Back

ⓘ យុគអន្ធកាលនៃកម្ពុជា



                                               

សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែក

សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែក បានផ្ដើមឡើងនៅឆ្នាំនៅគ.ស.១៥០៩-១៥២៦ ដែលចាប់ផ្ដើមនៅក្នុងរជ្ជកាលព្រះបាទស្រីសុគន្ធបទ ព្រះស្រីជេដ្ឋា និង ព្រះបាទចន្ទរាជាទី១ ។ សង្គ្រាមគ្នាឯងនេះផ្ដើមឡើង ដោយសារតែការមានអបិយជំនឿខ្លាំងពេកទើបបណ្ដាលអោយកើតមានសង្គ្រាមដូច្នេះ ។

យុគអន្ធកាលនៃកម្ពុជា
                                     

ⓘ យុគអន្ធកាលនៃកម្ពុជា

យុគអន្ធកាលនៃកម្ពុជា គ្របដណ្ដប់លើប្រវត្តិសាស្ត្រខ្មែរ​ពីសតវត្សទីដប់ប្រាំដល់សតវត្សទីដប់ប្រាំបួន ជាសម័យកាលនៃការធ្លាក់ចុះនិងការបាត់បង់ទឹកដី។ កម្ពុជាបានសុខសាន្តមួយរយៈ ក្នុងសម័យកាលរុងរឿងដ៏ខ្លី​កំឡុងសតវត្សទីដប់ប្រាំមួយដោយសារតែព្រះមហាក្សត្រនៃប្រទេសនេះ ដែលពួកព្រះអង្គបានកសាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍នៃ​បឹងទន្លេសាបតាមដងទន្លេមេគង្គ ដែលបានលើកស្ទួយពាណិជ្ជកម្មជាមួយនឹងប៉ែកដទៃទៀតនៃអាស៊ី។ នេះគឺជាសម័យកាលមួយ ដែលនៅពេលនោះ ពួកអ្នកផ្សងព្រេង និងសាសនទូតអេស្ប៉ាញ និងព័រទុយហ្គាល់បានមកទស្សនកិច្ចប្រទេសនេះលើកដំបូង។ ក៏ប៉ុន្តែការសញ្ជ័យរបស់ពួកសៀមបានយកបានរាជធានីថ្មីនៅលង្វែកនៅឆ្នាំ ១៥៩៤ បានកំណត់ការផ្លាស់ប្ដូរនូវភ័ព្វវាសនារបស់ប្រទេសនេះ ហើយកម្ពុជាក៏បានក្លាយជាកូនអុកមួយក្នុងការប្រណាំងប្រជែងឥទ្ធិពលគ្នារវាងប្រទេសជិតខាងពីរ​ដែលកំពុងកើនឡើងអំណាចឥទ្ធិពលបន្តិចម្ដងៗ គឺ សៀម និង យួន។ ការតាំងលំនៅរបស់យួននៅតំបន់ដីសណ្ដទន្លេមេគង្គបាននាំឱ្យមានការបញ្ចូលតំបន់នោះនៅចុង​នៃសតវត្សទីដប់ប្រាំពីរ​ទៅក្នុងទឹកដីរបស់យួន។ ដោយហេតុនោះហើយ កម្ពុជាក៏បានបាត់បង់ទឹកដីដ៏មានជីជាតិបំផុត និងបានកាត់ផ្ដាច់ខ្លួនពីសមុទ្រ។ ដូច្នេះហើយ ការទន្ទ្រានរបស់បរទេសបានបន្តរហូត​ដល់ពាក់កណ្ដាលទីមួយនៃសតវត្សទីដប់ប្រាំបួន តមកទៀត យួនក៏បានប្ដេជ្ញា​ដើម្បីលេបត្របាក់ទឹកដីខ្មែរ ​និងបង្ខំអោយអ្នកស្រុកខ្មែរទទួលយកវប្បធម៌យួន។

                                     

1.1. ការតស៊ូរបស់កម្ពុជាដើម្បីរស់រាន ១៤៣២-១៨៦៣ សម័យក្រោយអង្គរ

ជាងបួនសតវត្សដែលបានកន្លងផុតទៅចាប់ពីបំបោះបំបង់អង្គរនៅក្បែរៗពាក់កណ្ដាល​សតវត្សទី១៥​រហូតដល់ការបង្កើតអាណាព្យាបាល​ក្រោមការគ្រប់គ្រងរបស់បារាំងនៅឆ្នាំ ១៨៦៣ សម័យកាលនោះត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូថាជា យុគអន្ធកាល នៃប្រទេសកម្ពុជា សម័យកាលនៃភាពស្ងប់ស្ងៀមខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលនៅពេលនោះកិច្ចការផ្ទៃក្នុងរបស់នគរបានស្ថិត​នៅក្រោមកណ្ដាប់ដៃនៃពួកអ្នកជិតខាង សៀម និង យួនបន្តិចម្ដងៗ។ នៅពាក់កណ្ដាលសតវត្សទី១៩ កម្ពុជាបានក្លាយជាគ្រាប់អុកស្ទើរតែគ្មានប្រយោជន៍​នៅក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងសៀម និង យួន ហើយប្រហែលជានឹងត្រូវបានលេបត្របាក់ទាំងស្រុងដោយប្រទេសណាមួយ រឺ ទាំងពីរផងក៏មិនដឹង បើសិនជាបារាំងមិនអន្តរាគមផ្ដល់ឱ្យកម្ពុជានូវ កិច្ចសន្យាដើម្បីរស់ ដោយការត្រួតត្រាជាដែនអាណានិគមរបស់ខ្លួននោះទេ។ ភាពភ័យខ្លាចនៃការបាត់ផុតរលត់ជាតិសាសន៍​និងវប្បធម៌បានបន្តសាច់រឿងដ៏ធំនៅក្នុងផ្នត់គំនិតរបស់ខ្មែរសម័យទំនើប​ហើយអាចជួយឱ្យយើងយល់ដឹងអំពី ជាតិនិយម និង សំអប់បរទេសដ៏ខ្លាំងក្លារបស់ខ្មែរ​និងក៏ជាដើមចមគាំទ្រដល់របបខ្មែរក្រហមកំឡុងទសវត្សឆ្នាំ ១៩៧០ ផងដែរ។ ការបង្កើតឡើងនៅឆ្នាំ ១៩៧៩ នូវ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជារដ្ឋរណបត្រួតត្រាដោយវៀតណាម ធ្វើឱ្យយើងមើលឃើញយ៉ាងច្បាស់នូវចំណុចកំពូលនៃដំណាក់កាល នៃការទន្ទ្រានរបស់វៀតណាមដែលរៀបចំយ៉ាងល្អរួចជាស្រេចតាមរយៈកលល្បិច​តាំងពីសតវត្សទីដប់ប្រាំពីរមកម៉្លេះ។

ដំណាក់កាលនៃការស៊ីរូងផ្ទៃក្នុង​និងការទន្ទ្រានរបស់បរទេសបន្តិចម្ដងៗពិតជាឆាប់រហ័ស និងគឺជាភស្តុតាងយ៉ាងរឹងមាំនៅសតវត្សទីដប់ប្រាំ​ដែលនៅពេលនោះខ្មែរនៅមានឥទ្ធិពលនៅឡើយ ។ បន្តបន្ទាប់ពីការធ្លាក់នៃអង្គរធំ ព្រះរាជវាំងរបស់កម្ពុជាបានបោះបង់ចោលតំបន់ភាគខាងជើងនៃបឹងទន្លេសាប ទៅឱ្យប្រទេសសៀម និងមិនបានរើត្រឡប់ទៅវិញជារៀងរហូត លើកលែងតែចន្លោះពេលដ៏ខ្លីនៅចុងសតវត្សទីដប់ប្រាំមួយចេញ។ នៅសម័យនោះ យ៉ាងណាមិញ ការនិយមរបស់ខ្មែរក្នុងការសាងសង់សំណង់អគារវិមានក៏ត្រូវបានបញ្ឈប់។ ជំនឿកាលពីបុរាណៗដូចជាពុទ្ធសាសនាមហាយាននិងលទ្ធិទេវរាជនៃព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទ ហើយខ្មែរបានប្រែជាមានសុខដុមរម្យនាខាងវប្បធម៌ និង សាសនាដូចគ្នា​នឹងសៀម។ ភាពស្រដៀងគ្នានេះមិនបានបន្តុចបង្អាក់សង្គ្រាម​បានម្ដងណាទេ រវាងនគរទាំងពីរ។ កំឡុងសតវត្សទីដប់ប្រាំមួយ កងទ័ពខ្មែរដោយឆ្លៀតឱកាសលើជម្លោះសៀមជាមួយភូមា ខ្មែរក៏បានលុកលុយលើនគរសៀមជាច្រើនលើកប៉ុន្តែនៅតែមិនបានសម្រេច។

នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីការបោះបង់នៃទីស្ថានអង្គរ ខ្មែរដែលនៅរស់រានសល់ចំនួនតិច រួមនិងជំនួយរបស់សៀម ក៏បានបង្កើតរាជធានីថ្មីមួយស្ថិតនៅចម្ងាយច្រើនសហាតិមាត្រ​នៅភាគអាគ្នេយ៍នៅកន្លែងមួយត្រង់អ្វីដែលបច្ចុប្បន្នគេស្គាល់ថា ភ្នំពេញ នេះឯង។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គ និង ទន្លេសាប។ ដូច្នេះ រាជធានីនេះបានគ្រប់គ្រងខាងពាណិជ្ជកម្មតាមដងទន្លេដែលជាទឹកដីបេះដូងនៃប្រទេសខ្មែរនិង​នគរលាវ ហើយមានច្រកចេញចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិដែលបានភ្ជាប់ឆ្នេរសមុទ្រចិន តាមរយៈសមុទ្រចិនខាងត្បូង និង មហាសមុទ្រឥណ្ឌា។ ប្រភេទនៃរដ្ឋ និង សង្គមថ្មីបានលេចឡើង ហើយកាន់តែបើកចំហដល់ពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើវិស័យពាណិជ្ជកម្ម​ជាប្រភពភោគទ្រព្យជាង រដ្ឋមុនៗដែល ពឹងផ្អែកពាណិជ្ជកម្មខាងក្នុងដីគោក។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនសម័យរាជវង្សមិង ១៣៦៨-១៦៤៤ បានផ្ដល់នូវឱកាសទាញយកផលប្រយោជន៍ជាច្រើនដោយពួកក្រុមសមាជិក នៃពួកអ្នកមុខអ្នកការខ្មែរដែលជាអ្នកក្ដោបក្ដាប់ផ្ដាច់មុខ​ខាងពាណិជ្ជកម្មរបស់ព្រះមហាក្សត្រ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នេះនៅសតវត្សទីដប់ប្រាំមួយ​ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មផងដែរ។

                                     

1.2. ការតស៊ូរបស់កម្ពុជាដើម្បីរស់រាន ១៤៣២-១៨៦៣ ទំនាក់ទំនងលើកដំបូងជាមួយលោកខាងលិច

ឯកសារពិគ្រោះដំបូងគេអំពីកម្ពុជាក្នុងឯកសារអឺរ៉ុបគឺមាននៅឆ្នាំ ១៥១១ តាមរយៈពួកព័រទុយហ្គាល់។

ព្រះបាទចន្ទរាជា ១៥១៦-១៥៦៦ ក្សត្រមួយអង្គក្នុងចំណោមក្សត្រខ្មែរពីរបីអង្គធំៗ នៅសម័យក្រោយអង្គរ ទ្រង់បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែកវិញ។ ពួកអ្នកដំណើរព័រទុយហ្គាល់ និង អេស្ប៉ាញដែលបានមកទស្សនាទីក្រុងនេះ ដែលជាទីក្រុងតាំងនៅលើច្រាំងនៃដងទន្លេសាប ទន្លេមួយនៅភាគខាងជើងភ្នំពេញ បានពិពណ៌នារៀបរាប់ទីក្រុងនេះថា ជាកន្លែងមួយសម្បូរដោយភោគទ្រព្យដ៏សម្បើមអស្ចារ្យ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ, សូត្រ និង កប្បាស, ធូប, ភ្លុក, ម្រ័ក្សណ៍ខ្មុក, បសុសត្វ រួមមានដំរី, និង កុយរមាស ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រ និង ប៉ូវកម្លាំង។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មរីកចម្រើនរបស់ជនជាតិចិន ឥណ្ឌូណេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និង ព័រទុយហ្គាល់។ ក្រុមសហគមន៍ទាំងប៉ុន្មាននោះត្រូវបានចូលរួមនៅពេលក្រោយ​នៅក្នុងសតវត្សដដែលនោះដោយពួកអង់គ្លេសនិងហូឡង់។

នៅក្នុងកំឡុងសម័យកាលនេះ នៅឆ្នាំ ១៥៥៥-១៥៥៦ ពួកបព្វជិតសាសនាគ្រិស្តជាតិព័រទុយហ្កាល់ ហ្គាស្ប៉ា-ដា-គ្រូហ្ស Gaspar da Cruz ខិតខំផ្សព្វផ្សាយណែនាំគ្រិស្តសាសនាចូលទៅ​ក្នុងប្រទេសនេះជាលើកដំបូង។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំរបស់លោកបានបរាជ័យទាំងស្រុង​ដោយសារតែជំនឿស៊ប់លើ ព្រាហ្មណ៍ ខ្លាំងក្លានៃក្សត្រិយ៍ និង ពួកវណ្ណៈដឹកនាំគេ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានបង្កើតឡើងដោយបេសកកម្មឆ្លុះបញ្ចាំងនូវ​ការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ។

ដោយសារតែពួកអ្នកតំណាងនៃជាតិសាសន៍ទាំងប៉ុន្មានអស់ទាំងនោះ តាមពិត​ទៅពួកគេជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដូចនេះសម័យកាលនោះជាសម័យកាលមួយនៃសកលនិយមដ៏ខ្លាំងក្លា។ ដោយមានសម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីតតាំងវិញ ព្រះបាទសត្ថាទី១ ១៥៧៦-៩៤ បានដាក់ឱ្យមានអង្គរក្សផ្ទាល់ជុំវិញព្រះអង្គជាទាហានស៊ីឈ្នួលជាតិអេស្ប៉ាញ និង ព័រទុយហ្គាល់ និង នៅឆ្នាំ ១៥៩៣ ព្រះអង្គបានសុំឱ្យទេសាភិបាលអេស្ប៉ាញនៅហ៊្វីលីពីនមកជួយ។ បានទាក់ទាញដោយការប្រមើលមើលមុនអំពីការបង្កើតអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការផ្លាស់ប្រែស្ដេចទៅជាក្សត្រនៃគ្រិស្តសាសនាវិញ ទេសាភិបាលនោះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស​ ១២០ នាក់មក ក៏ប៉ុន្តែលង្វែកបានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកព្រះរាជបុត្រមួយអង្គនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថា​អោយឡើងសោយរាជ្យនៅឆ្នាំ ១៥៩៧។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញ ដោយហេតុថា នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយមិនដឹងហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាង​ដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ។

យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធក្នុងការវាយប្រហារដោយយថាហេតុមក លើឯករាជ្យកម្ពុជាដោយកាន់កាប់បានលង្វែកនៅឆ្នាំ ១៥៩៤។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលយោធាសៀមម្នាក់នៅក្នុងទីក្រុង ដំណាក់កាលនៃការគ្រប់គ្រងខាងនយោបាយដោយបរទេសត្រូវបានបង្កើតឡើង​លើរាជាណាចក្រនេះជាលើកទីមួយ។ ពង្សាវតារខ្មែរពិពណ៌នាការធ្លាក់ចុះ​នៃលង្វែកគឺជាគ្រោះមហន្តរាយមួយដែលចាប់ពីពេលនោះមក ប្រទេសជាតិនេះមិនបានត្រឡប់មកដូចដើមវិញជាដរាប។ សៀមបានគ្រប់គ្រងកម្ពុជាស្ទើរតែអស់រយៈពេល ៣០០ ឆ្នាំហើយ នៅទីបញ្ចប់អង្គរវត្តក៏បាត់បង់ទៅឱ្យពួកបារាំងនៅឆ្នាំ ១៩០៧ បន្ទាប់ពីកាន់កាប់អស់រយៈពេលជាង ៤៥០ ឆ្នាំ។

                                     

2. ការត្រួតត្រាដោយសៀម និង យួន

ច្រើនជាងការសញ្ជ័យបានអង្គររបស់ខ្លួន មួយសតវត្សកន្លះតាំងពីដំបូង ការកាន់កាប់លង្វែករបស់សៀមបានសំគាល់ឃើញនូវចំណាប់ផ្ដើម ការធ្លាក់ចុះនៃជោគវាសនាប្រទេសខ្មែរ។ ហេតុផលដែលអាចទៅរួចមួយចំពោះការធ្លាក់ចុះនេះ គឺលំហូរចេញពលករដោយបង្ខំតាមរយៈពួកសញ្ជ័យសៀម ពួកគេបានកេណ្ឌប្រជារាស្ត្រខ្មែរកសិករស្រុកស្រែចម្ការរាប់ពាន់នាក់ ពួកសិប្បករដ៏ចំណានៗ ពួកអ្នកប្រាជ្ញបណ្ឌិត និង ពួកក្រុមសមាជិកនៃបព្វជិតពុទ្ធសាសនា ទៅកាន់រាជធានីអយុធ្យា។ ការអនុវត្តបែបនេះ វាជារឿងសាមញ្ញក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ទៅហើយ ដែលវាបានបង្កឱ្យមានការរាំងស្ទះដល់សមត្ថភាពរបស់កម្ពុជាដើម្បីស្ដារឡើងវិញ នូវអតីតភាពដ៏អស្ចារ្យរបស់ខ្លួន។ រាជធានីខ្មែរថ្មីគឺត្រូវបង្កើតឡើងនៅឧដុង្គ ខាងត្បូងលង្វែក ប៉ុន្តែក្សត្រឧដុង្គអាចគង់នៅបានដោយសារតែទំនាក់ទំនងដែលមានតម្លៃត្រឹមតែជា ប្រទេសចំណុះរបស់ សៀម និង យួនតែប៉ុណ្ណោះ។ និយាយបែបសាមញ្ញទៅ សៀមក្លាយជា ឪពុក ខ្មែរ និង យួនក្លាយជា ម្ដាយ ខ្មែរ។

នៅចុងសតវត្សទីដប់ប្រាំ យួនមិនដូចប្រជាជាតិអាស៊ីអាគ្នេយ៍ដទៃទៀតនោះឡើយ បានប្រាកដខ្លួនឡើងចេញពីមណ្ឌលអរិយធម៌ចិន ហើយបានលេបត្របាក់ទាំងស្រុងនគរចាម្ប៉ាតែម្ដង នៅតាមមាត់សមុទ្រដែលធ្លាប់មានឥទ្ធិពលបំផុតនៅឯវៀតណាមកណ្ដាល។ ពួកចាមរាប់ពាន់នាក់បានភៀសខ្លួនចូលមកកាន់ទឹកដីខ្មែរ។ នៅដើមសតវត្សទីដប់ប្រាំពីរ ពួកយួនបានមកដល់តំបន់ដីសណ្ដទន្លេមេគង្គ ដែលទីនោះបានតាំងលំនៅដោយជនជាតិខ្មែររួចស្រេចទៅហើយ។ នៅឆ្នាំ ១៦២០ ស្ដេចខ្មែរជ័យជេដ្ឋាទី២ ១៦១៨-២៨ បានរៀបអភិសេកជាមួយកូនស្រីនៃង្វៀន-ភ្វូខង្វៀន Nguyễn Phúc Nguyên ជាលោកម្ចាស់ម្នាក់ក្នុងចំណោមពួកលោកម្ចាស់ង្វៀន ១៥៥៨-១៧៧៨ ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងអស់រយៈពេលស្ទើរតែមួយសម័យកាលនៃរាជវង្សឡេ ១៤២៨-១៧៨៨។ បីឆ្នាំក្រោយមកទៀត ព្រះបាទជ័យជេដ្ឋាបានអនុញ្ញាតអោយពួកយួនបង្កើតផ្ទះបែបប្រពៃណីនៅព្រៃនគរ ក្បែរអ្វីដែលបច្ចុប្បន្ន គេហៅថា ទីក្រុងហូជីមិញ ហៅសៃហ្គនពីឆ្នាំ ១៩៧៥ មក។ នៅចុងនៃសតវត្សទីដប់ប្រាំពីរ តំបន់នោះនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់យួន កម្ពុជាក៏ត្រូវបានកាត់ផ្ដាច់ពីច្រកចេញចូលទៅកាន់សមុទ្រ។ ការជួញដូរខាងពាណិជ្ជកម្មជាមួយពិភពខាងក្រៅអាចប្រព្រឹត្តទៅបាន ទាល់តែមានការអនុគ្រោះពីយួនប៉ុណ្ណោះ។

មានសម័យកាលខ្លះនៅសតវត្សទីដប់ប្រាំពីរ និង ទីដប់ប្រាំបី នៅពេលនោះ ពួកអ្នកជិតខាងខ្មែររវល់ជាមួយការវិវាទខាងក្នុង រឺ ខាងក្រៅ តែខ្មែរបានបណ្ដែបណ្ដោយឱកាសអោយប្រទេសព័ទ្ធជុំវិញ​ខ្លួនទាំងនោះមានចន្លោះពេលដកដង្ហើមបានទៅវិញ។ ពួកយួនត្រូវបានជំពាក់វាក់វិននឹងសង្គ្រាម​ក្នុងស្រុកអូសបន្លាយរហូតដល់ឆ្នាំ ១៦៧២ សូមមើល សង្គ្រាមទ្រិញ-ង្វៀនសម្រាប់ព័ត៌មានលំអិត ប៉ុន្តែបើតាមការសន្និដ្ឋាន ពួកលោកម្ចាស់ង្វៀន ដែលបានកាន់កាប់នៅភាគខាងត្បូង បានបញ្ចូលតំបន់ទឹកដីខ្មែរដ៏ច្រើនទៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គរួចទៅហើយ។ រយៈពេលមួយរយឆ្នាំក្រោយមក ពួកយួនបានធ្វើទុក្ខបុកម្នេញទៅលើពួកនិគមជនយួន​នៅក្នុងតំបន់ដីសណ្ដជាលេសដើម្បីវាតទីទឹកដីរបស់ពួកគេ ក៏មានការវាតទីទឹកដីតាមរយៈ ការសម្បទានទឹកដីដោយអាពាហ៍ពិពាហ៍អន្តរក្សត្រផងដែរ។ នៅចុងសតវត្សទីដប់ប្រាំបី យួនបានពង្រីកវិសាលភាពអំណាចរបស់ខ្លួនដើម្បីបញ្ចូលតំបន់នេះ ចូលក្នុងប្រទេសខ្លួននៅចុងទសវត្ស ១៩៨០ ដោយសាធារណរដ្ឋសង្គមនិយមវៀតណាម វៀតណាម។

សៀម ផ្ទុយទៅវិញត្រូវបានសុំជាសម្ព័ន្ធមិត្តដើម្បីប្រឆាំង នឹងការលុកលុយរបស់យួននៅក្នុងសតវត្សទីដប់ប្រាំបី ដែលសៀមខ្លួនឯងកំពុងជាប់ដៃនៅក្នុងការប៉ះទង្គិចគ្នាថ្មីជាមួយភូមា។ នៅឆ្នាំ ១៧៦៧ រាជធានីសៀមអយុធ្យាត្រូវបានឡោមព័ទ្ធនិងបំផ្លិចបំផ្លាញ។ ពួកសៀមភ្លាមៗក៏បានស្ដារប្រទេសឡើងវិញ និងឆាប់រហ័សហើយបានអះអាងសាជាថ្មីនូវវិជិតរាជ្យរបស់ខ្លួនលើប្រទេសខ្មែរ។ ស្ដេចខ្មែរវ័យក្មេង ព្រះបាទអង្គអេង ១៧៧៩-៩៦ ជាក្សត្រភៀសខ្លួនមួយអង្គបានគង់នៅឯរាជវាំងសៀម ត្រូវបានតែងតាំងជាក្សត្រនៅឧដុង្គដោយកងទ័ពសៀម។ ក្នុងសម័យនោះដដែល សៀមបានបញ្ចូលខេត្តនៅភាគខាងជើងបំផុតបីរបស់ខ្មែរដោយស្ងាត់ៗ។ បន្ថែមពីនោះ អ្នកគ្រប់គ្រងតាមតំបន់នូវខេត្តពាយព្យ បាត់ដំបង និង សៀមរាប បានក្លាយជាចំណុះរបស់ស្ដេចសៀម ហើយតំបន់ទាំងនេះក៏បានស្ថិតក្រោមមណ្ឌលឥទ្ធិពលរបស់សៀម។

ការប្រណាំងប្រជែងថ្មីទៀតរវាងសៀម និង យួនដើម្បីគ្រប់គ្រងប្រទេសខ្មែរ នៅសតវត្សទីដប់ប្រាំបួនបានកើតមានឡើងកំឡុងពេលមួយ ដែលពេលនោះពួកមន្ត្រីយួន ធ្វើការតាមរយៈស្ដេចខ្មែរដែលជាអាយ៉ងរបស់ខ្លួន ពួកវាបានកាន់កាប់ប៉ែកកណ្ដាលនៃប្រទេស ហើយព្យាយាមបង្ខំអោយរាស្ត្រខ្មែរ​ទទួលយកប្រពៃណីទំនៀមទម្លាប់បែបយួន។ ការបះបោរជាច្រើនប្រឆាំងនឹងការគ្រប់គ្រងរបស់យួនក៏បានកើតមានឡើង។ ព្រឹត្តិការណ៍សំខាន់ៗភាគច្រើនបានកើតមានឡើងពីឆ្នាំ ១៨៤០ ដល់ ១៨៤១ និងបានរីករាលដាលពាសពេញប្រទេស។ បន្ទាប់ ពីពីរឆ្នាំនៃការប្រយុទ្ធគ្នា ខ្មែរ និង អ្នកជិតខាងរបស់ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលដាក់ប្រទេសនេះក្រោមអធិរាជ្យរួមគ្នារបស់ សៀម និង យួន។ យ៉ាងណាក៏ដោយ ដោយភិតភ័យខ្លាចចំពោះការត្រួតត្រាពីអតីតកាលដ៏យូរអង្វែងតាមរយៈការលុកលុយរបស់សៀម ដោយការខិតខំរំដោះខ្លួនចេញពីសៀម ខ្មែរបានស្ម័គ្រចិត្តស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់យួនវិញ។ តាមការបញ្ជានៃប្រទេសទាំងពីរ ព្រះមហាក្សត្រថ្មី ព្រះបាទអង្គឌួង ១៨៤៨-៥៩ បានឡើងសោយរាជ្យហើយបាននាំមកនូវសន្តិភាពមួយទសវត្ស​និងឯករាជ្យមិនប្រាកដប្រជាមកដល់កម្ពុជា។

ក្នុងការប្រព្រឹត្តិរំលោភបំពានរបស់ពួកគេលើប្រជារាស្ត្រខ្មែរ ពួកសៀម និង យួនមិនអាចកត់សំគាល់ដឹងជាក់ស្ដែងឡើយ។ ការរងទុក្ខវេទនា និង ការព្រាត់ប្រាសគ្នាដែលបានបង្កឡើងដោយសង្គ្រាម អាចប្រៀបធៀបបានទៅនឹងផ្លូវដ៏វែងឆ្ងាយ និង ការឆ្លងកាត់​របស់កម្ពុជាក្នុងទសវត្សឆ្នាំ ១៩៧០ ដែរ។ ផ្ទុយទៅវិញ ពួកសៀម និង យួនមានចរិកលក្ខណៈប្លែកគ្នាយ៉ាងខ្លាំង នាំឱ្យមានការព្រួយបារម្ភអំពីចំណងមេត្រីភាពរបស់ពួកគេជាមួយខ្មែរ។ សៀមមានមរតក សាសនា ទេវកថា អក្សរសាស្ត្រ និង វប្បធម៌ដូចខ្មែរជាទូទៅ។ វង្សស្ដេចចក្រីនៅបាងកកចង់បាននូវសេចក្ដីស្មោះត្រង់ សួយសារអាករ និង ទឹកដីរបស់ខ្មែរ ប៉ុន្តែពួកស្ដេចទាំងនោះមិនមានចេតនាក្នុងការជំទាស់ រឺ ផ្លាស់ប្ដូរតម្លៃ រឺក៏ របៀបរស់នៅរបស់ប្រជារាស្ត្រខ្មែរឡើយ។ យួនបានសំឡឹងឃើញថាប្រជារាស្ត្រខ្មែរជាមនុស្សគ្មានអារ្យធម៌ត្រូវតែធ្វើអោយមានអរិយធម៌តាមរយៈ​ការផ្សាយវប្បធម៌យួនទៅវិញ ហើយយួនចាត់ទុកទឹកដីខ្មែរជាដីដ៏មានជីជាតិជា​ទីស្របច្បាប់សម្រាប់ការធ្វើអាណានិគមកិច្ចដោយការបញ្ចូលពួកនិគមជនយួនពីប្រទេស​យួនចូលមក។



                                     

3. អាណាព្យាបាលបារាំង ១៨៦៣-១៩៥៣

ចំណាប់អារម្មណ៍របស់បារាំងនៅឥណ្ឌូចិននៅសតវត្សទីដប់ប្រាំបួនបានកើតចេញ ពីបដិវាទភាពជាមួយប៊្រិតថេន ដែលបានបណ្ដេញខ្លួនចេញពីឥណ្ឌា និងបានបិទខ្ទប់ខ្លួនទាំងស្រុង ពីប៉ែកមួយចំនួននៃអាស៊ីអាគ្នេយ៍ដីគោក។ ពួកបារាំងក៏ប្រាថ្នាចង់បង្កើតពាណិជ្ជកម្មនៅក្នុងតំបន់មួយដោយ ខ្លួនបានដឹងថាមានភោគទ្រព្យមិនទាន់បានយកមកប្រើ ហើយក៏​ដើម្បីដាក់ទោសចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់រាជការយួន​ចំពោះការផ្សព្វផ្សាយសាសនាកាតូលិក សុខមាលភាពជនជាតិបារាំងគឺជាគោលដៅ ដែលបានចែងក្នុងគោលនយោបាយនាយសមុទ្របារាំង។ ការបដិសេដដដែលៗរបស់រាជវង្សង្វៀនចំពោះការបង្កើតទំនាក់ទំនងការទូត និងគោលនយោបាយប្រឆាំងសាសនាគ្រិស្តបែបហិង្សានៃព្រះចៅអធិរាជយួនមួយចំនួនដូចជា មិញ-ម៉ាង ១៨២០-៤១, ធៀវ-ទ្រី ១៨៤១-៤៧ និង ធឺ-អ៊ឺក ១៨៤៨-៨៣ បានរុញច្រានឱ្យពួកបារាំងចូលទៅដល់ដំណាក់កាលការទូតប្រើប្រាស់ទូកប្រដាប់ដោយ​កាំភ្លើងជំនួសវិញ ដែលជាហេតុផលនាំឱ្យ នៅឆ្នាំ ១៨៦២ មានការបង្កើតវិជិតរាជ្យរបស់បារាំងលើសៃហ្គន និងបណ្ដាខេត្តភាគខាងកើតបីទៀតនៅតំបន់កូសាំងស៊ីន ដីសណ្ដទន្លេមេគង្គ។

ក្នុងទស្សនៈរដ្ឋាភិបាលក្រុងប៉ារីស កម្ពុជាគឺជាផ្លូវក្រោយដែលគួរឱ្យសង្ឃឹម។ ដោយមានការល្បួងលួងលោមដោយសាសនទូត ឱ្យស្វះស្វែងរកការការពារពីបារាំងប្រឆាំងសៀម និង យួន ព្រះបាទអង្គឌួងក៏បានអញ្ជើញបេសកទូតបារាំង ឱ្យចូលមកទស្សនាក្នុងរាជវាំងព្រះអង្គ។ ទោះបីជា ពួកសៀមបានដាក់សម្ពាធមកលើទ្រង់អោយបដិសេធជំនួប​ជាមួយពួកបារាំងក៏ដោយ តែក្នុងខណៈនោះដែរ ពួកបារាំងនៅទីបំផុតនៅតែមកដល់ឧដុង្គនៅឆ្នាំ ១៨៥៦ ដដែល។ ការធ្វើដំណើរដែលបានបោះពុម្ពផ្សាយជាច្រើនដោយធម្មជាតិវិទូ ហង់រី-មូហ៊ុត ដែលលោកជាអ្នកបានមកទស្សនារាជវាំងកម្ពុជា លោកបានស្រាវជ្រាវរុករកសំណង់បុរាណបាក់បែកនៅអង្គរ ឡើងវិញ ហើយក៏បានធ្វើដំណើរឡើងតាមទន្លេមេគង្គទៅដល់ព្រះរាជាណាចក្រលាវ នៅហ្លួងព្រះបាំងពីឆ្នាំ ១៨៥៩ ដល់ ១៨៦១ បានពញ្ញាក់ចំណាប់អារម្មណ៍បារាំងដោយសារតែភាពសម្បូរបែបដែលបានអះអាងនៅក្នុងនគរនេះ ហើយនិង សារៈសំខាន់នៃទន្លេមេគង្គដែលជាច្រកឆ្លងកាត់ទៅកាន់ខេត្តភាគនិរតីរបស់ចិន។ នៅខែ សីហា ១៨៦៣ ពួកបារាំងបានសម្រេចចុះសន្ធិសញ្ញាមួយ​ជាមួយស្ដេចសោយរាជ្យបន្តពីព្រះបាទអង្គឌួង គឺព្រះបាទនរោត្តម ១៨៥៩-១៩០៤។ កិច្ចព្រមព្រៀងនេះបានផ្ដល់ឱ្យស្ដេចខ្មែរ​នូវការការពារពីពួកបារាំង ក្នុងទម្រង់ជាមន្ត្រីបារាំងដែលហៅថា résident ជាភាសាបារាំង ត្រូវនឹងខ្មែរ ឯកាភិបាល ជាការដោះដូរមកវិញដោយផ្ដល់សិទ្ធិឱ្យបារាំងរុករក​ និង ធ្វើអាជីវកម្មធនធានរ៉ែខនិជ និង ព្រៃឈើរបស់ព្រះរាជាណាចក្រ។ ពិធីរាជាភិសេករបស់ព្រះបាទនរោត្តម នៅឆ្នាំ ១៨៦៤ គឺជាកិច្ចគួរឱ្យអៀនខ្មាសមួយ ដែលក្នុងពិធីនោះមានអ្នកតំណាងបារាំង និង សៀមបានធ្វើជាធិបតី។ ទោះបីយ៉ាងណាការប៉ុនប៉ងរបស់សៀមធ្វើឱ្យអាក់ខានចំពោះការវាតទីឥទ្ធិពលរបស់បារាំងយ៉ាងណាក្ដី ក៏ឥទ្ធិពលរបស់ខ្លួនលើព្រះមហាក្សត្រអង្គនេះបានថមថយចុះជាលំដាប់។ នៅឆ្នាំ ១៨៦៧ ពួកបារាំងបានចុះសន្ធិសញ្ញាមួយជាមួយនិងសៀមដែលបានប្រគល់ការគ្រប់គ្រង ខេត្តបាត់ដំបង ​និង សៀមរាបទៅឱ្យសៀមជាចុងក្រោយ ដោយដោះដូរនឹងការលះបង់នេះ ដើម្បីទទួលបានការអះអាងទាំងស្រុងនូវសិទ្ធិ​ចក្រពត្តិភាពលើប៉ែកផ្សេងៗនៃកម្ពុជា។ ការបាត់បង់បណ្ដាខេត្តភាគពាយព្យទាំងនេះ បានធ្វើឱ្យព្រះបាទនរោត្តមទ្រង់តូចព្រះទ័យយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាព្រះអង្គបានជំពាក់គុណបារាំងដោយសារតែបារាំងបានបញ្ជូនកងទ័ពមកជួយ បង្ក្រាបការបះបោរដោយជនក្លែងបន្លំជាព្រះញាតិវង្ស អាចារ្យស្វា។

នៅ ខែ មិថុនា ១៨៨៤ ទេសាភិបាលបារាំងនៅកូសាំងស៊ីន​បានធ្វើដំណើរទៅកាន់រាជធានីព្រះបាទនរោត្តម ហើយបានទាមទារអោយទ្រង់ទទួលយកការចុះសន្ធិសញ្ញាមួយជាមួយក្រុងប៉ារីសដោយសន្យាថា នឹងមានការផ្លាស់ប្ដូរជាទូទៅ​ដូចជា ការលុបចោលទាសភាព ការបង្កើតស្ថាប័នកម្មសិទ្ធិឯកជន និង ការបង្កើតពួក ឯកាភិបាល résident បារាំងនៅតាមទីក្រុងរួមខេត្ត។ ដោយយល់ថានាវាចម្បាំងបារាំងបានបោះយុថ្កានៅតាមដងទន្លេរួចអស់ហើយនោះ ព្រះមហាក្សត្រក៏បានឡាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងទើសទាល់ព្រះទ័យ។ ពួកអ្នកមុខអ្នកការក្នុងស្រុកបានប្រឆាំងនឹងខមួយចំនួន​របស់កិច្ចព្រមព្រៀងនេះ យ៉ាងណាមិញ ជាពិសេសគឺខសន្យាមួយដែលទាក់ទងនឹងទាសភាព ហើយពួកគេបានញុះញង់បង្កឱ្យមានចលាចល ការបះបោរ​ជាច្រើនទូទាំងប្រទេសកំឡុងឆ្នាំបន្តបន្ទាប់មកទៀត។ ទោះបីយ៉ាងណាការបះបោរត្រូវបានគេបង្ក្រាប និងសន្ធិសញ្ញាត្រូវបានធ្វើសច្ចានុម័តរួចហើយ ហើយការតស៊ូប្រឆាំងដោយមានការចូលដៃពីប្រជារាស្ត្រខ្មែរ​បានពន្យារពេលការអនុវត្តកំណែទម្រង់មួយចំនួន ហើយកំណែទម្រង់ អាចលេចរូបរាងទៅបានដរាបទាល់តែក្រោយ ការសោយទិវង្គតរបស់ព្រះបាទនរោត្តមរៀងមក។

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →