដោយជីវិត។ ម៉ែអត់ងងុយ ជ្រុលយប់ជ្រៅ ម៉ែបំពេរពៅនៅនែបនិត្យ ម៉ែច្រៀងបំពេរពាក្យអម្រិត ម៉ែថែវរមិត្រស្មើសង្ខារ។ ម៉ែសណ្តោសកូនទាំងប្រុសស្រី ម៉ែប្រោសប្រណីមានមេត្តា ម៉ែអប់រំកូនដោយករុណា ម៉ែផ្តល់សុខាយ៉ាងមនោរម្យ។ ម៉ែបូជាសព្វចំពោះកូន ម៉ែគ្រងនឹមនួនអោយសុខុម ម៉ែត្រដាងម្លប់ធម៌ភិរម្យ ម៉ែថែមាសមុំក្សេមក្សាន្តអើយ។ អ្នកស្រី កែវ ច័ន្ទបូរណ៍

                                               

ពាក្យពោល

ពោលមិនប្រសើរត្រឹមមួយម៉ាត់ អាចអារផ្តាច់កាត់កម្លាំងចិត្ត សម្រកសម្រុតភាពជាមិត្ត ស្បើយភាពស្នាលស្និទ្ធរវាងគ្នា។ ពោលល្អមួយម៉ាត់ស្កាត់កំហុស មិត្រប្រែមុខស្រស់ស្រាន្តទ័យា ញញឹមឡើងវិញយ៉ាងរមនា កែខ្លួនល្អជា រិតចំណង។ ច្នេះមុនពោលស្តី គប្បីគិត ជ្រើសពាក្យសុក្រិតមកសាសង ពាក្យមួយនាំទុក្ខអោយសៅហ្មង ពាក្យមួយនាំឆ្លងសិរីសួគ៌។ មនុស្សមានសតិមានប្រាជ្ញា អាចស្គាល់ភាសា គួរមិនគួរ គប្បីជ្រើសពាក្យមិនអោយជួរ ចៀសផ្គើនហ្មងហ្មួដល់ញាតិយើង។ អ្នកស្រី កែវ ច័ន្ទបូរណ៍

                                               

ជំនោរមេសា

ជំនោរមេសា និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ អៀងស៊ីធុល ១. ជំនោររាត្រីមេសា ក្នុងឧិរារៀមរែងនឹកចរណៃ ថ្មើរណេះគេងឬនៅពិសី ដឹងទេណាថ្លៃ ថាបងនឹករូបអូន។ ២. អាធ្រាតសន្សើមត្រជាក់ កាយញ័រញាក់ក្រៀមក្រំស្រពោន កណ្តាលរាត្រីស្ងាត់សូន្យ ស្រមៃឃើញអូន ស្រស់កែវពិសី។ បន្ទរ. នៅក្នុងដួងចិត្តបង មានតែនួនល្អង ដែលរៀមអាល័យ ជំនោរមេសាសូមអ្នកប្រណី ប្រាប់កល្យាណី ថាបងនឹកណាស់។ ៣. ហត្ថទាំងទ្វេ បងលើកប្រណម្យ ថ្វាយបង្គំ ដល់ព្រះពុទ្ធត្រចះ ថារៀមរែងស្នេហ៍ពៅណាស់ បន់ព្រះជាម្ចាស់សូមជួបជាគូអើយ។

                                               

ភ្លៀងរមនា

ភ្លៀងរមនា និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ សុះ ម៉ាច ឬ យន់សុភាព ហូ! ហូ! ហូ! ហូ!! ៗៗៗៗៗៗ ឡា! ឡា! ឡា! ឡា!!! ១. ភ្លៀង ស្រក់លើធរណី បបោសជីវី ទ័យា ក្នុងខ្ទមជរា រមនាស្នេហា។ ២. ភ្លៀង សៀងសេពសណ្តំ បំពេរអារម្មណ៍ កាមា គូគាប់ទ្វេហា​ រួមភិសម័យ។ បន្ទរ. រាត្រី សែនស្ងាត់ជ្រងំ មានព្រះភិរុណ ជាសាក្សី រាត្រីងងិត តែចិត្តរុងរឿង។ ៣. ភ្លៀង សាចជាពរជ័យ ចងដៃពិសី និងបង រស់ជាគូគ្រង សុខសាន្តរៀងអើយ។ ហូ! ហូ! ហូ! ហូ!! ៗៗៗៗៗៗ ឡា! ឡា! ឡា! ឡា!!!

                                               

ស្តាយវ័យកុមារ

ស្តាយវ័យកុមារ ច្រៀងដោយ រស់ សិរីសុទ្ធា និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយម៊ែរប៊ុន ឆ្នាំ១៩៧៣ ១/ ស្តាយវ័យកុមារ វ័យស្អាតថ្លា គ្មានស្គាល់បញ្ហាពិបាក ស្គាល់តែលួងលោមនិងថ្នមថ្នាក់ ខ្ពស់ឋានៈ ឥតមានអោយអាក់មួយគ្រា។ ២/ ស្តាយវ័យនៅក្មេង វ័យឯកឯង​ ក្លិនក្រអូបឈ្វេងដូចផ្កា ទោះនឹងអ្វីតាមប្រាថ្នា គ្មាននរណា​មកតាំងខ្លួន ជាម្ចាស់ចិត្ត។ បន្ទរ.​ វ័យមានស្នេហា ក្រុមគ្រួសារ មានបញ្ញាក្នុងជីវិត ជាខ្នោះច្រវាក់ចងចិត្ត ចងកាយរួមរិត ឥតស្បើយ។ ៣/ ក្មេងហើយម្តេចចាស់ ខ្លោចផ្សាណាស់ វិលវល់ប្តូរផ្លាស់ស្បើយ បានសុខរួចទុក្ខយ៉ាងណាឡើយ នេះឯងហើយ គឺជាចម្លើយធម្មជាតិ។

                                               

ស្រដីអោយមានបួន

ពាក្យចាស់បានចារចែងវិន័យ ពេលណាស្រដីអោយមានបួន មានន័យម្តេចម្តាតាមច្បាប់ក្បួន សម្រាយសមសួនជូនសិក្សា។ ទីមួយស្រដីន័យល្អក្តាត់ ការពារវិបត្តិមុនមោហា ណែនាំគំនិតផ្តិតតម្រា ចែកញាតិការសិក្សាសព្វ។ ពីរគឺពោលស្តីតែពាក្យល្អ ស្រាយភាពកករដ៏ឧបទ្រព បញ្ហាធ្លាប់មានសម្រាលគ្រប់ ដោយភាពប្រសព្វនៃគំនិត។ បីគឺស្រដីនាំមង្គល សាយភាពនិមលយ៉ាងសុក្រិត ញាតិផៅបានស្តាប់ស្ងប់ក្នុងចិត្ត សង្គមជីវិតពិតរមនា។ បួនគឺពោលស្តីអោយក្រវើន នាំនូវចម្រើនថ្កើងសោភា រំសាយប្រទុស្តពីទ័យា ជីវិតរមនារុងរឿងអើយ។ អ្នកស្រី កែវ ច័ន្ទបូរណ៍​​

                                               

ជីវិតជាអ្នករត់ម៉ូតូឌុប

ទ្រីនៗទ្រឺនៗលឿនដូចហោះ ឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង ឌុបអ្នកដំណើរមិនអែអង់ ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ។ ថ្ងៃខ្លះឌុបតាយាយមីងអ៊ំ ថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត អត់មានអ្នកជិះសល់តែកាត មុខជូរដូចត្មាតដេកចាំព្រៃ។ ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរ បានឌុបនារីស្រស់ពេកក្រៃ ក្លិនខ្លួនក្រអូបដូចចំប៉ី រំភើបដួងចៃតែម្នាក់ឯង។ រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វ វត្ថុគ្រប់សព្វមានកញ្ច្រែង ឧស្សាហ៍ធ្វើការយ៉ាងរអែង ប្រឹងប្រែងញើសហូរប្តូរជីវិត។ បាយត្រឹមបាតឆ្នាំងអាំងត្រីងៀត ហូបចុកត្បិតត្បៀតមានកំរិត សន្សំលុយកាក់ផ្ញើញាតិមិត្ត ម៉ែឪក្រពិតឯស្រុកស្រែ។ មួយថ្ងៃសន្សំខំតក់ៗ រកស៊ីដង្ហក់មិនត្អូញត្អែ របរសុចរិតមិនលួចគេ សូមព្រះយាងថែលុះភ្លឺស្វាង។ ដ ...

                                               

រឿង ពូសុខបាត់ពូថៅ

ពូសុខបាត់ពូថៅរកមិនឃើញ ស្រាប់តែប្រទះឃើញក្មេងភូមិម្នាក់ ដើរឈ្ងោកៗ សរសៀរតាមផ្លូ វកៀនរបងផ្ទះ របស់អ្នកជិតខាងម្នាក់។ គាត់លួចតាមមើលកុមារពីក្រោយ ដោយមានចិត្តសង្ស័យទៅលើក្មេងនោះខ្លាំងណាស់ តែពុំអាចចោទកុមារនោះបាន ព្រោះគ្មានភស្តុតាង។ វេលាក្រោយៗមក ពូសុខកើនចិត្តស្អប់ក្មេងនោះ បន្តិចម្តងៗ រហូតដល់មិនអោយកូនចៅ របស់គាត់ទៅលេងចូលជាមួយឡើយ សូម្បីតែក្នុងថ្ងៃបុណ្យ។ នៅថ្ងៃមួយ គាត់រើក្រោលគោសំអាត ក៏ប្រទះឃើញពូថៅរបស់គាត់នៅទីនោះ មិនដឹងថា គាត់ភ្លេចចោលនៅទីនោះ តាំងពីអង្កាល់។ ពេលនោះពូសុខ មានអារម្មណ៍ថា គាត់កំពុងមានបាបនៅក្នុងចិត្ត ដែលត្រូវលាងជម្រះ។ បើពូសុខជារូបយើងវិញ តើយើងគួរធ្វើដូចម្តេច? ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍

                                               

វិញ្ញាណ១០

មនុស្សគ្រប់រូបមានវិញ្ញាណ.១០យ៉ាងធរមានសែនប្រពៃ សម្រាប់ប្រើប្រាស់តាមបច្ច័យ.ដើម្បីកែឆ្នៃន័យជីវិត។ ទីមួយជាភ្នែកសម្រាប់ប្រើ.មើលឃើញផ្លូវដើរសុខសុក្រិត ទីពីរត្រចៀកស្តាប់ការពិត.បីច្រមុះហិតស្គាល់អស់ក្លិន។ បួនជាអណ្តាតចិបរសប្លែក.ប្រាំគឺជាស្បែកដឹងសីតុណហ៍ ទន់រឹងគ្រាតគ្រើមមិនអោយស៊ុន.ប្រាំយ៉ាងវរិន្ទប៉ិនប្រសប់។ ប្រាំមួយព្រលឹងដឹងជីវិត.ញែកចែកការពិតពីយល់សប្តិ ពីក្តីស្រម័យថ្ងៃឬយប់.ប្រផ្នូលសព្វគ្រប់មិនរំលង។ ប្រាំពីរវិញ្ញាណអោយយើងដឹង.ដងខ្លួនយើងនឹងស្ងៀមឈឹងផង ឬមានចលនាយឺតលឿនហោង.យោលយោគផ្អៀងផ្អងតាមដំណើរ។ ប្រាំបីគឺចិត្តចេះសប្បាយ.ទុក្ខសោកនឿយណាយស្អប់សើវើ ស្រៀវស្រើបស្រឡាញ់ឃ្នាន់ខ្នាញ់ឃ្នើ.គុំគួនមិនស្ទើរ ឬ ប្ញស្យា។ ប្រាំបួន ...

                                               

រឿងគំនិតប្រសិទ្ធ

សុធីឃើញមិត្តដាំចង្ក្រាន អណ្តាតភ្លើងថ្កានដល់ដំបូល ផ្ទះស្បូវចង្អៀតឥតបើពោល ប្រាប់មិត្តបណ្តូលគួរប្រយ័ត្ន។ មួយត្រូវច្រូតស្បូវកែកុនផ្ទះ ពីរផ្លាស់ចង្ក្រានបង្ការកាត់ ដាំស្លក្រៅផ្ទះកុំអោយភ្លាត់​ ការពារភ្លើងវាត់ឆេះលំនៅ។ ណារិនជាមិត្តធ្វើតោះតើយ មិត្តអើយការតូចកុំគិតជ្រៅ ផ្ទះសុខយូរហើយមិនដែលត្រូវ ភ្លើងឆេះរាលក្តៅស្លាប់ឯណា? មួយខែកន្លងយ៉ាងរហ័ស ហេតុការណ៍ប្តូរផ្លាស់យ៉ាងខ្លោចផ្សា ណារិនស្ទុះស្ទារត់ឆ្លេឆ្លា មិត្តអើយករុណាជួយខ្ញុំផង។ ភ្លើងឆេះផ្ទះខ្ញុំរាបដល់ដី គ្រួខ្ញុំភិតភ័យយ៉ាកណាស់ហោង សូមកម្លាំងមិត្តក្បែររបង​ ជួយសង់ខ្ទមផងជ្រកជាថ្មី។ ឮហើយមិត្តក្រោកពីគ្រប់ជ្រុង ឬស្សីបំពង់ព្រមស្បូវព្រៃ ស្វះស្វាត់សង់បានខ្ទមមួយថ្មី ណា ...

                                               

រឿង អ្នកភូមិនិងធុងទឹក

មានអ្នកភូមិក្រីក្រម្នាក់ តែងចេញទៅរែកទឹក ព្រឹកល្ងាច នៅស្រះមួយ នាជាយភូមិរបស់គាត់​ ដើម្បីយកមកប្រើប្រាស់ ប្រចាំគ្រួសាររាល់ថ្ងៃ។ ធុងទាំងពីររបស់គាត់ ចាស់បន្តិចហើយ មួយសឹករិចធ្លុះបាតតិចៗ ហើយមួយទៀត នៅជិតល្អ នៅឡើយ។ នៅពេលគាត់រែកទឹក ពីស្រះមកដល់ផ្ទះ ធុងមួយនៅសល់ទឹក តែកន្លះធុង តែមួយទៀត នៅពេញដដែល។ ច្រើនខែក្រោយមក ធុងធ្លុះបាត កើតក្តីតប់ប្រមល់ នឹកអាមាស ដែលខ្លួនជាធុងធ្លុះ មិនអាចជួយអោយ ម្ចាស់ខ្លួន រែកទឹកបានគ្រប់គ្រាន់ មកដល់ផ្ទះ ក៏ស្រដីទៅម្ចាស់ ដែលកំពុងសម្រាក ដកដង្ហើម ពីការនឿយហត់ រែកទឹកច្រើនជើង ច្រើនសា ក្នុងមួយថ្ងៃនោះ ថា ៖ - ឧិលោកម្ចាស់អើយ អភ័យទោស អោយខ្ញុំផង ដែលខ្ញុំមិនអាច ផ្ទុកទឹកគ្រប់គ្រាន់ សម្រាប់ជួយផ្គត់ផ្គ ...

                                               

រឿង ទឹកបឹងកករ

លោកតាសុខ ធ្វើដំណើរទៅភូមិមួយ ជាមួយចៅប្រុសជំទង់ម្នាក់ ដើម្បីទៅចូលរួមពិធីបុណ្យ។ លុះធ្វើដំណើរ បានពាក់កណ្តាលផ្លូវ លោកតាបានឈប់សម្រាកក្រោមដើមឈើមួយ ហើយបានប្រាប់អោយចៅ ទៅរកដួសទឹក ពីបឹងក្បែរនោះ មកទទួលទាន។ កុមារសយ រត់វឹងសំដៅទៅបឹងភ្លាម បន្តិចក្រោយមក ក៏ត្រឡប់មកវិញ ដោយដៃទទេ ហើយជំរាបលោកតាថា ៖ - ទឹកបឹងកករណាស់ លោកតា ព្រោះមានមនុស្សកំពុងចុះដកព្រលិត។ លោកតាឮហើយ ក៏ឆ្លើយតបវិញថា ៖ - អញ្ចឹង ចៅសម្រាកសិនទៅ​ ចំាំមួយស្របក់ទៀត ចាំទៅដងទឹកបឹងនោះ។ មួយសន្ទុះកន្លងទៅ មនុស្សបានឡើងពីបឹង ត្រឡប់ទៅវិញស្ងាត់បាត់អស់។ លោកតាក៏ដេញអោយចៅសយ ទៅបឹងម្តងទៀត។ លើកនេះ ចៅសយ ត្រឡប់មកវិញ ដោយមានដងទឹក ពេញមួយកន្ទោងស្លឹកព្រលិតមកផង។ លោកតាក៏សួរចៅសយ ឡើងថា ...

                                               

រឿង ផ្កាព្រៃតូច

មានផ្កាព្រៃតូចមួយគុម្ព ដុះនៅតំបន់រហោស្ថានមួយ ដែលមានតែថ្មក្រៀមក្រោះ និងគុម្ពោតតូចៗ ដុះដោយដុបៗ។ រៀងរាល់ថ្ងៃ ដើមផ្កាតូចនោះ តែងតែពោលសួរមេឃថា "តើថ្ងៃណា ខ្ញុំនឹងមាន ឧិកាសលូតលាស់ ខ្ពស់ឡើងទៅហ្ន៎?" មេឃក៏ឆ្លើយទៅវិញ ថា "ឧិផ្កាតូចអើយ! បើសិនអ្នកត្រូវពឹងលើសមត្ថភាពរបស់អ្នកហើយ ដើម្បីដកខ្លួន ទទួលយកពន្លឺថ្ងៃ និងទឹកសន្សើម ដើម្បីនឹងអាចលូតកំពស់របស់ខ្លួនបាន!" ដើមផ្កាតូចឭហើយក៏ប្រឹង បឺតជញ្ជក់នូវពន្លឺថ្ងៃ និងទឹកសន្សើម យ៉ាងអស់ទំហឹង។ ផ្កាក៏លូត កំពស់របស់ខ្លួន ខ្ពស់ជាងមុន ព្រមទាំងបានបញ្ចេញនូវទងផ្កាតូចៗ រីកស្គុះស្គាយ ជាច្រើន។ ថ្ងៃមួយ ស្រាប់តែមានព្រានព្រៃម្នាក់ រត់ដេញទាក់សត្វព្រៃ ហើយក៏បានបោះជើង ជាន់ដើមផ្កាដ៏ទន់នោះ អោយបា ...

                                               

រឿង នរកនិងសួគ៌

មានកុមារម្នាក់សួរទៅព្រះអាទិទេពថា ៖ - តើអ្វីទៅជាឋាននរក អ្វីទៅជាឋានសួគ៌ ព្រះអង្គ? ព្រះក៏មានបន្ទូលតបវិញថា ៖ - ដើម្បីនឹងស្គាល់ច្បាស់ សូមកុមារ ធ្វើដំណើរទៅជាមួយយើង ទៅមើលទីនោះដោយផ្ទាល់ភ្នែក ទើបប្រសើរ។ កុមារឭភ្លាមសប្បាយចិត្តណាស់ ក៏ដើរតាមក្រោយជំហានព្រះអាទិទេព ទៅដល់ភូមិមួយ ក៏ប្រទះឃើញ មានមនុស្សម្នា ជាច្រើន នាំគ្នាអង្គុយ កាន់វែកដែក ដែលមានដងវែងជាងពីរម៉ែត្រ ម្នាក់មួយៗ ដំកង់ជុំវិញខ្ទះសម្ល ដែលមានក្លិន ឈ្ងុយឆ្ងាញ់បំផុត។ ចៃដន្យអ្វី មនុស្សទាំងឡាយនោះ បែរជាមានរូបរាងស្គាំងស្គម ទឹកមុខក្រញូវ មិនសប្បាយរីករាយ ទាល់តែសោះ។ គេម្នាក់ៗខំប្រឹងតស៊ូតែម៉្យាងគត់ គឺប្រវេប្រវា យកវែកដែកដងវែងនោះ ដណ្តើមគ្នា កៀរកូរដង ទឹកស៊ុបអាហារ ដ ...

                                               

រឿង ទង្វើជាគម្រូ

ដើម្បីនឹងផ្លាស់ប្តូរមនុស្សឬសង្គម យើងមិនប្រើត្រឹមតែទ្រឹស្តីប៉ោចៗ មិនអនុវត្តន៍នោះឡើយ។ ការអនុវត្តន៍ជាកត្តាសំខាន់ ក្នុងការផ្តល់គម្រូណែនាំ មនុស្ស ទៅរកកន្លែងប្រសើរ។ បើសិនយើងចេះថា យើងត្រូវចេះធ្វើព្រមជាមួយផង តាមសមត្ថភាព និងលទ្ធភាព ដែលយើងអាចធ្វើបាន នោះពិតជាទង្វើដ៏ប្រសើរ ហើយមានប្រសិទ្ធភាពបំផុត។ បើសិនអ្នកថានោះ ខ្វះការអនុវត្តន៍ ជាគម្រូ ក៏អ្នកថានោះ មិនសូវមានប្រសិទ្ធភាព ក្នុងការបញ្ចេញ មតិរិះគន់ដែរ។ ចំណែកឯការរង់ចាំអោយ មនុស្សគ្រប់គ្នា មានឧិកាសគ្រប់ៗគ្នា ឬស្មើៗគ្នានោះ គឺពុំមានឡើយ ហើយប្រហែល ជាត្រូវរង់ចាំ អស់មួយជីវិតផង ក៏មិនដឹង។ ដូច្នេះ យើងម្នាក់ គួរងើបធ្វើអ្វី តាមលទ្ធភាព និងសមត្ថភាព ដែលយើងអាចធ្វើបាន។ ចាស់បុ ...

                                               

រឿង ពិធីដង្ហែអ្នកតាទៅវត្ត

នេះជារឿងពិតមួយ ដែលខ្ញុំបានជួបប្រទះ ដោយខ្លួនឯង។ កាលពីឆ្នាំ២០០២ ខ្ញុំបាននាំ ម្តាយរបស់ខ្ញុំ និងសមាជិកក្រុមគ្រួសារ វិលទៅ ព្រះនេត្រព្រះ ដែលជាទីដីកំណើត របស់ម្តាយខ្ញុំ ដើម្បីធ្វើបុណ្យជូនជីដូនជីតា និងសាច់ញាតិ ដែលចែកឋានទៅ នៅសម័យ ៧៥-៧៩។ នៅកណ្តាល ពិធីបុណ្យ ក្នុងវត្ត លើខ្នងភ្នំ ព្រះនេត្រព្រះស្រាប់តែអ្នកស្រុក ដែលមកចូលរួមបុណ្យ ក្រោករត់ឈូឆរចំពេលព្រះសង្ឃ កំពុងសូត្រធម៌ ហើយនាំគ្នាស្រែកថា៖ - ពួកយើង ឆាប់រត់គេច ទៅផ្ទះវិញ បើនៅយូរ ព្រលឹងសក្តិសិទ្ធិ នឹងឡើងលើភ្នំ កាច់យកជីវិតយើង គ្រប់គ្នា នៅលើភ្នំនេះ។ ឆ្ងល់ពេក ខ្ញុំក៏សូមអោយព្រះសង្ឃ ផ្អាកបុណ្យភ្លាម ហើយសួរអ្នកស្រុក ថា ៖ - តើមានរឿងអ្វីខ្លះទៅ ដែលនាំអោយ ព្រលឹងសក្តិសិទ្ធ ...

                                               

កង្កែបបាតអណ្តូង តែឃើញមេឃទូលាយ

តើនរណាថា កង្កែបបាតអណ្តូង ស្គាល់មេឃប៉ុនគម្របឆ្នាំង? កង្កែបចុះបាតអណ្តូង ព្រោះចង់ពួនស៊ីមូស ផឹកទឹកត្រជាក់ បំប៉នខ្លួនប្រាណអោយធំធាត់។ តើទៅឆោតអីហ្ន៎ ដែលកង្កែបត្រូវតតាំងនឹងមេឃខែប្រាំង ដ៏សែនរីងរាំង មានដីបែកក្រហែង នៅខាងក្រៅទៅវិញ? នៅនារដូវប្រាំង ពេលណាគេខ្វារ បានកង្កែបពីបាតអណ្តូង បាតត្រពាំង ដែលមានទឹកត្រជាក់ ម្តងៗ គេច្រើនប្រទះ តែកង្កែបដែលធាត់ មានសាច់ទ្រលុកៗបំផុត មិនខុសអីឡើយ ពីសិស្ស និស្សិត អ្នកស្រាវជ្រាវ ឬ អ្នកស្នាក់ធម៌ ដែលរត់ចូលពួន លាក់អាត្មា ក្នុងបន្ទប់តូច បិទទ្វារ បើកត្រឹមបង្អួចតូចៗ យកតែខ្យល់ដកដង្ហើម ដើម្បីតាំងសមាធិ ផ្ចង់ស្មារតី ខាត់គំនិត ខាត់ប្រាជ្ញា ពិចារណាត្រិះរិះ បណ្តុំ បណ្តុះ បណ្តាល នូវទេពកោសល្ ...

                                               

រឿង ពូត្រុំមេកន្ទ្រាញ

នៅលើផ្លូវដីលំមួយ ដែលមានអ្នកដំណើរទៅមក ធ្វើការរកស៊ីរចល់ ជាប្រក្រតី ជាមួយនឹងភូមិដទៃ មេកន្ទ្រាញក្នុងភូមិដ៏ចាស់ជរា មួយរូប បានធ្វើការសាកល្បងទឹកចិត្តអ្នកស្រុក ដោយមិនបាន ពិគ្រោះប្រាប់នរណា ក្នុងភូមិឡើយ។ នៅយប់មួយ មេកន្ទ្រាញបានយកដំរី ទៅអូសផ្ទាំងថ្ម មួយផ្ទាំងធំ មកដាក់កណ្តាលផ្លូវ ហើយគេចទៅបាត់ ធ្វើហាក់ដូចជាមិនបាន​ ដឹងរឿងអ្វីទាំងអស់។ ថ្ងៃបន្តបន្ទាប់មក អ្នកភូមិដែលធ្វើដំណើរទៅមករាល់ថ្ងៃ បានប្រទះឃើញផ្ទាំងថ្មមួយផ្ទាំងនោះ​ ទើសផ្លូវ ក៏នាំគ្នាបររទេះ ឬដើរវេះវៀង ចៀសជុំវិញដុំថ្មនោះ។ ខ្លះខឹងហើយជេរ​ ប្រទេចផ្តាសា​ អ្នកដែលយកដុំថ្ម មកដាក់កណ្តាលផ្លូវ ទើសចរាចរធ្វើដំណើរ ពិបាកខ្លួនត្រូវដើរវាង ឬបររទេះវាង។ ខ្លះខឹង ជេរដៀមដាម ទ ...

កែវ ច័ន្ទបូរណ៍
                                     

ⓘ កែវ ច័ន្ទបូរណ៍

អ្នកស្រី កែវ-ច័ន្ទបូរណ៍ គឺជាអ្នកនិពន្ធខ្មែរមួយរូបដែលទទួលបានការគាំទ្រនិងកោតសរសើរប្រវតិ្ត អ្នកស្រីក៏មានគេហទំព័ររបស់ខ្លួនដែរ ៖ ChanboKeo.com, Khmer Author Chanbo Keo, English-Khmer.com

                                     

1.1. ​ជីវប្រវត្តិ​ ជីវិតនៅស្រុកខ្មែរ

អ្នកស្រី កែវ ច័ន្ទបូរណ៍ មានកំណើតនៅរាត្រីថ្ងៃច័ន្ទ មានខែរះពេញបូរមី បាំងឆ័ត្របីជាន់ ក្នុងផ្ទះខ្ទមសសរឬស្សី ប្រក់ស្បូវភ្លាំង សង់ជាប់របងវត្ត ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ​ ស្រុក ភ្នំស្រុក ខេត្ត បាត់ដំបង សព្វថ្ងៃនេះ គេបានផ្លាស់ប្តូរ កាត់ភូមិភាគនេះ ទៅជាខេត្ត បន្ទាយមានជ័យ។ ឈ្មោះកំណើតដើម របស់អ្នកស្រីគឺ ច័ន្ទបូរមី ក្រោយមកបានត្រូវទទួល ពិធីឧបកិច្ចពិសេសមួយ ដើម្បីប្រគល់ទារកតូច នាមច័ន្ទបូរមីនេះ អោយទៅឪពុកម្តាយធម៌ យកទៅចិញ្ចឹមវិញ។ ទារកនេះ បានទទួលប្រតិស្ឋនាមថ្មី មួយទៀតថា ច័ន្ទបូរណ៍ ដោយ ព្រះគ្រូសង្ឃរាជ ចៅអធិការវត្ត ប្រចាំភូមិ ត្បិតកាលនោះ អ្នកស្រី មានជម្ងឺរ៉ាំរ៉ៃ តាំងពីពេលប្រសូត្រភ្លាមមក ដែលជាជម្ងឺ បណ្តាលមកពី ម្តាយអ្នកស្រីបរិភោគ ស្រាថ្នាំព្យាបាលសរសៃខ្ចី ពេលនៅបំបៅដោះកូននៅឡើយ ទើបបណ្តាល អោយមានជាតិស្រាប៉ះពាល់ដល់ សុខភាពប្រព័ន្ធសរសៃខួរក្បាល របស់ទារក។ កូនទីមួយ ដែលជាបងស្រី របស់អ្នកស្រី កែវ ច័ន្ទបូរណ៍ បានធ្វើមរណកាលទៅ នៅក្នុងវ៍យ៩ខែ ដោយសារផលវិបាក នៃការបរិភោគ ស្រាថ្នាំសរសៃខ្ចី របស់លោកជាម្តាយ ក្នុងពេលដែលលោក នៅបំបៅដោះកូនខ្ចី នៅឡើយ។ ក្នុងកំឡុងពេលនោះដែរ លោកឪពុក របស់អ្នកស្រីច័ន្ទបូរណ៍ បានធ្វើដំណើរឃ្លាតឆ្ងាយ ពីក្រុមគ្រួសារ ទៅបន្តការសិក្សាជាន់ខ្ពស់ ឯទីក្រុង អស់ជាច្រើនឆ្នាំ។ លោកត្រឡប់ មកលេងផ្ទះវិញ ម្តងមួយកាល ប្រមាណ ៥ឬ៦ខែម្តង ម៉្លោះហើយ ការរស់នៅ របស់ក្រុមគ្រួសារអ្នកស្រី ឯស្រុកកំណើត ពិតជាអត្តខាត់ណាស់ គឺពឹងផ្អែក ទៅលើញាតិជិតខាង ដែលស្ទើរតែគ្មាន ការសិក្សា និងចំណេះវិជ្ជាអ្វីសោះ ដែលតែងតែជួយហុចដៃ ជួយជានិច្ច ពេលមានកង្វះខាត ឬមានអាសន្នអន់ក្រ ម្តងៗ ពេលលោកឪពុកមិននៅ។ ដូច្នេះហើយ ទើបក្រុមគ្រួសាររបស់អ្នកស្រី ត្រូវបាត់បង់សមាជិក ខ្លះៗ ដោយសារការខ្វះខាត ចំណេះចេះដឹង ផ្នែកវិជ្ជាពេទ្យ និងការសិក្សាជាទូទៅ នោះឯង។

កាលជំនាន់នោះ ភូមិ ត្រពាំងថ្ម ជាភូមិជនបទ ដាច់ស្រយាល ធ្វើដំណើរទៅណាមកណា ដោយជើង កង់ សេះ និងរទេះគោ។ នៅទីនោះ មានគ្រួសារខ្មែរ ប្រហែល២០គ្រួ និងគ្រួសារជាជនជាតិកួយ ប្រហែល២០គ្រួទៀត ដែររស់នៅរាយប៉ាយ ឆ្ងាយៗគ្នា ដោយសារគម្លាតផ្ទៃដី ដាំដំណាំនិងធ្វើស្រែ ម៉្យាងដោយខ្វះខាតទឹក សម្រាប់ផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃផង ជាពិសេស គឺនៅរដូវប្រាំង។ អ្នកស្រុកនៅតំបន់នេះ ច្រើនមានមុខរបរ រកស៊ីធ្វើស្រែ ដាំដំណាំអំពៅ ដំឡូង និងត្បាញសូត្រ បែប ផាមួងលាត ផាមួងបន្តក់ អន្លូញ សារុងសូត្រ ចរបាប់ និង ស៊ឹង។ អ្នកស្រុកនៅតំបន់នេះ មិនសូវមានការសិក្សាទេ ក្រៅតែពីទៅបួស រៀនអក្សរនិងធម៌អាឋ៌ នៅវត្តតូចមួយ​ ឈ្មោះថា វត្ត ត្រពាំងថ្ម។ នៅរវាងឆ្នាំ១៩៥៦ សាលាបថមសិក្សា តូចមួយ មានចំនួន បួនថ្នាក់បានត្រូវបង្កើតឡើង ដោយក្រសួងសិក្សាធិការ នៃសង្គមរាស្ត្រនិយម ពីកម្រិតកុមារដ្ឋាន ថ្នាក់ទី១ ដល់មជ្ឈឹមដ្ឋានទីមួយ ថ្នាក់ទី៤។ ក្រោយមក អ្នកស្រីបានមករស់នៅ ជួបជុំជាមួយក្រុមគ្រួសារ នៅក្រុង បាត់ដំបង បានបន្តការសិក្សា នៅ ទក្ខិណសាលា និងនៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់។ កាលមកដល់ក្រុង បាត់ដំបង លើកដំបូង អ្នកស្រីជាសិស្ស ដែលរៀន ខ្សោយជាងគេបំផុត នៅក្នុងថ្នាក់រៀន ម៉្យាងដោយសារ ជម្ងឺរ៉ាំរ៉ៃពីកុមារភាព ពីរដោយសារ ភាពខ្វះខាត ក្នុងក្រុមគ្រួសាររបស់ខ្លួន បីដោយសារ សង្គមរស់នៅ ក្នុងទីក្រុង រួមទាំងសង្គមសិក្សា មិនសូវលើក កម្លាំងចិត្តក្មេង មកពីជនបទ ដែលមាន សំដីនិងភាសា រដឺនៗប្លែកៗ ទាំងនោះឡើយ។ តែអ្នកស្រីមិនលះបង់ ការចង់ចេះចង់ដឹង និងការចង់ផ្លាស់ប្តូរខ្លួន អោយប្រសើររុងរឿងនោះដែរ។ ដោយសារមូលហេតុនេះហើយ ទើបអ្នកស្រីនាំខ្លួន ចូលជាសមាជិក ពុទ្ធិកសមាគមប្រាជ្ញាខ្មែរ នៅ វត្តពោធិវាល បាត់ដំបង ដោយមានសម្តេចសង្ឃរាជ ប៉ុន សុម្ភាចន៍ ជាមេគណប្រចាំខេត្ត ហើយបានចូលរៀន ជាសិស្សផ្ទាល់ ជាមួយ ព្រះសង្ឃរាជ ជាគ្រូច្រើនព្រះអង្គទៀត ដូចជា នៅវត្តកំផែង វត្តគរ វត្តធម្មយុត្តិ វត្តដំរីស និងវត្តសង្កែ ក្នុងការបណ្តុះបណ្តាល ផ្នែកអក្សរសិល្ប៍ខ្មែរ ផ្នែកកម្រងកែវ ក្បាច់កាព្យ ក្បាច់ទំនុកច្រៀងប្រជាប្រិយ ក្បាច់ចម្រៀងគ្រលាស់គាត់គ្រលាត់គាស់ ក្បាច់ប្រឡែងបរិវារស័ព្ទខ្មែរ ក្បាច់និពន្ធបង្កសន្ទេហវិធី ពូតអារម្មណ៍អ្នកអាន បណ្តុះការចេះដឹង​ និងទេពកោសល្យរបស់ខ្លួន អោយមានជំនាញ កាន់តែប្រសើរជាងមុន ល្អឡើងៗ​ ជាលំដាប់។ ដោយសារតែមានការគាំទ្រ និងលើកទឹកចិត្ត​ពី លោកឪពុករបស់អ្នកស្រី ដែលជាអ្នកមានទេពកោសល្យ ខាងបទភ្លេង និងសំនួនវោហារកម្រងកែវ យ៉ាងចំណានផង អ្នកស្រីបានដុះខាត់ ស្នាដៃរបស់ខ្លួន ផ្នែកនិពន្ធអក្សរសិល្ប៍ ទាំងសំណេរអត្ថបទ ទាំងទំនុកច្រៀងនិងបទភ្លេង កាន់តែភ្លឺថ្លាពណ្ណរាយ បន្ថែមទៀត។

                                     

1.2. ​ជីវប្រវត្តិ​ ជីវិតនៅសហរដ្ឋអាមេរិក

អ្នកស្រីបានរស់នៅឆ្លងកាត់ សម័យប៉ុលពត តាំងពីឆ្នាំ១៩៧៥​ដល់១៩៧៩។ អ្នកស្រីបានទទួលរង គ្រោះទោសទណ្ឌ របស់ខ្មែរក្រហម នៅវត្តឯកភ្នំ បាត់ដំបង បានភៀសខ្លួន រួចរស់ជីវិត ទាំងប្រផិតប្រផីយ នៅឆ្នាំ១៩៧៧ តែបានត្រូវខ្មែរក្រហម កៀរកេណ្ឌម្តងទៀត​ទៅភ្នំឆ័ត្រ នៅឆ្នាំ១៩៧៩។​ អ្នកស្រី បានភៀសខ្លួនសាជាថ្មី ហើយបានទទួល ការសង្គ្រោះ ពីក្រុមកាកបាទក្រហមអន្តរជាតិ នៅចុងឆ្នាំ១៩៧៩ ក្រោយមកក៏បាន ទទួលការអនុញ្ញាតិ ចូលទៅរស់នៅ សហរដ្ឋអាមេរិក នៅខែមិថុនាឆ្នាំ១៩៨១។ បន្ទាប់ពី អ្នកស្រីទទួល ការវះកាត់ព្យាបាលខ្លួន នៅមន្ទីរពេទ្យនៅឆ្នាំ១៩៨១នោះ អ្នកស្រីក៏វិលត្រឡប់ ចូលបន្ថែមការសិក្សា នៅសកលវិទ្យាល័យ NDSU រដ្ឋ North Dakota បន្ទាប់មក នៅសកលវិទ្យាល័យ U of M រដ្ឋ Minnesota ។ ដោយការខិតខំ ដ៏ស្វិតស្វាញ អ្នកស្រី​បានទទួល អាហារូបករណ៍ រៀងរាល់ឆ្នាំ ដើម្បីបន្ថែមវិជ្ជា និងការស្រាវជ្រាវ ផ្នែកចិត្តវិទ្យា​ សតិវិទ្យា និងគ្រួសារវិទ្យា។ សព្វថ្ងៃ អ្នកស្រីទទួលមុខនាទីការងារ ជាបុគ្គលិកក្រសួងយុត្តិធម៌ ផ្នែកការពារ សិទ្ធិកុមារនិងយុវជន ហើយបានបម្រើ ការងារនេះ តាំងពីឆ្នាំ១៩៨៩ បន្ទាប់ពីបានទទួល បណ្ឌិតបរិញ្ញា ខាងចិត្តវិធីព្យាបាល និងគ្រួសារវិទ្យា។

                                     

1.3. ​ជីវប្រវត្តិ​ ជីវិតគ្រួសារ

អ្នកស្រីបានរៀបការ ជាមួយស្វាមី នាម មេង សួង សុវណ្ណធី ជាអតីតសាស្រ្តាចារ្យ នៅសកលវិទ្យាល័យ វិចិត្រសិល្បៈ ផ្នែករបាំបុរាណ និងមានបុត្រីមួយរូប នាម សុវណ្ណធី ធម្មិកា បារមីបុណ្យ។ អ្នកស្រី កែវ ច័ន្ទបូរណ៍ បានទទួលចិញ្ចឹម បីបាច់ថែរក្សាកូនខ្មែរ ចំនួនច្រើននាក់ទៀត ដែលកំព្រាឪពុកម្តាយ ដោយសារសង្គ្រាម ខ្មែរក្រហម និងសង្គ្រាមវៀតណាម រហូតដល់ពួកគេ បានទទួលចំណេះវិជ្ជា អាចទ្រទ្រង់ ជីវិតរបស់ខ្លួនឯង យ៉ាងរឹងប៉ឹងមាំមួន។

                                     

2.1. ប្រវត្តិទេពកោសល្យនិពន្ធ ប្រវត្តិនិពន្ធមុនឆ្នាំ១៩៧៥

អ្នកស្រីជាកូនទីពីរ របស់លោក ប៊ុន ថង អតីតអគ្គានុរក្ស វិទ្យាល័យអ៊ាបឃុត បាត់ដំបង និងជាតារាល្បីល្បាញប្រចាំខេត្ត ខាងភាសា កម្រងកែវ កំប្លែងស្ងួត ខាងអប់រំ បំបែកភាសិត និងពាក្យប្រដៅខ្មែរ ព្រមទាំងចម្រៀង ប្រើភាសា គ្រលាស់គាត់គ្រលាត់គាស់ផង។ ម្តាយបង្កើតរបស់អ្នកស្រី ជាមនុស្សដែលធ្លាប់មាន ទេពកោសល្យខ្ពស់ ខាងច្រៀងចម្រៀងខ្មែរ និងខាងរបាំប្រជាប្រិយណាស់ តែលោកជាមនុស្សស្ងាត់ស្ងៀម មិនសូវចេញមុខមាត់ ក្នុងសង្គមប៉ុន្មានឡើយ ម៉្លោះហើយ ទេពកោសល្យរបស់លោក ក៏ត្រូវបាត់បង់ទៅវិញ ដោយមិនបានយកមកប្រើ ដុសខាត់ជាប្រយោជន័។ ចំណែក លោក ប៊ុន ថងពូកែវាយស្គរ ច្រៀងប្រដេញប្រាជ្ញា និងដេញចាប៉ីផ្លែសាច់ភ្លេង ព្រោះនោះជា ចំណូលចិត្តរបស់លោក ប្រចាំថ្ងៃ។ នៅក្នុងភូមិដែលលោករស់នៅ លោក ប៊ុន ថង ធ្លាប់ជាគ្រូបង្រៀន ខាងកម្រងកែវ ទំនុកវោហារ ទំនុកចម្រៀង និងបទភ្លេង របស់ រស់ សិរីសុទ្ធា ឬ រស់សេរីសុទ្ធានិងប្អូនៗ ប៉ែន រ៉ន និងប្អូនស្រីបីនាក់ ជាអ្នកចម្រៀងដែរ ហួយ មាស និង អ៊ឹម សុងសឺម។ ថ្វីបើ អ្នកស្រីច័ន្ទបូរណ៍ បានរស់នៅ ឯស្រុកកំណើត បែកពីលោកឪពុក ក្នុងឧិកាសដែលលោក ចេញចាកឆ្ងាយក្រុមគ្រួសារ ទៅបំពេញវិជ្ជាសិក្សាជាន់ខ្ពស់ អស់ជាច្រើនឆ្នាំ តែអ្នកស្រី ជាកូនតែមួយគត់ ដែលចម្លងសម្បទា និងទេពកោសល្យ ផ្នែកភាសាកម្រងកែវ បានច្រើនជាងគេ ពីលោកឪពុករបស់អ្នកស្រី ជាពិសេស ខាងផ្នែកនិពន្ធកម្រងកែវ ពាក្យចួន ពាក្យកាព្យ ទំនុកច្រៀង​​គ្រលាស់គាត់គ្រលាត់គាស់ និងបំណកស្រាយភាសិត បែបសុទដ្ឋិនិយម។ កាលនោះ អ្នកស្រីបានហាត់រៀន ទេពកោសល្យ ប្រើសម្លេង ក្នុងការអានកម្រងកែវ ទំនុកវោហារ សម្រាប់វិទ្យុជាតិ ប្រចាំខេត្ត ជាមួយអ្នកស្រី ហួយ មាស និងសិស្សប្រុសស្រី ជាច្រើនរូបទៀត។ បួនឆ្នាំបន្ទាប់ពី អ្នកស្រី ហួយ មាស បានទទួល រហស្សនាមប្រជាប្រិយថា មាស មេត្រី ចំពោះទេពកោសល្យ ក្នុងការប្រើថ្វីមាត់ សូត្រកំណាព្យបុរាណខ្មែរ យ៉ាងល្បីប្រចាំខេត្ត អ្នកស្រីកែវច័ន្ទបូរណ៍​ ក៏បានទទួល រហស្សនាមប្រជាប្រិយ មួយដែរ គឺ មិត្ត មេត្រី ចំពោះទេពកោសល្យ អានកំណាព្យ និពន្ធកំណាព្យ និងនិពន្ធទំនុកច្រៀង ពាក្យ គ្រលាស់គាត់គ្រលាត់គាស់ បែបកំប្លែងស្ងួត សម្រាប់អប់រំ ដូចជាបំណកស្រាយភាសិត និងពាក្យស្លោកខ្មែរ ជាដើម។

បទចម្រៀង ដែលអ្នកស្រី និពន្ធដំបូងបង្អស់ គឺបទ មេអំបៅក្នុងសួន ដោយប្រើមេសំនួនកាព្យ បែបកាកគតិ តាំងពីមិនទាន់ចេះអាន ចេះសរសេរនៅឡើយ។ នៅឆ្នាំ១៩៦៧ អ្នកស្រីបាននិពន្ធ រឿងកំប្លែងមួយ ជាលើកដំបូង មានឈ្មោះថា យក្សធាត់យក្សស្គម និពន្ធដំបូង ជារឿងនិទានដោយមាត់ សម្រាប់បងប្អូន និងញាតិមិត្តជិតខាង ស្តាប់កំសាន្តលេង ក្នុងភូមិ។ ដោយសាររឿងនេះ មានប្រជាប្រិយភាព នាំមនុស្សអោយសើចសប្បាយ ក្អាកក្អាយ ពេលបានស្តាប់ម្តងៗ អ្នកស្រីបានយករឿងនេះ ទៅសរសេរដោយដៃ ចងក្រងជាសៀវភៅ ហើយយកទៅដាក់ជួល នៅតូបផ្សារក្រោម បាត់ដំបង បានមួយអាទិត្យ ប្រាំកាក់ ចែកគ្នាពាក់កណ្តាលម្នាក់ ជាមួយម្ចាស់តូប ជួនកាលទៀត ក៏បានប្រាក់កម្រៃឈ្នួលច្រើនជាងនោះ។ តរៀងបន្ទាប់មក អ្នកស្រីបាននិពន្ធរឿងខ្លីៗ បែបកំសាន្តខ្លះ បែបអប់រំខ្លះ សម្រាប់ដាក់ជួល នៅទីផ្សារ មានដូចជារឿង ភូមិបព្វតាសម្ព័ន្ធ នភាមណី វិស្សមកាលនៅភូមិដ្ឋានមេធ្មប់ សន្យា៤៩ថ្ងៃ យំដើម្បីឈប់យំ ជារឿងពិតប្រឌិតផ្សំ និងរឿង ចំណងបុព្វនិស្ស័យ ជាដើម។ ចំពោះ រឿងចំណងបុព្វនិស្ស័យនេះ បាននិពន្ធឡើង នៅឆ្នាំ១៩៧៤ មានចំនួន ៩០ទំព័រ បានចេញផ្សាយ ប្រមាណ៨ខែ មុនប្រទេសខ្មែរ ធ្លាក់ចូល របបកុំមុយនិស្តប៉ុលពត នៅខែមេសាឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៨០ ពេលអ្នកស្រីស្នាក់នៅ ជំរំជនភៀសខ្លួន​ ឈ្មោះខៅអ៊ីដាង អ្នកស្រីបានចងក្រង រឿងនេះសាជាថ្មី ដោយប្រតិស្ឋនាមថ្មី អោយរឿងនេះថា និស្ស័យស្នេហ៍ មានចំនួន១៧០ទំព័រ។ ប៉ុន្តែ រឿងដដែលនេះ បានត្រូវសម្រួលម្តងទៀត អោយខ្លី នៅត្រឹម១៣០ទំព័រ ហើយបានបោះពុម្ពផ្សាយ នៅប្រទេសខ្មែរ ជាទូទៅ នៅឆ្នាំ២០០៤ ហើយបានទទួលប្រិយភាព យ៉ាងខ្ពស់ខ្ពស់បំផុត​ ពីសំណាក់អ្នកអាន រហូតមកដល់សព្វថ្ងៃ។

នៅឆ្នាំ ១៩៦៨ អ្នកស្រីបានចាប់ផ្តើម និពន្ធកម្រងកែវ ទំនុកច្រៀង និងបទភ្លេងចង្វាក់ប្រជាប្រិយ ចង្វាក់សម័យ បែបមនោសញ្ចេតនា ជាច្រើនបទ ដែលត្រូវបានលោក ពៅ ស៊ីផូ លោក ម៉ា ឡៅពី និងលោក ម៊ែរ ប៊ុន យកទៅសម្រួល ជាបទចម្រៀង អោយអ្នកស្រី រស់ សេរីសុទ្ធា ហួយ មាស ប៉ែន រ៉ន និង អ៊ឹម សុងសឺម ច្រៀងផ្ញើជាចំណងដៃ ដល់អ្នកស្រុក បាត់ដំបង វិញ។ បទចម្រៀងដែលអ្នកស្រីនិពន្ធ បានទទួលនូវប្រិយភាពខ្ពស់ជាងគេបង្អស់ គឺបទ សំនៀងដួងចិត្តក្រមុំ ច្រៀងដោយ អ្នកស្រី ហួយ មាស និងបទ ស្តាយវ័យកុមារ ច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា។



                                     

2.2. ប្រវត្តិទេពកោសល្យនិពន្ធ ទេពកោសល្យពិសេស និងចំណុចខ្វះខាត ក្នុងឋានៈជាអ្នកនិពន្ធខ្មែរ រស់នៅបរទេស

អ្នកស្រី កែវ ច័ន្ទបូរណ៍ មានថ្វីដៃចំណាន ខាងគូរគំនូរខ្មៅដៃវាស គំនូរផាត់ជក់ និងឆ្លាក់អក្សរ។ កន្លងមក អ្នកស្រីជាអ្នកនិពន្ធខ្មែរទីមួយ ដែលវាយអក្សរពុម្ព ចងក្រង សំណៅរឿងទាំងឡាយ ជាសៀវភៅដោយខ្លួនឯង ព្រមទាំងបានគូរគំនូរ រចនាក្របសៀវភៅរបស់អ្នកស្រី គ្រប់សំណៅ ដែលបានបោះពុម្ព ចេញផ្សាយនានា ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ អ្នកស្រីបានទទួលរហស្សនាម នៅឆ្នាំ២០០៧ ពីសមាគមអក្សរសិល្ប៍នូហាច នៅពុទ្ធិសាសនបណ្ឌិត្យភ្នំពេញ ថាជា អ្នកនិពន្ធខ្យល់ព្យុះ ដោយព្រោះអ្នកស្រី អាចប្រឌិតសាច់រឿងអប់រំមួយ ហើយអាចវាយអក្សរពុម្ព ចងក្រងជាសំណៅ ដោយខ្លួនឯង ចំនួនជាង២០០ទំព័រ ក្នុងរយៈពេលបួនថ្ងៃគត់​ គឹរឿង អំបែងអណ្តែត ដោយមានសាស្រ្តាចារ្យ យូ សុភា អតីតនាយក កម្មវិធីអក្សរសិល្ប៍ ​PEN នៅកម្ពុជា ជាសាក្សី នៅក្នុងការចងក្រង សៀវភៅមួយក្បាលនោះ។ ដោយសារ ការរស់នៅប្រទេសគេ មានការខ្វះខាត ផ្នែកជំនួយ ពិនិត្យអក្ខរាវិរុទ្ធ ទើបយើងទាំងឡាយ បានប្រទះឃើញ ស្នាដៃរបស់អ្នកស្រី ច្រើនមាន កំហុសអក្ខរាវិរុទ្ធ ដោយអន្លើ។

ម៉្យាងទៀត ដោយសារទេពកោសល្យនិពន្ធ យ៉ាងពូកែ ខាងកំណាព្យ កម្រងកែវ ចម្រៀង ល្ខោននិយាយផ្នែកអប់រំ និងទេពកោសល្យ ប្រើសំនួនវោហារ តាមរយៈសំដី ដ៏ទន់ភ្លន់ មានទឹកដមផ្អែមពិរោះ អ្នកស្រីបានត្រូវ សហគមន៍ខ្មែរ នៅរដ្ឋមីនីសូតា ធ្វើសំណូមពរ ជ្រើសរើសអ្នកស្រី អោយចូលខ្លួនជា បុគ្គលិកស្ម័គ្រចិត្ត បម្រើវិទ្យុជាតិ រដ្ឋមីនីសូតា ផ្នែកវប្បធម៌ និងការសិក្សាអប់រំ ផ្សាយបន្តផ្ទាល់ តាមរលកអាកាស រៀងរាល់សប្តាហ៍ ជាភាសាខ្មែរ ចំនួន១១ឆ្នាំ មុននឹងអ្នកស្រីចូលនិវត្តន៍ ដើម្បីទៅបម្រើ សហគមន៍ អក្សរសិល្ប៍ខ្មែរ នៅកម្ពុជា តាមរយៈអង្គការក្រៅរដ្ឋាភិបាល មជ្ឈមណ្ឌលគរុកោសល្យ សមូហកម្មអក្សរសិល្ប៍នូហាច នៅឆ្នាំ២០០៥។

ចំណែកឯស្នាដៃ ផ្នែកកំណាព្យអប់រំ របស់អ្នកស្រីដទៃទៀត ជាច្រើនរាប់មិនអស់ ក៏បានទទួលការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជនអនុជនខ្មែរជាទូទៅ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយមានការចេញផ្សាយ ជាប្រចាំ ដូចជា នៅក្នុងទស្សនាវដ្តីទស្សនៈខ្មែរ ដែលមានដំកល់នូវ បណ្ណាល័យសភាសហរដ្ឋ ទស្សនាវដ្តីខ្មែរ កាសែតខ្មែរ ក្នុងនិងក្រៅប្រទេស។

                                     

3. ស្នាដៃនិពន្ធទាំងឡាយ

ស្នាដៃរបស់អ្នកស្រីកែវច័ន្ទបូរណ៍ មានបូករួមទាំង ការនិពន្ធសៀវភៅនិងអត្ថបទសិក្សាអប់រំ កំណាព្យសិក្សាអប់រំ ប្រលោមលោកមនោសញ្ចេតនាបែបអប់រំ ខ្នាតខ្លីនិងខ្នាតវែង ប្រលោមលោកមនោសញ្ចេតនាបែបកំសាន្តនិងកំប្លែង ភាសិត ពាក្យបណ្តៅ ការនិពន្ធបទភ្លេងនិងទំនុកច្រៀង សិល្បៈគំនូរ គំនូរវាសម្រេងភ្លើង ម្លប់និងស្រមោល និងគំនូររចនាក្របសៀវភៅ សិល្បៈប៉ាក់ស្បៃនិងសម្លៀករបាំព្រះរាជទ្រព្យ និងកម្រងកែវផ្សេង។