Back

ⓘ ភូមិសាស្ត្រនយោបាយរុស្ស៊ី




ភូមិសាស្ត្រនយោបាយរុស្ស៊ី
                                     

ⓘ ភូមិសាស្ត្រនយោបាយរុស្ស៊ី

ក្នុង​ឆ្នាំ​១៩៩៩ នៅ​ពេល​ដែល បូរីស យ៉េលស៊ីន Boris Eltsine បាន​ចាក​ចេញ​ពី​តំណែង​ប្រធានាធិបតី និង​បាន​ប្រគល់​អំណាច​ទៅ​ឲ្យ វ្ល៉ាឌីមៀរ ពូទីនVladimir Poutine រុស្ស៊ី​ជា​ប្រទេស​ទន់​ខ្សោយ។ ប្រព័ន្ធ​សេរី​ប្រជាធិបតេយ្យ​បែប​បស្ចិមលោក ដែល​ប្រជាជន​បាន​​ស្រឡាញ់​ផ្កាប់​មុខ ក្រោយ​ពី​សហភាព​សូវៀត​បាន​រំលំរលាយ​បាត់​ទៅ អស់​មាន​តម្លៃ​ទៀត​ហើយ ពីព្រោះ​វា​មិន​បាន​ជួយ​រុស្ស៊ី​ឲ្យ​រួច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​ ១៩៩៨។ រីឯ​នៅ​លើ​ឆាក​អន្តរជាតិ​វិញ រុស្ស៊ី​គ្មាន​ទម្ងន់​ ទឹក​មាត់​មិន​ប្រៃ ត្រូវ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​មាក់​ងាយ។

នៅ​ក្នុង​បរិបទ​នេះ វ្ល៉ាឌីមៀរ ពូទីន ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​KGB និង​ដែល​ជា​អ្នក​ស្រណោះ​ស្រណោក​សម័យ​សហភាព​សូវៀត មាន​មហិច្ឆតា​ធ្វើ​ឲ្យ​រុស្ស៊ី​រស់​និង​មាន​កម្លាំង​ខ្លាំង​ឡើង​វិញ។

ម្ល៉ោះ​ហើយ​បាន​ជា​លោក​ប្រធានាធិបតី​ថ្មី ចេញ​បញ្ជា​ឲ្យ​ប្រើ​បា្រស់​ជា​ផ្លូវការ​ឡើង​វិញ ភ្លេង​ទង់​ជាតិ​សម័យ​សហភាព​សូវៀត ឲ្យ​យន្ត​ហោះ​ចម្បាំង​របស់​រុស្ស៊ី​ផ្តើម​ហោះហើរ​ឡើង​វិញ នៅ​ក្នុង​ដែន​អាកាស​អន្តរជាតិ និង​ឲ្យ​នាវា​មុជ​ទឹក​បង្កើន​សកម្មភាព​ក្នុង​សមុទ្រ​នានា នៅ​គ្រប់​ជ្រុងជ្រោយ ក្នុង​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ លោក ពូទីន លើក​តម្កើង​កេរ្តិ៍​ឈ្មោះ​របស់​ស្តាលីន Staline​ប្រមូល​លុយ​ដែល​បាន​​ពី​ការ​លក់​ថាមពល យក​មក​បង្កើត​នូវ​អ្វី​ដែល​វិមាន​ក្រេមឡាំងKremlin ប្រសិទ្ធ​នាម​ឲ្យ​ថា "លទ្ធិ​ប្រជាធិបតេយ្យ​ក្រោម​ការ​ឃ្លាំ​មើល" ។

នៅ​ក្នុង​ន័យ​នេះ អាជ្ញាធរ​បំបិទ​មាត់​អ្នក​ប្រឆាំង កាន់កាប់​ទូរទស្សន៍​ ​កាត់​បន្ថយ​អំណាច របស់​រដ្ឋសភា ឃ្លាំ​មើល​រាល់​សកម្មភាព​នយោបាយ​របស់​បក្ស​ប្រឆាំង ត្រួតត្រា​វិស័យ​សេដ្ឋកិច្ច​ណា​ដែល​មាន​លក្ខណៈ​យុទ្ធសាស្រ្ត ចាប់Mikhaïl Khodorkovski ​ថៅកែ​ក្រុមហ៊ុន​សាំង​Ioukos ដាក់​គុក ពីព្រោះ​មហាសេដ្ឋី​រូប​នេះ​ចង់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។

ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​រុស្ស៊ី​រស់​ និង​មាន​កម្លាំង​ខ្លាំង​ឡើង​វិញ លោក វ៉្លាឌីមៀរ ពូទីន អនុវត្ត​ធម៌​ក្តៅ នៅ​ឆេឆេនី​Tchétchénie តាម​រយៈ​នយោបាយ​បោសសម្អាត​ពូជសាសន៍ ចាប់​ផ្តើម​ពង្រឹង​ឥទ្ធិពល​របស់​រុស្ស៊ី​ឡើង​វិញ នៅ​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង​ ដែល​ជា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត។ មហិច្ឆតា​អន្តរជាតិ​របស់​លោក​ពូទីន​ស្តែង​ឡើង​ជា​ពិសេស នៅ​ថ្ងៃ​ទី​២​សីហា​ឆ្នាំ​២០០៧។ កាលណោះ តាម​រយៈ​ការ​ដោត​ទង់​ជាតិ​រុស្ស៊ី នៅលើ​ដី​បាត​មហា​សមុទ្រ​Arctique​ត្រង់​ចំណុច​អក្ខោសានឧត្តរ ​ក្នុង​ជម្រៅ​ប្រមាណ​៤២៦១ម វិមាន​ក្រេមឡាំង​បញ្ជាក់​ប្រាប់​ពិភពលោក​ថា ប៉ូល​ចុង​ខាង​ជើង​បំផុត​នៃ​ភព​ផែន​ដី ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី។

ដើម្បី​ដាក់​គំនាប​ទៅ​លើ​បណ្តា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​ដែល​ចង់​ងាក​ ចេញ​ពី​រុស្ស៊ី​ទៅ​រក​បស្ចិម​លោក វិមាន​ក្រេមឡាំង​យក​ឧស្ម័ន​មក​ធ្វើ​ជា​អាវុធ ដោយ​ដំឡើង​តម្លៃ​នៃ​ថាមពល​នេះ ឬ​ក៏​​ឈប់​បង្ហូរ​វា​ទៅ​ចែកចាយ​ឲ្យ​បណ្តា​ប្រទេស​ក្បាល​រឹង ដូច​ជា​ហ្ស័កហ្ស៊ី ​Georgie អ៊ុយក្រែនUkraine អារមេនីArménie និង បៀឡូរុស្ស៊ី​Biélorussie។ មិន​តែ​ប៉ុណ្ណោះ បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ខ្លះ​ដែល​ជា​សមាជិក​ថ្មីថ្មោង​របស់​សហភាព​ អឺរ៉ុប ដូច​ជា​ហុងគ្រីHongrie ប៉ូឡូញ​Pologne និង ប៊ុលហ្ការី​Bulgarie​ក៏​ឋិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​ថ្នាក់​ដឹកនាំ​ រុស្ស៊ី​ដែរ។

នៅ​លើ​វិស័យ​ការ​ទូត តាំង​ពី​ឆ្នាំ​១៩៩៩​មក​ រុស្ស៊ី​ប្រឹងប្រែង​បង្កើត​រណសិរ្ស​មួយ​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ សហរដ្ឋ​អាមេរិក នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​ក្នុង​ន័យ​នេះ ទីក្រុង​Moscou ចង​សម្ព័ន្ធភាព​ផ្នែក​ថាមពល ​និង​យោធា​ជាមួយ​ប្រទេស​វេណេហ្ស៊ុយអេឡា​Venezuela អៀរ៉ង់​Iran​និង ស៊ីរី​Syrie។ នៅ​ក្នុង​ន័យ​នេះ​ដែរ នា​ឱកាស​សន្និសីទ​នៅ​ទីក្រុង​Munich ស្តី​ពី​សន្តិសុខ ក្នុង​ឆ្នាំ​២០០៧ លោក​វ៉្លាឌីមៀរ ពូទីន និយាយ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​អ្វី​ដែល​ហៅ​ថា "ឯកតោ​ភាគី​និយម" ខ្លាំង​ជ្រុល​របស់​សហរដ្ឋ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ រុស្ស៊ី​ជំទាស់​មិន​ឲ្យ​អាមេរិក​ស្រូប​យក​អ៊ុយក្រែន និង​ហ្ស័កហ្ស៊ី ទៅ​ចូល​ជា​សមាជិក​អង្គការ​OTAN។

គឺ​នៅ​ក្នុង​បរិបទ​តាន​តឹង​បែប​នេះ​ហើយ ដែល​សង្គ្រាម​រវាង​រុស្ស៊ី​និង​ហ្ស័កហ្ស៊ីដែល​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​២០០៨​ ត្រូវ​គេ​បក​ស្រាយ​ថា ជា​ការ​ប្រឈម​មុខដាក់​គ្នា​ដោយ​ប្រយោល រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក។

ក្រោយ​មក​ទៀត ឌ្មីទ្រី មេដវេដេវ Dmitri Medvedev ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ខែ​មីនា​ឆ្នាំ​២០០៨​ដោយសារ​តែ​ អន្តរាគមន៍​និង​ការ​គាំទ្រ​របស់ ​ពូទីន ដែល​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​ប្រមុខរដ្ឋ​មួយ​អាណត្តិ​បន្ថែម​ទៀត បន្ត​នយោបាយ​របស់​ពូទីន ​ត​ទៅ​ទៀត។ នោះ​គឺ ធ្វើ​ឲ្យ​រុស្ស៊ី​រស់​និង​មាន​កម្លាំង​ខ្លាំង​ឡើង​វិញ។

បី​ខែ​ប៉ុណ្ណោះ​ក្រោយ​ជ័យជំនះ​យោធា​របស់​រុស្ស៊ី​ទៅ​លើ​ហ្ស័កហ្ស៊ី លោក​ប្រធានាធិបតី​ថ្មី មេដវេដេវ ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាមេរិក​ខាង​ត្បូង នៅ​ពេរូ​Pérou វេណេហ្ស៊ុយអេឡា​Venezuela ប្រេស៊ីល​Brésil និង​គុយបា​Cuba។ ជា​លើក​ទី​មួយ​បង្អស់ ក្រោយ​ពី​សង្រ្គាម​ត្រជាក់​បាន​ចប់​ទៅ នាវា​ចម្បាំង​រុស្ស៊ី​ធ្វើ​ចរាចរណ៍​ទៅ​ដល់​សមុទ្រ​ការ៉ាអ៊ីប្ស​Caraïbes។ សមយុទ្ធ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វត្តមាន​របស់​នាវា​ចម្បាំង​អាមេរិក​នៅ​ម្តុំ​ សមុទ្រ​ខ្មៅ ក្នុង​ពេល​ដែល​សង្គ្រាម​រវាង​រុស្ស៊ី​និង​ហ្ស័កហ្ស៊ី​កំពុង​តែ​ប្រព្រឹត្ត​ ទៅ​នៅ​ខែ​សីហា​ឆ្នាំ​២០០៨។

បន្តិច​ម្តងៗ រុស្ស៊ី​ដែល​ស្រណោះស្រណោក​សម័យ​សហភាព​សូវៀត ក៏​មាន​គំនិត​ដូច​ថ្នាក់​ដឹក​នាំ​សម័យ​សហភាព​សូវៀត​ដែរ។ នោះ​គឺ បស្ចិម​លោក​ចង់​ធ្វើ​ឲ្យ​រុស្ស៊ី​ខ្សោយ ចង់​បាន​សម្បត្តិ​ធម្មជាតិ​របស់​រុស្សី ម្ល៉ោះ​ហើយ​រុស្ស៊ី​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​និង​ចេះ​ការពារ​ខ្លួន។

អ៊ីចឹង​ហើយ បាន​ជា​វិមាន​ក្រេមឡាំង បន្ត​ចាត់​ទុក​អង្គការ​OTAN ថា​ជា​សត្រូវ​ធំ។ ជាក់ស្តែង នៅ​ក្នុង​ឯកសារ​ទ្រឹស្តី​យោធា​ថ្មី​របស់​រុស្ស៊ី ចុះ​ហត្ថលេខា​ដោយ​មេដវេដេវ ផ្ទាល់ ទីក្រុង​ម៉ូស្គូ យល់​ឃើញ​ថា អង្គការ​OTAN ជា​សត្រូវ​ទី​មួយ​របស់​ខ្លួន មុន​ការ​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ ឬ​ក៏ភេរវកម្ម​ទៅ​ទៀត។

យ៉ាង​ណា​ក៏​ដោយ ជាមួយ​វិបត្តិ​សកល​តាំង​ពី​ឆ្នាំ​២០០៨​មក សេដ្ឋកិច្ច​របស់​រុស្ស៊ី​ថមថយ​កម្លាំង ជាហេតុ​ធ្វើ​ឲ្យ​ទីក្រុង​Moscou ពិបាកខ្លាំង​ឡើងៗ ក្នុង​ការ​សម្រេច​មហិច្ឆតា​អន្តរជាតិ​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​មហា​អំណាច​ថ្មីថ្មោង ដូច​ជា​ប្រេស៊ីល ចិន និង ឥណ្ឌា​ជា​ដើម រុស្ស៊ី​ជា​ប្រទេស​មួយ​ដែល​មិន​សូវ​មាន​សក្តានុពល។ ប្រជាជន​រុស្ស៊ី​មាន​វ័យ​ចាស់​ទៅៗ និង​មាន​ចំនួន​តិចទៅៗ។ រីឯ​សេដ្ឋកិច្ច​នៃ​ប្រទេស​វិញ ពឹងពាក់​ខ្លាំង​ជ្រុល​ពេក​ទៅ​លើ​តែ​ការ​លក់​ថាមពល ពិសេស​ឧស្ម័ន​និង​ប្រេងកាត។ មិន​តែ​ប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សល់​ពី​សម័យ​សហភាព​សូវៀត កាន់​តែ​ចាស់​ខូច​ខាត​ខ្ទេចខ្ទី និង​ស្ទើរ​តែ​មិន​ដែល​ទទួល​ការ​ជួសជុល​សោះ​ឡើយ៕

                                     

1. តើ​រុស្ស៊ី​ក្លាយ​ជា​មហា​អំណាច​ពិភពលោក​ហើយ​ឬ​នៅ?​

១០​ឆ្នាំ​ក្រោយ​មក តើ​រុស្ស៊ី​ក្លាយ​ជា​មហា​អំណាច​ពិភពលោក​ហើយ​ឬ​នៅ?

នៅ​ឆ្នាំ ២០១០​នេះ តើ​ប្រទេស​រុស៊្សី​ក្លាយ​ជា​មហា​អំណាច​ពិភពលោក ដូច​សម័យ​សហភាពសូវៀត​វិញ​ហើយ​ឬ​នៅ ស្រប​ទៅ​តាម​មហិច្ឆតា​របស់ ពូទីន និង​មេដវេដេវ? ពូទីន​ដែល​បច្ចុប្បន្ន ជា​នាយក​រដ្ឋមន្ត្រី​និង​ដែល​តាម​ពិត​ជា​បុរស​ខ្លាំង ខ្លាំង​ជាង​ប្រមុខរដ្ឋ មេដវេដេវ​ទៅ​ទៀត ជា​អ្នក​ប្រាកដនិយម។ ពូទីន មិន​ដែល​សង្ឃឹម​ថា រុស្ស៊ី​នឹង​អាច​ក្លាយ​ជា​ចក្រភព​មួយ​វិញ ដូច​សម័យ​ស្តេច​ត្សារ Tsar ឬ​ដូច​សម័យ​សហភាពសូវៀត​ទេ។ ពូទីន ចង់​បាន​តែ​ម្យ៉ាង នោះ​គឺ ប្រទេស​រុស្ស៊ី​មួយ​រុងរឿង ប្រកប​ទៅ​ដោយ​មហិទ្ធិឫទ្ធិ ដែល​បណ្តា​ប្រទេស​ជិត​ខាង​កោត​ខ្លាច និង​ដែល​មាន​ទឹក​មាត់​ប្រៃ​នៅ​លើ​ឆាក​អន្តរជាតិ។

ជាង ដប់​ឆ្នាំ​ក្រោយ​ពី​គ្រប់គ្រង​រុស្ស៊ី​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី និង​ក្រោយមក​ជា​នាយក​រដ្ឋមន្ត្រី ពូទីន​តែងតែ​អួតអាង​ថា លោក​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថិរភាព​ឡើង​វិញ។ ជា​ការ​ពិត​ណាស់​ដែល​ថា​រុស្ស៊ី​បច្ចុប្បន្ន មាន​ស្ថិរភាព​ជាង​សម័យ​គ្រប់គ្រង​រដ្ឋ​របស់​លោក បូរីស យ៉េលស៊ីន ក៏ប៉ុន្តែ​របប​នយោបាយ​នៅ​ទីក្រុង Moscou ក៏​មាន​លក្ខណៈ​ផ្តាច់ការ​ជាង​មុន​ដែរ។ ពិត​មែន​ហើយ សេរីភាព​សារព័ត៌មាន នៅ​បន្ត​មាន​ត ទៅ​ទៀត​តាម​រយៈ បណ្តាញ​វិទ្យុ​និង Internet ក៏​ប៉ុន្តែ អាជ្ញាធរ​កាន់កាប់​ទូរទស្សន៍ បំបិទ​មាត់​អ្នក​ប្រឆាំង កាត់​បន្ថយ​អំណាច​របស់​រដ្ឋសភា ឃ្លាំ​មើល​រាល់​សកម្មភាព​នយោបាយ និង​ត្រួតត្រា​វិស័យ​សេដ្ឋកិច្ច​ណា​ដែល​មាន​លក្ខណៈ​យុទ្ធសាស្រ្ត។ ក្នុង​គោលដៅ​ពង្រឹង​អំណាច​ផ្តាច់ការ​ដែរ តាមរយៈ​អត្ថបទ​មួយ​ចេញ​ផ្សាយ​ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០០៩ លោក​ប្រធានាធិបតី មេដវេដេវ ពន្យល់​ថា មិនត្រូវ ប្រញាប់​ផ្តល់​សិទ្ធិ​នយោបាយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទេ។

ដូច​គ្នា​អ៊ីចឹង​ដែរ ការ​ដែល ពូទីន​គ្រោង​ត្រឡប់​មក​ក្តាប់​អំណាច​ប្រធានាធិបតី​វិញ មិន​បំផុស​ឲ្យ​មាន​សុទិដ្ឋិនិយម​ទេ ចំពោះ​សេរីភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ជា​គោលការណ៍ ពូទីន​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សាជា​ថ្មី នៅ​ឆ្នាំ ២០១២ ហើយ​នឹង​ត្រូវ​ក្លាយ​ជា​ប្រមុខរដ្ឋ​ប្រទេស​រុស្ស៊ី​វិញ បើ​សិន​ជា​គ្មាន​ការ​ប្រកួត ប្រជែង​ពី​សំណាក់ មេដវេដេវ​នោះទេ។

ដោយឡែក នៅ​ឆ្នាំ ២០១០​នេះ រុស្ស៊ី​ហាក់បី​ដូច​ជា​មាន​អំណាច​ឡើង​វិញ​ហើយ នៅ​លើ​ឆាក​តំបន់ ក្នុង​ដែនដី​អតីត​សហភាព​សូវៀត។ គួរ​និយាយ​រំឭក​ថា បដិវត្តន៍​ផ្កា​កុលាប​នៅ​ហ្ស័កហ្ស៊ី​ឆ្នាំ ២០០២ និង​ក្រោយមក​ទៀត​បដិវត្តន៍​ពណ៌​លឿង​ទុំ​នៅ​អ៊ុយក្រែន​ឆ្នាំ ២០០៤ បាន​នាំ​មក​នូវ​ថ្នាក់​ដឹកនាំ​ថ្មី ដែល​ចេញ​មុខ​ប្រឆាំង​នឹង​រុស្ស៊ី និង​ដែល​បែរ​ទៅ​រក​បស្ចិមលោក។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ រុស្ស៊ី​បាន​ត្រឹម​ខាំ​មាត់​ទប់​កំហឹង និង​បាន​ត្រឹម​យក​ឧស្ម័ន​មក​ធ្វើ​ជា​អាវុធ តាម​រយៈ​ការ​ដំឡើង​តម្លៃ​នៃ​ថាមពល​នេះ និង​តាម​រយៈ​ការ​ឈប់​បង្ហូរ​វា​ទៅ​ចែកចាយ​ឲ្យ​បណ្តា​ប្រទេស​ក្បាល​រឹង​ទាំង​ ពីរ ហ្ស័កហ្ស៊ី និង អ៊ុយក្រែន។

នៅ​ខែ​សីហា​ឆ្នាំ ២០០៨ ស្រាប់តែ​រុស្ស៊ី​សម្រេច​ប្រើ​ធម៌​ក្តៅ ដោយ​ចូល​ធ្វើ​អន្តរាគមន៍​យោធា ក្នុង​ដែនដី អូស្សេទី​ខាង​ត្បូង​ដែល​ជា​តំបន់​អបគមន៍​របស់​ហ្ស័កហ្ស៊ី។ គេ​អាច​និយាយ​ថា តាម​រយៈ​សង្គ្រាម​ប្រឆាំង​នឹង​ហ្ស័កហ្ស៊ី​នៅ​ខែ​សីហា​ឆ្នាំ ២០០៨ ពូទីន​និង​មេដវេដេវ ចង់​បញ្ជូន​សារ​ទៅ​កាន់​បស្ចិមលោក​ផង និង​ទៅ​កាន់​បណ្តា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​ផង។ សារ​ទៅ​កាន់​បស្ចិមលោក គឺ រុស្ស៊ី​ជា​មហា​អំណាច​មួយ​ដែល​ចាត់​ទុក​ទឹកដី​នៃ​អតីត​សហភាពសូវៀត​ថា ជា​ដែន​ប្រមាញ់​របស់​ខ្លួន។ រីឯ​សារ​ទៅ​កាន់​បណ្តា​ប្រទេស​ជិត​ខាង​វិញ គឺ​វិមានក្រេមឡាំង​មិន​អនុញ្ញាត​ជា​ដាច់ខាត ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​រៀម ច្បង​រុស្ស៊ី ហើយ​បែរ​ទៅ​រក​បស្ចិម​លោក។

រី​ឯ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​វិញ មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​វិញ​ហើយ តាំងពី​ខែ​កុម្ភៈ​ឆ្នាំ ២០១០​នេះ​មក។ មូលហេតុ គឺ​មក​អំពី​រដ្ឋអំណាច​ថ្មី​នៅ​ទីក្រុង Kiev ក្រោម​ការ​ដឹក​នាំ​របស់ Victor Yanoukovitch មាន​ទំនោរ​មក​ខាង​រុស្ស៊ី និង​បាន​សន្យា​ថា​នឹង​មិន​បញ្ចូល​អ៊ុយក្រែន​ឲ្យ​ទៅ​ជា​ប្រទេស​សមាជិក​របស់​ អង្គការ OTAN​ឡើយ។

រី​នៅ​លើ​ឆាក​អន្តរជាតិ​វិញ រុស្ស៊ី​ក៏​កំពុង​មាន​ទឹកមាត់​ប្រៃ​ឡើង​វិញ​ដែរ។ ទម្ងន់​នៃ​ប្រទេស​នេះ​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ក្នុង​គ្រា​ បច្ចុប្បន្ន មិន​ដូច​សម័យ​បូរីស យ៉េលស៊ីន កាល​ពី ១០​ឆ្នាំ​មុន​ឡើយ។ បស្ចិមលោក ទាំង​សហរដ្ឋ​អាមេរិក ទាំង​សហភាព​អឺរ៉ុប មិន​អាច​មាក់​ងាយ​រុស្ស៊ី​ដូច​មុន​បាន​ទៀត​ទេ ហើយ​ក៏​មិន​អាច​បន្ត​មិន​ត្រូវការ​ឲ្យ​រុស្ស៊ី​ជួយ​ដោះ​ស្រាយ​បញ្ហា​ អន្តរជាតិ​ធំៗ បាន​ទៀត​ដែរ។

ក្នុង​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ស្តែង​ឲ្យ​ពិភពលោក ឃើញ​និង​យល់​ឡើង​វិញ​នូវ​លក្ខន្តិកៈ​ជា​មហា​អំណាច​ពិភពលោក​របស់​ប្រទេស​ រុស្ស៊ី។ កិច្ចចរចា​រវាង​ទីក្រុង Washington និង​ទីក្រុង Moscou ស្តីពី​ការ​ប៉ង​កាត់​បន្ថយ​រហូត​ដល់​ទៅ ៨០% នៃ​ស្តុក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​គេ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ថា រុស្ស៊ី​ដែល​មាន​កាំជ្រួច​នុយក្លេអ៊ែរ​ដល់​ទៅ ៥ ២០០​ដើម ជា​មហា​អំណាច​បរមាណូ​ពិភពលោក​ទី​ពីរ នៅ​ពី​ក្រោយ​សហរដ្ឋអាមេរិក។

ដោយ​ឡែក​រដ្ឋការ​លោក​អូបាម៉ា ត្រូវការ​រុស្ស៊ី​នៅ​លើ​ឆាក​អន្តរជាតិ។ អូបាម៉ា ត្រូវការ​ទីក្រុង Moscou ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​ប្រទេស​អៀរ៉ង់ និង​ដើម្បី​ជួយ​បង្កើត​ឲ្យ​មាន​ស្ថិរភាព​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ អាហ្វហ្កានីស្តង់​ដែល​នៅ​ជាប់​នឹង​ប្រទេស​រុស្ស៊ី។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​អូបាម៉ា សម្រេច​បោះបង់​ចោល​ផែនការ​របស់​រដ្ឋការ​ប៊ូស នោះ​គឺ​ការ​ដាក់​រាយ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល នៅ ​ប៉ូឡូញ និង​នៅ សាធារណរដ្ឋ​ឆែក។

យ៉ាងណាមិញ ចំណុច​ខ្សោយ​របស់​រុស្ស៊ី​ក្នុង​នាម​ជា​មហា​អំណាច​ពិភពលោក​គឺ​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ច។ ចំនួន​ប្រជាជន​រុស្ស៊ី​បាន​ផ្តើម​ធ្លាក់​ថយ​ចុះ តាំង​ពី​ទសវត្សរ៍​ទី ៦០​មក​ម្ល៉េះ។ សព្វថ្ងៃ​នេះ ទោះបីជា​ជនជាតិ​រុស្ស៊ី​ភាគ​ច្រើន​បាន​ត្រឡប់ពី​បណ្តា​អតីត​សាធារណរដ្ឋ​ សហភាពសូវៀត ក្រោយពី​រដ្ឋ​ទាំង​អស់​នេះ​បាន​ទទួល​ឯករាជ្យ​រួច​មក​ក៏ដោយ ក៏​ចំនួន​នៃ​ប្រជាជន​រុស្ស៊ី​បាន​និង​កំពុង​បន្ត​ថយ​ចុះ គួឲ្យ​ព្រួយ​បារម្ភ។ មូលហេតុ​គឺ​មក​អំពី​ជា​ទូទៅ ស្ត្រី​រុស្ស៊ី​ដែល​ពេញ​វ័យ​មិន​ព្រម​បង្កើត​កូន។ មិន​តែ​ប៉ុណ្ណោះ បុរស​រុស្ស៊ី​មាន​អាយុ​ខ្លី ជា​មធ្យមភាគ គឺ​រស់​បាន​យ៉ាង​យូរ​៥៦​ឆ្នាំ​សម្រាប់អ្នក​ស្រុក​ស្រែ​ចម្ការ និង ៦៥​ឆ្នាំ សម្រាប់​អ្នក​ទីក្រុង។ ម្ល៉ោះហើយ មិន​យូរ​មិន​ឆាប់ រុស្ស៊ី​នឹង​ត្រូវ​ខ្វះ​កម្លាំង​ពលកម្ម។

ដោយឡែក សេដ្ឋកិច្ច​នៃ​ប្រទេស​រុស្ស៊ី​មិន​មាន​ថាមពល​ខ្លាំង​ដូច​បណ្តា​ប្រទេស​មាឌ​ ធំ​ដទៃ​នៅ​ក្នុង​លោក​ទេ។ ជាក់ស្តែង រុស្ស៊ី​វិញ​មិនមែន​ជា​ប្រទេស​ដែល​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ខ្លាំង​លើស​ដើម ដូច​ប្រទេស​ចិន ឥណ្ឌា​និង​ប្រេស៊ីល​ឯណា។ មូលហេតុ គឺ​មកពី​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ នៅ​តែ​បន្ត​ពឹង​ផ្អែក​ទៅ​លើ​ការ​លក់​ថាមពល​ចេញ​ទៅ​ក្រៅ​ប្រទេស ជា​អាទិ៍​ប្រេងកាត​និង​ឧស្ម័ន។ ហើយ​ដោយហេតុតែ​វិបត្តិ​សេដ្ឋកិច្ច សព្វថ្ងៃ​នេះ តម្លៃ​ប្រេងកាត​ធ្លាក់​ចុះ​ខ្លាំង នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ម្ល៉ោះហើយ​ប្រាក់​ចំណូល​របស់​រុស្ស៊ី​ក៏​ត្រូវ​ថយ​ចុះ​ដែរ។ ក្រោម​អាណត្តិ​ប្រធានាធិបតី​របស់​ពូទីនPoutine កំណើន​សេដ្ឋកិច្ច​របស់​រុស្ស៊ី បាន​កើន​ដល់​ទៅ ៦​ឬ ៧​ភាគ​រយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ក៏ប៉ុន្តែ ថ្នាក់​ដឹកនាំ​រុស្ស៊ី​មិន​បាន​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​ជួសជុល​ឬ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ដើម្បី​ធ្វើ​នវូបនីយកម្ម​ទៅ​លើ​វិស័យ​ឧស្សហកម្ម​ឡើយ។ និយាយ​បែប​ផ្សេង ថ្នាក់​ដឹកនាំ​រុស្ស៊ី​មិន​ចេះ​អភិវឌ្ឍ​ប្រទេស បន្ត​ទ្រមក់​មិន​ចេះ​រួសរាន់​និង​នៅ​តែ​អាង​លើ​រ៉ែ​ប្រេងកាត​និង​រ៉ែ​ឧស្ម័ន ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ខ្លួន៕

                                     
  • នយ ប យ ន ង មន គមវ ជ ជ រវ ង សហភ ព អ រ ប ន ង រ ស ស រ ស ស ម ន ភ ល ច ទ ថ ន សម យ សង គ រ ម ត រជ ក អ រ ប ខ ងល ច ជ សត រ វ របស ខ ល ន រ ស ស
  • ប រទ ស រ ស ស ភ ស រ ស ស Россия ម ន ឈ ម ជ ផ ល វក រថ សហព ន ធ រ ស ស គ ជ ប រទ ស ម យ ដ លល តសន ធ ងព ភ ម ភ គអ រ បខ ងក តមកដល ត បន អ ស ខ ងជ ង រ ស ស
  • យក ច ត ត ទ ក ដ ក ទ ល ប រទ ស រ ស ស ដ រ ព ព រ ស ថ រភ ព នយ ប យ ប រជ ធ បត យ យ ន ង ស ដ ឋក ច ច របស ប រទ ស រ ស ស ជ កត ត ច ប ច សម រ ប ស ថ រភ
  • Continent អ ច ត ណ ង ឲ យ ក រ ប កច ក ភ ព ខ សគ ន ន វ វប បធម ន ង នយ ប យ ឬក លក ខណ រ ប ភ ម ស ស ត រ ម យ អ រ ប គ ជ ទ វ ប ត ចជ ងគ ទ បន ទ ប ព អ ស អ ន
  • គ ក រ ប រ ប រ ល ស ថ នភ ព នយ ប យ ន អ ម រ ក ន ង ក រ ប រ ប រ ល ខ ល ង ន បរ បទ ភ ម ស ស ត រ នយ ប យ ន ក ន ង ព ភពល ក ន ហ យ
  • រ ស ស សសសស រ ស ស ភ ស រ ស ស Российская Советская Федеративная Социалистическая Республика ឬត រ វប នគ ស គ ល ជ ទ ទ ថ ស ធ រណរដ ឋស វ ត រ ស ស ឬ
  • ត រ វ ប ន សន មត ថ ជ ប រទ ស ម យ ម ន ភ ម ស ស ត រ ស ថ តន អ ស ខ ងល ច ប ន ត ប រទ ស ម ន ប រវត ត ស ស ត រ ន ង សង គម នយ ប យ ជ ម យ អ រ ប អ ហ ស ប ហ សង
  • សង គ រ មត រជ ក ត រ វ ប ន ប រ ជ ល កដ ប ង ដ ម ប អធ ប ប យ អ ព ភ ពត នត ង ផ ន ក ភ ម ស ស ត រ នយ ប យ រវ ង សហរដ ឋអ ម រ ក ន ង សហភ ព ស វ ត ដ ល ត រ វ ប ន សន មត ដ យ ល ក ប រណ រដ
  • ម ន សមត ថភ ព គ រប គ រ ន ដ រ ឬ ទ ដ ម ប ប រឈមម ខ ន ង សណ ត ប ធ ន ប ថ ម ន ភ ម ស ស រ ត នយ ប យ ព ភពល ក សព វ ថ ង ន ខ វ ច ឆ ក ឆ ន
  • រ ស ស ម យភ គធ ត រ វស ថ តន ក ន ងទ វ បអ ស ម នប ន ត ជ ទ ទ គ ប នច ត ទ ក រ ស ស ជ ផ ន កម យន អ រ បដ យស រត វ ម នប រវត ត ស ស ត រ វប បធម ជនជ ត ន ង នយ ប យ
  • ក ច ចចរច ដ ល ម ន លក ខណ ជ សកល ន អ ច ផ ត ម ប រព រ ត ត ទ ប ន ក ដ យស រ ត បរ បទ ភ ម ស ស ត រ នយ ប យ អន តរជ ត ប ន ប រ ប រ ល ដ រ ក ល ណ ព ភពល ក ទ ង ម ល ក ព ង ត ឈ

Users also searched:

...
...
...